សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានស្នើឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិនានា កុំយកបញ្ហានយោបាយនៅក្នុងប្រទេសនេះមកបង្កភាពច្របូកច្របល់ដល់ឧស្សាហកម្មកាត់ដេរ ដែលនឹងនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដល់ជីវភាពរស់នៅរបស់កម្មករយ៉ាងហោចណាស់ជាង ៧០ម៉ឺននាក់ ដែលកំពុងធ្វើការក្នុងវិស័យនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ GMAC ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ GMAC ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា អង្គការសហប្រជាជាតិ ស្ថានទូតបរទេសនានា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អ្នកបញ្ជាទិញ និងអ្នកពាក់ព័ន្ធផ្សេងទៀត មិនគួរប្រែក្លាយស្ថានភាពនយោបាយបច្ចុប្បន្នឲ្យទៅជាសកម្មភាពផ្សេងៗ ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការផលិតប្រចាំថ្ងៃ និងខ្សែសង្វាក់នៃការផ្គត់ផ្គង់នៅក្នុងឧស្សាហកម្មនេះ។
GMAC បានបញ្ជាក់ឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនតាមន័យដើមថា៖
«យើងសូមរក្សាប្រតិបត្តិការដែលរលូននៃរោងចក្រជាសមាជិករបស់ពួកយើងចំនួន៦០០រោងចក្រ ដែលបានផ្គត់ផ្គង់ខាងសេដ្ឋកិច្ចដល់កម្មករជាង ៧០ម៉ឺននាក់ ហើយនិងប្រជាពលរដ្ឋជាង ២លាននាក់ទៀត ដែលជាសមាជិកគ្រួសាររបស់ពួកគេ។ រាល់និយោជក និងនិយោជិត ព្រមទាំងសហជីពពាណិជ្ជកម្ម បានកំពុងធ្វើការតាមធម្មតា និងដោយសុខសាន្ត ដើម្បីគាំទ្រពួកគេ និងសេដ្ឋកិច្ចប្រទេសកម្ពុជា។ កិច្ចអភិវឌ្ឍរបស់ពួកយើងរហូតមកដល់ពេលនេះ បានស្រោចស្រង់ប្រជាពលរដ្ឋរាប់លាននាក់ឲ្យចេញផុតពីភាពក្រីក្រ។ កិច្ចអភិវឌ្ឍន៍បន្ថែមទៀតត្រូវតែមានជាចាំបាច់ ដើម្បីជួយអ្នកផ្សេងទៀត ដែលនៅក្រ»។
GMAC បានថ្លែងបន្តក្នុងន័យដើមថា៖
«GMAC សូមអំពាវនាវទៅដល់អ្នកទិញទំនិញអន្តរជាតិទាំងឡាយបន្តជួយគាំទ្រប្រទេសកម្ពុជា និងរោងចក្រសមាជិករបស់ពួកយើងទាំងអស់ ដើម្បីធ្វើឲ្យគោលដៅសេដ្ឋកិច្ចរបស់យើងបានសម្រេច ដែលគោលដៅនោះ គឺសុខុមាលភាពល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាទាំងអស់»។
ការស្នើរបស់ GMAC កើតមានឡើង ក្រោយការអំពាវនាវរបស់ក្រុមសហជីពមួយចំនួន ដែលបានស្នើឲ្យសហភាពអឺរ៉ុបកុំដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ សេចក្តីអំពាវនាវរបស់អ្នកការពារសិទ្ធិកម្មករ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានចេញសេចក្តីសម្រេចកាលពីពាក់កណ្តាលខែវិច្ឆិការំលាយគណបក្សសង្គ្រោះជាតិ។ ការរំលាយបក្សជំទាស់សង្គ្រោះជាតិ ដែលទទួលការគាំទ្រពីម្ចាស់ឆ្នោតជាង៤០ភាគរយក្នុងការបោះឆ្នោតកន្លងមក បានធ្វើឱ្យមានប្រតិកម្មធ្ងន់ៗពីសំណាក់សហគមន៍អន្តរជាតិ រួមទាំងការព្រមានដាក់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចផងដែរ។
លោក ខេន លូ (Ken Loo) អគ្គលេខាធិការរបស់ GMAC បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា ម្ចាស់រោងចក្រមិនបារម្ភខ្លាំង ចំពោះវិធានការសេដ្ឋកិច្ចណាមួយ ដែលអាចធ្វើឡើង ដោយសហគមន៍អន្តរជាតិដែលប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យនោះទេ តែម្ចាស់រោងចក្រគ្រាន់តែលើកឡើងពីការបង្ការអំពីហានិភ័យនៅពេលខាងមុខ។
«យើងធ្វើអា preventive [ការបង្ការ] មែនៗ ថា យើងបារម្ភខ្លាំង ឬក៏យ៉ាងម៉េចទេ ប៉ុន្តែឃើញអាសហជីព វាចេញលិខិតដែរ អីចឹងយើង ក្នុងនាមសមាគម យើងគិតថា យើងក៏ត្រូវយកចិត្តទុកដាក់ណ៎ា ហើយចេញ statement [សេចក្តីថ្លែងការណ៍] មួយ ដើម្បីប្រាប់ទៅភ្ញៀវ ប្រាប់ទៅ ប្រាប់ទៅអ្នកទិញ ហើយយើងយកចិត្តទុកដាក់ យើងមើលបញ្ហាហ្នឹងដែរ ណ៎ា»។
លោក ខេន លូ បានបញ្ជាក់ឲ្យដឹងបន្ថែមថា រហូតមកដល់ពេលនេះ មិនមានសញ្ញាណនៃការថមថយសម្រាប់ ការបញ្ជាទិញនោះទេ។ លោកនិយាយថា អ្នកបញ្ជាទិញតែងតែសួរនាំអំពីការវិវត្តនៃស្ថានការណ៍នយោបាយនៅកម្ពុជា។
«អត់មានថា ថយទេ ប៉ុន្តែមានអ្នកបញ្ជាទិញ គាត់ទាក់ទងមកសួរ សួរថា យើងយល់ឃើញយ៉ាងម៉េច ហើយហ្នឹងហើយ។ គ្រាន់តែ គ្រាន់តែមានអ្នកបញ្ជាទិញដែលមកសួរទេ អត់មានថា ឃើញថយ ឬក៏កាត់បន្ថយ order ពីស្រុកខ្មែរ មិនទាន់ទេ»។
កាលពីថ្ងៃពុធ ក្រុមមេដឹកនាំសហជីពចំនួនប្រាំនៅក្នុងប្រទេសកម្ពុជា បានស្នើឲ្យសហភាពអឺរ៉ុបបែងចែកឲ្យដាច់ពីដំណើរការនយោបាយ និងពាណិជ្ជកម្មនៅក្នុងប្រទេសនេះ ដើម្បីបញ្ចៀសការដាក់គំនាបខាងហិរញ្ញវត្ថុនានា ដែលអាចបង្កផលប៉ះពាល់ជាអវិជ្ជមានដល់កម្មករខ្មែររាប់សែននាក់ ដែលកំពុងទាញបានផលប្រយោជន៍ពីឧស្សាហកម្មកាត់ដេរ។
ក្រុមសហជីពបានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនផ្ញើទៅស្ថានទូតសហភាពអឺរ៉ុប កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ ថា កម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយក្នុងនោះ សហគមន៍អឺរ៉ុប គឺជាបណ្តុំនៃប្រទេសជាច្រើន ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសនេះ។ បច្ចុប្បន្ននេះ វិស័យកាត់ដេរ និងស្បែកជើង គឺជាវិស័យមួយដ៏សំខាន់ ដែលបានជំរុញឲ្យមានកំណើនខាងសេដ្ឋកិច្ច និងផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋខ្មែរប្រមាណជា ៨០ម៉ឺននាក់។ ផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងប្រមាណជា ៨០ភាគរយ ត្រូវបាននាំចូលទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះនាំចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ចន្លោះពី៤០ភាគរយ ទៅ ៥០ភាគរយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងនាមជាពលរដ្ឋមួយរូបថា សហគមន៍អន្តរជាតិ រួមមានអាមេរិក និងសហភាពអឺរ៉ុប នឹងមិនយកបញ្ហានយោបាយ មកធ្វើបាបកម្មករ និងពលរដ្ឋខ្មែរចំនួន១៥លាននាក់នោះឡើយ។
អ្នកនាំពាក្យរូបនេះថ្លែងប្រាប់ VOA តាមទូរស័ព្ទថា៖
«ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ខ្ញុំយល់ថា គួរតែប្រទេសធំៗ ប្រទេសដែលមានទំនាក់ទំនងជាមួយគ្នាល្អតាំងពីដើមមកហើយ គួរតែពិនិត្យពិចារណា កុំយកគេហៅថា មេបក្សប្រឆាំងមួយ ឬក្រុមបក្សប្រឆាំងមួយមកធ្វើឲ្យប្រជាពលរដ្ឋ ១៥លាននាក់ជាចំណាប់ខ្មាំង ដោះដូរផលប្រយោជន៍ប្រជាជនទូទាំងប្រទេសជាមួយនឹងមនុស្សម្នាក់ ពីរនាក់អាហ្នឹងវាអត់ត្រឹមត្រូវបាទ»។
ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហភាពអឺរ៉ុបក្នុងទឹកប្រាក់ ៤,៥៥៥លានដុល្លារ និងនាំចូលទំនិញពីសហភាពអឺរ៉ុបក្នុងទឹកប្រាក់ ៦៤៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៦។ ប្រទេសកម្ពុជាក៏បានចេញទំនិញទៅសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ២,៨១៤ លានដុល្លារអាមេរិក និងនាំចូលទំនិញពីសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ២៨៥ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុបនិងការិយាល័យស្ថិតិរបស់អាមេរិក។
ភ្លាមៗក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ស្ថានបេសកកម្មការទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានហៅការសម្រេចនោះ ថាជាជំហានមួយដ៏សំខាន់ នៃការនាំប្រទេសកម្ពុជាឲ្យឃ្លាតឆ្ងាយពីប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានដាក់តម្កល់ក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រពីដៃគូអន្តរជាតិរបស់កម្ពុជា រួមទាំងសហភាពអឺរ៉ុបជាងពីរទសវត្សរ៍មកនេះ។
សហភាពអឺរ៉ុបបានបញ្ជាក់ឲ្យដឹងតាមសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ថា ការរំលាយគណបក្សសង្គ្រោះជាតិ នឹងប៉ះពាល់ដល់ភាពស្របច្បាប់នៃដំណើរការបោះឆ្នោតមួយ។
សហភាពអឺរ៉ុបបានថ្លែងថា៖
«ដំណើរការបោះឆ្នោតមួយនឹងមិនមានភាពស្របច្បាប់ នៅពេលដែលគណបក្សប្រឆាំងសំខាន់មួយមិនត្រូវបានរាប់បញ្ចូល។ ការរំលាយគណបក្សប្រឆាំងដែលមានលក្ខណៈចាប់បង្ខំ បានដកហូតយ៉ាងមានប្រសិទ្ធភាព នូវសិទ្ធិរបស់អ្នកដែលបានផ្តល់ការគំាទ្ររបស់ពួកគេទៅលើគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតឆ្នាំ ២០១៣ និងឆ្នាំ ២០១៧។ ស្ថានភាពមួយដែលនឹងអនុញ្ញាតឲ្យរាល់គណបក្សនយោបាយរួមទាំងគណបក្សសង្គ្រោះជាតិ និងមេដឹកនាំ ក៏ដូចជា អ្នកគាំទ្ររបស់គណបក្សនេះបានអនុវត្តមុខងារស្របច្បាប់របស់ពួកគេបានបន្តទៀត ត្រូវតែស្តារឡើងវិញឲ្យបានជាបន្ទាន់»។
សហភាពអឺរ៉ុបក៏បានព្រមានថា ប្រសិនបើកម្ពុជាចង់ទទួលបានផលប្រយោជន៍ពីកម្មវិធីពាណិជ្ជកម្មរបស់ខ្លួន តាមកម្មវិធីមួយដែលគេដឹងថា «អ្វីៗទាំងអស់លើកលែងតែអាវុធ» (Everything But Arms) នោះ ប្រទេសនេះ ត្រូវតែធានាឲ្យបាននូវការគោរពសិទ្ធិមនុស្ស។
មន្ត្រីនាំពាក្យនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបដិសេធមិនផ្តល់ការអធិប្បាយអំពីចំណាត់ការខាងសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិកអាចនឹងធ្វើឡើងនៅពេលខាងមុខ។ យ៉ាងណាមិញ សេតវិមានរបស់ប្រធានាធិបតីអាមេរិកបានប្រតិកម្មខ្លាំងៗ ដោយប្រកាសផ្តាច់ការគាំទ្រខាងថវិកាដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ VOA លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងពិនិត្យឡើងវិញ ចំពោះក្រុមប្រទេសដែលស្ថិតក្នុងបញ្ជី GSP (Generalized System of Preferences) ទូទាំងពិភពលោករួមទាំងក្រុមប្រទេសនៅអាស៊ី។ លោក Heidt ថា តាមចំណាត់ថ្មីរបស់ប្រធានាធិបតី Donald Trump នឹងមានការសើរើ ហើយដាក់ចំណាត់ថ្នាក់ក្រុមប្រទេស ដែលទទួលបាន GSP ឡើងវិញ ដោយផ្អែកទៅលើការគោរពសិទ្ធិកម្មករ និងការការពារកម្មសិទ្ធិបញ្ញា។
GSP គឺជាកម្មវិធីអនុគ្រោះពាណិជ្ជកម្ម ដែលមានអាយុកាល ៤០ឆ្នាំមកហើយ ហើយនៅក្រោមកម្មវិធីនេះគ្មានការយកពន្ធលើទំនិញជាច្រើនដែលចេញពីប្រទេសកំពុងអភិវឌ្ឍន៍ចូលទៅស.រ.អា.និងផលិតផលបន្ថែមទៀតពីប្រទេសអភិវឌ្ឍន៍តិចតួច ហៅកាត់ថា LDBDCs។
ប្រទេសស៊ុយអែត ដែលជាម្ចាស់ជំនួយធំទីបួនរបស់កម្ពុជា ក៏ប្រកាសផ្តាច់ជំនួយសម្រាប់កំណែទម្រង់វិមជ្ឈការ។ កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា លោក ឆៀរី ម៉ាធូ (Theirry Mathou) ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានីនៃក្រសួងការបរទេសបារាំង បានបញ្ជាក់ឲ្យដឹងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត បារាំងប្រចាំកម្ពុជាថា ការរំលាយគណបក្សប្រឆាំងធំជាងគេ ការចាប់ខ្លួន និងការឃុំខ្លួនមេដឹកនាំ គណបក្សនេះ រួមទាំងការហាមឃាត់សមាជិកគណបក្សចំនួន ១១៨រូប ធ្វើនយោបាយក្នុងអំឡុង ពេល៥ឆ្នាំ បានចោទជាបញ្ហា ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕