ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​កាត់​ដេរ៖ ភាព​ធ្ងន់ធ្ងរ​នៃ​មេរោគ​កូរ៉ូណាវីរុស​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា


រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ក្នុង​រោងចក្រ​មួយ​ស្ថិត​នៅ​ក្រៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ​២០១៧។
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ក្នុង​រោងចក្រ​មួយ​ស្ថិត​នៅ​ក្រៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ​២០១៧។

ខណៈ​មាន​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​នៅ​ប្រទេស​ចិន សមាគម​រោងចក្រកាត់​ដេរ​នៅ​កម្ពុជា​ព្រួយបារម្ភ​ពី​កង្វះ​ការផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ពី​ចិន​សម្រាប់​វិស័យ​វាយនភណ្ឌ​នៅ​កម្ពុជា។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC) បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ផ្អាក​ការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន ដោយសារតែ​ការផ្ទុះ​វីរុស​កូរ៉ូណា ដែល​ការណ៍​នេះ​នឹង​ប៉ះពាល់​ដល់សង្វាក់​ផលិត​កម្ម​នៅ​កម្ពុជា។

លោក ខេន លូ ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ថ្លែង​ប្រាប់ VOA នៅ​ថ្ងៃ​ច័ន្ទថា វត្ថុធាតុ​ដើម​ផ្គត់ផ្គង់​សម្រាប់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្រមាណ៦០​% ត្រូវ​បាន​នាំ​ចូលពី​ប្រទេស​ចិន។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ រោង​ចក្រ​មួយ​ចំនួន​នៅ​ប្រទេស​ចិន បាន​ផ្អាក​ការ​នាំ​ចេញ​ទៅ​កាន់កម្ពុជា ហើយ​ប្រសិន​បើ​ការ​ផ្អាក​នៅ​តែ​អូស​បន្លាយ វា​នឹង​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​បាន​បញ្ជា​ឲ្យ​បិទ​រោងចក្រ​មួយ​ចំនួននៅ​ប្រទេស​ចិន ហើយ​លោក​មិនដឹង​ថា ពេល​ណា​រោងចក្រ​ទាំង​នោះ មាន​ដំណើរការ​ឡើង​វិញ​ទេ។

លោក​ថ្លែង​ថា៖ «អញ្ចឹង​យើង​បារម្ភ​ថា ប្រសិន​បើ​មាន​ការ​បន្ត​ផ្អាក។ ត​ទៅឧទាហរណ៍​ថា ចុង​ខែ​ពីរ(ខែ​កុម្ភៈ) អញ្ចឹង​យើង​អាច​ជួប​ផល​លំបាក​បន្តិច។ ចង់​និយាយ​ថា ចូល​ខែ​បី (មីនា) អាច​រោងចក្រ​ខ្លះ​មួយ​ចំនួន​អត់​មាន​វត្ថុ​ធាតុ​ដើម​ផលិត​ទេ»។

បើ​តាម​លោក ខេន លូ នា​ពេល​បច្ចុប្បន្ន​វត្ថុធាតុ​ដើម​ប្រើប្រាស់​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ដែល​ភាគ​ច្រើន​ជា​ក្រណាត់ អាច​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​យូរ​៣​សប្តាហ៍​តែ​ប៉ុណ្ណោះ។

លោក​ ហេង​ សួរ​ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា ក្រសួង​កំពុង​ធ្វើ​ការ​ជាមួយ​ម្ចាស់​រោងចក្រ​និង​ពិនិត្យ​ឃើញ​ថាវត្ថុធាតុ​ដើម​ក្នុង​ស្តុក​របស់​រោងចក្រ​ទាំង​អស់ អាច​ប្រើប្រាស់​បាន​នៅ​ត្រឹម​ពាក់​កណ្តាល​ខែមីនា។

លោក​បន្ត​ថា ក្រសួង​ក៏​នឹង​ធ្វើ​ការ​ជាមួយ​អ្នក​បញ្ជា​ទិញ ដើម្បី​រក​មើល​វត្ថុ​ធាតុ​ដើម​ផ្សេង​ទៀត មក​បំពេញ​សង្វាក់​ផលិត​កម្ម។

ស្ត្រី​ម្នាក់​ពាក់ម៉ាស​កំពុង​ដើរ​រក​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ប្រទេស​ចិន ដែល​មីកំប៉ុង​និង​ម្ហូប​កំប៉ុង​កំពុង​តែ​ដាច់ស្ដុក​ដោយសារ​តែ​ការ​ផ្ទុះ​កូរ៉ូណាវីរុស​ថ្មី។
ស្ត្រី​ម្នាក់​ពាក់ម៉ាស​កំពុង​ដើរ​រក​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ប្រទេស​ចិន ដែល​មីកំប៉ុង​និង​ម្ហូប​កំប៉ុង​កំពុង​តែ​ដាច់ស្ដុក​ដោយសារ​តែ​ការ​ផ្ទុះ​កូរ៉ូណាវីរុស​ថ្មី។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ក៏​បន្ត​តាម​ដាន​ចំពោះ​ករណី​នេះ ហើយ​ករណី​នេះ​វា​មិនមែន​ជា​រឿង​ដោយ​ឡែក​សម្រាប់​កម្ពុជា។ បច្ចុប្បន្ន​នេះ​ខ្សែ​សង្វាក់​ផលិតកម្ម​នៅ​អាស៊ី​ឬ​ក៏​ស្ទើរ​និយាយ​បាន​ថា ជុំវិញ​ពិភពលោក​នេះ គឺ​កំពុង​ជួបប្រទះ​នូវ​ការ​ខ្វះខាត​ឬអាក់​ខាន​វត្ថុ​ធាតុ​ដើម ឬ​ក៏​ផលិតផល​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន»។

លោក ហេង សួរ បានបន្ថែម​ថា៖ «ហើយ​យើង​ក៏​សហការ​ជាមួយ​ប្រភព​នានា​ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​អន្តរាគមន៍​ក៏​ដូចជា សម្រប​សម្រួល​ធ្វើ​ម៉េច​ឲ្យ​វត្ថុធាតុ​ដើម​នេះ​ឲ្យ​មក​គោលដៅ​នៃ​រោងចក្រ​ឲ្យ​បាន​លឿន​ប្រសិន​បើ​សង្វាក់​ផលិត​កម្ម​នៅ​ប្រទេស​ចិន គាត់​បាន​ដំណើរ​ការ​វិញ នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ»។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ផង​ដែរ​ចំពោះ​ផល​វិបាក​ទៅ​លើ​ការងាររបស់​កម្មករ​ប្រសិន​បើ​មាន​ការ​ផ្អាក​ផលិតកម្ម។

អ្នក​ស្រី​បាន​ថ្លែង​ថា៖ «ដោយសារ​ប្រទេស​កម្ពុជា​យើង យើង​បាន​ដឹង​ស្រាប់​ហើយ​ថា មិន​មែន​វត្ថុធាតុ​ដើម​ផ្សេងៗ​សុទ្ធ​តែ​យើង​យក​មក​ពី​ប្រភព​បណ្តា​ប្រទេស​ផ្សេងៗ។ យើង​មិន​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​របស់​យើង​ទេ។ ហើយ​បើ​សិន​ណា​មាន​បញ្ហា​ដូច​ដែល​បាន​កើត​ឡើង​អញ្ចឹង​មែន ខ្ញុំ​គិត​ថា​វា​ជា​ចំណុច​មួយ​នៅ​ក្នុង​ការ​ព្រួយ​បារម្ភ​សម្រាប់​បរិបទ​ការងារ​សម្រាប់​កម្មករ​ក្នុង​វិស័យកាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ផងដែរ»។

សម្រាប់​វិស័យ​កាត់ដេរ​និង​ស្បែកជើង ប្រទេស​កម្ពុជា​មាន​រោង​ចក្រ​ប្រមាណ​១ពាន់​ដែល​មាន​កម្មករ​ធ្វើការ​ប្រហែល​៨០​ម៉ឺន​នាក់។ សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​ដ៏​ធំ​នៃ​ការ​នាំចេញ​ក្នុង​វិស័យ​នេះ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ច័ន្ទ មាន​មនុស្ស​ជាង​៩០០នាក់ នៅ​ក្នុង​ប្រទេស​ចិនបាន​ស្លាប់​ដោយ​សារមេរោគ​កូរ៉ូណាវីរុស​ថ្មីនេះ។ មនុស្ស​ជាង​៤ម៉ឺន​នាក់​ទៀត​បានឆ្លង​វីរុស​នេះ ដែល​ផ្ទុះ​នៅ​ទីក្រុង​វូហាន​នៃ​ខេត្ត​ហ៊ុយបេ​ប្រទេស​ចិន និង​បាន​រីករាល​ដាល​ដល់​ជិត​៣០​ប្រទេស។​ចំនួន​មនុស្ស​ស្លាប់​បន្ត​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

XS
SM
MD
LG