ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​ព្រមាន​ថា​បើ​ប្រព័ន្ធ​ថាមពល​រង​ការ​វាយប្រហារ ពលរដ្ឋ​អ៊ុយក្រែន​ច្រើន​ទៀត​អាច​នឹង​ផ្លាស់ទី


ទិដ្ឋភាព​សាលា​មួយ​ដែលត្រូវបានបំផ្លិចបំផ្លាញ​ដោយសារ​ការវាយប្រហារ​ពីរុស្ស៊ីនៅតំបន់ Donetsk កាលពីថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ២០២៤។
ទិដ្ឋភាព​សាលា​មួយ​ដែលត្រូវបានបំផ្លិចបំផ្លាញ​ដោយសារ​ការវាយប្រហារ​ពីរុស្ស៊ីនៅតំបន់ Donetsk កាលពីថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ២០២៤។

ការ​វាយប្រហារ​បន្ថែម​ទៀត​ណាមួយ​ពី​រុស្ស៊ី​លើ​ប្រព័ន្ធ​ថាមពល​របស់​អ៊ុយក្រែន​អាច​នឹង​នាំ​ឱ្យ​មាន​ការ​ផ្លាស់ទី​របស់​ប្រជាពលរដ្ឋ​ទ្រង់ទ្រាយធំ​ថែមទៀត​នៅពេល​រដូវ​រងា​ចូល​មក​ដល់។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​ស្រង់​សម្តី​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ។

លោក Matthias Schmale អ្នក​សម្របសម្រួល​ផ្នែក​មនុស្សធម៌​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​អ៊ុយក្រែន បាន​និយាយ​ថា ពេល​សង្គ្រាម​ឈាន​ចូល​ដល់​រដូវ​រងា​លើក​ទី ៣ នេះ ជន​ស៊ីវិល​គឺ​ងាយ​រងគ្រោះ​ជាង​ពេល​រដូវ​រងា​ផ្សេងទៀត​ក្នុង​អំឡុង​ពេល​សង្គ្រាម​នេះ ដោយសារតែ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​បណ្តាញ​ថាមពល​របស់​អ៊ុយក្រែន​និង​ភាព​នឿយហត់​របស់​ម្ចាស់​ជំនួយ។

លោក Schmale បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថា៖ «កង្វល់​ពិត​គឺ​ថា​បើ​រុស្ស៊ី​ដៅ​លើ​វិស័យ​ថាមពល​ម្តងទៀត នេះ​ជា​ចំណុច​របត់​ហើយ...សម្រាប់​ការ​ផ្លាស់ទី​ទ្រង់ទ្រាយ​ធំ​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស»។

ការ​រត់ភៀសខ្លួន​ច្រើន​ថែមទៀត​នឹង​បង្កើន​ចំនួន​អ្នក​ផ្លាស់ទី​ដោយ​បង្ខំ​ដែល​បច្ចុប្បន្ន​មាន ៣ លាន ៦ សែន​នាក់​ផ្លាស់ទី​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ជាង ៦ លាន​នាក់​ដែល​បាន​ភៀសខ្លួន​ឆ្លងដែន​ដើម្បី​គេច​ចេញពី​សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​ពេល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០២២។

ការ​ផលិត​ថាមពល​របស់​អ៊ុយក្រែន​ផ្ទាល់​ប្រមាណ ៦៥% នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​កាត់ផ្តាច់​ដោយសារ​ការ​វាយប្រហារ​របស់​រុស្ស៊ី។ បរិមាណ​នេះ​ច្រើន​ជាង បើ​ធៀប​នឹង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២២ ឬ​ឆ្នាំ ២០២៣។ នេះ​បើ​យោង​តាម​លោក Schmale៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG