អ្នកបោះឆ្នោតនៅចក្រភពអង់គ្លេសបានចេញទៅបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការបោះឆ្នោតទូទៅមួយដែលប្រហែលជានឹងនាំមកនូវដំណោះស្រាយដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ពាក់ព័ន្ធនឹងការចាកចេញរបស់អង់គ្លេសពីសហភាពអ៊ឺរ៉ុប ឬ Brexit ដែលពួកគេបានអនុម័តនៅក្នុងការធ្វើប្រជាមតិមួយកាលពីឆ្នាំ២០១៦។
យុទ្ធនាការរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Boris Johnson គឺ ផ្តោតលើកិច្ចប្រឹងប្រែងដែលមានសរសេរពាក្សស្លោកថា «បញ្ចប់ Brexit»។ លោកបានថ្លែងថា ការឈ្នះសំឡេងភាគច្រើនរបស់គណបក្សអភិរក្សនិយមរបស់លោកនៅក្នុងសភានឹងអនុញ្ញាតឲ្យលោកជំរុញទៅមុខដើម្បីទទួលបានកិច្ចព្រមព្រៀងចាកចេញមួយពីសហភាពអ៊ឺរ៉ុប ហើយនិងអាចបញ្ចប់បញ្ហា Brexit បាននៅត្រឹមថ្ងៃទី៣១ខែមករា។
គណបក្សដែលជាគូប្រជែងរបស់លោក Boris Johnson គឺ គណបក្សពលករឬ Labour Party។ មេដឹកនាំគណបក្សពលករលោក Jeremy Corbyn បានថ្លែងថា ប្រសិនបើលោកឈ្នះឆ្នោត នោះចក្រភពអង់គ្លេសនឹងមានការធ្វើប្រជាមតិថ្មីមួយ ដើម្បីប្រមូលមតិរបស់ពលរដ្ឋថាតើពួកគេនៅតែចង់ចាកចេញពីសហភាពអ៊ឺរ៉ុប ឬនៅធ្វើជាសមាជិករបស់ប្លុកមួយនេះដដែរ។
លោក Johnson បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីកាលពីខែកក្កដា បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីលោកស្រី Theresa May បរាជ័យម្តងហើយម្តងទៀតនៅក្នុងកិច្ចប្រឹងប្រែងរបស់លោកស្រីដើម្បីទទួលបានការអនុម័តពីសភាលើកិច្ចព្រមព្រៀងចាកចេញជាមួយសហភាពអ៊ឺរ៉ុប។ នៅអំឡុងពេលកាន់អំណាចលោកស្រី May ក៏បានព្យាយាមផងដែរដើម្បីពង្រឹងជំហរចរចារបស់លោកស្រីលើបញ្ហា Brexit តាមរយៈការអំពាវនាវឲ្យមានការបោះឆ្នោតមុនកាលកំណត់មួយ ប៉ុន្តែសំណើនេះបានប៉ះពាល់ដល់គណបក្សអភិរក្សនិយម។ លទ្ធផលបោះឆ្នោតផ្លូវការត្រូវគេរំពឹងថានឹងចេញនៅព្រឹកថ្ងៃសុក្រស្អែកនេះ៕