ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិត្រូវបានជ្រើសតាំងជាព្រះប្រធានគណបក្សរាជា និយមហ៊្វុនស៊ីនប៉ិចជាផ្លូវការឡើងវិញក្នុងសមាជបឋមមួយ នៅថ្ងៃច័ន្ទនេះ ក្រោយពេលដែលព្រះអង្គត្រូវគេបណ្តេញចេញដោយបក្សប្រហារកាលពី៩ឆ្នាំមុន។ ការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់គណបក្សនេះគឺដើម្បីចូលរួមប្រកួត ប្រជែងដណ្តើមយកអាសនៈជាមួយនឹងគណបក្សដ៏មានឥទ្ធិពល២គឺគណបក្ស ប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ របស់លោកសម រង្ស៉ី និងលោកកឹម សុខា ក្នុងការបោះឆ្នោតជាតិខាងមុខ ឬក៏ឆ្នាំ២០១៨។
លោកញ៉ឹក ប៊ុនឆៃ ដែលធ្លាប់ធ្វើជាប្រធានប្រតិបត្តិរបស់គណបក្សនេះ ត្រូវជ្រើសតាំងជាអនុប្រធានទី២ ហើយព្រះអង្គម្ចាស់ក្សត្រីនរោត្តមអរុណ រស្មី ដែលធ្លាប់ជាប្រធានគណបក្ស ត្រូវជ្រើសតាំងធ្វើជាអនុប្រធានទី១វិញ ក្នុងសមាជមួយថ្ងៃដែលធ្វើនៅក្នុងរាជធានីភ្នំពេញ ថ្ងៃច័ន្ទនេះ។ សមាជនេះកើតឡើងបន្ទាប់ពីមានសមាជគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលធ្វើកាលពីថ្ងៃអាទិត្យដើម្បីរំលាយខ្លួន ហើយចូលមកគណបក្ស ហ៊្វុនស៊ីនប៉ិចនោះ។
ថ្លែងប្រាប់វីអូអេក្រោយពីសមាជនោះ លោកញ៉ឹក ប៊ុនឆៃបានអះអាងថា បរិយាកាសសមាជមានការអបអរសាទរនិងការរៀបចំរចនាសម្ព័ន្ធថ្មីហើយនឹងការស្វាគមន៍ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិផងដែរ។
«អញ្ចឹងហើយបរិយាកាសមានការសប្បាយរីករាយសម្រាប់អ្នកដែលចូលរួម សមាជជាង២០០០នាក់ ហើយយើងស្តាប់ទៅ មូលដ្ឋានក៏មានការសប្បាយរីក រាយ ដោយសារថា អ្នករាជានិយមហ្នឹងរួបរួមគ្នាទី១។ ទី២ យើងឈប់ធ្វើការវាយ ប្រហារគ្នា ឬក៏ជេរប្រទេចគ្នានៅមូលដ្ឋានហ្នឹងទៀតហើយ។ ពីមុនយើងរាជា និយមដូចគ្នា យើងវាយប្រហារគ្នាទៅវិញទៅមក»។
លោកថ្លែងថា គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចត្រូវការរយៈពេល៣ទៅ៦ខែ ដើម្បីរៀបចំគោលនយោបាយ ស្លាកសញ្ញាថ្មី និងការប្រជុំគណៈកម្មាធិការ នាយកទាំង២៥០នាក់រើសអគ្គលេខាធិការគណបក្ស តែលោកថា ចំណែករចនា សម្ព័ន្ធគណបក្សថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានឯទៀតត្រូវរក្សាទុកដដែល។
គណបក្សហ៊្វុនស៊ីនប៉ិច ដែលបង្កើតឡើងដោយសម្តេចឳព្រះបាទនរោត្តមសីហនុ ហើយដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិធ្លាប់ឈ្នះឆ្នោតដល់ទៅ៥៨អាសនៈលើ១២០អាសនៈនៃរដ្ឋសភាក្នុងការបោះឆ្នោតលើកដំបូងកាលពីឆាំ្ន១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់សម្រាប់ប្រទេសកម្ពុជា ក្រោយសង្គ្រាមរាប់សិបទសវត្សរ៍ ហើយព្រះអង្គត្រូវបានជ្រើសតាំងជាសហនាយករដ្ឋមន្ត្រីទី១។ តែត្រូវបានបណ្តេញចេញពីមុខតំណែងក្នុងអំពើរដ្ឋប្រហារមួយកាលពីឆ្នាំ១៩៩៧។ គណបក្សនេះបានធ្លាក់សំឡេងឆ្នោតក្នុងឆ្នាំ១៩៩៨មកត្រឹម៤៣អាសនៈក្នុងចំណោម១២២អាសនៈ ក្រោយការបាក់បែកខ្ទេចខ្ទាំ។ រួចដល់ការបោះឆ្នោតឆ្នាំ២០០៣ គណបក្សនេះបានឈ្នះសំឡេងឆ្នោតតែត្រឹម២៦អាសនៈប៉ុណ្ណោះ។ ក្នុងពេលដែលមានការបែកបាក់ចុងក្រោយ គណបក្សនេះបានទទួលតែពីរអាសនៈដូចគ្នារវាងគណបក្សរាជានិយមពីរ ដែលបែកបាក់ក្នុងការបោះឆ្នោតឆ្នាំ២០០៨ មុនពេលដែលមិនបានទទួលសំឡេងសោះក្នុងការបោះឆ្នោតឆ្នាំ២០១៣ដែលគេចាត់ទុកថា មានការគៃបន្លំដ៏ធំនោះ។
លោកញ៉ឹក ប៊ុនឆៃបានថ្លែងថា៖
«មកដល់ពេលនេះទាំងអស់គ្នាយល់។ យល់យ៉ាងម៉េច? យល់ថា ការបែកបាក់គឺជាការឈឺចាប់ ហើយខ្លោចផ្សារក្នុងរយៈពេល៨ទៅ៩ឆ្នាំមកនេះ។ អញ្ចឹងហើយ ទាំងអស់គ្ន ាដូចជាមានចិត្តមួយប្តេជ្ញាចិត្តថា នឹងធ្វើការរួបរួមគ្នាក្នុងក្របខណ្ឌអ្នករាជានិយមហ្នឹង ចាប់តាំងពីព្រឹកមិញនេះទៅ ដើម្បីដំណើរការឲ្យបានល្អ»។
លោកញ៉ឹក ប៊ុនឆៃបានអះអាងថា ក្រុមរាជានិយមតាំងចិត្តនឹងធ្វើកិច្ចការដើម្បីទទួលយកជ័យជម្នះក្នុងការប្រកួតប្រជែងក្នុងពេលបោះឆ្នោតខាងមុខ។
មន្ត្រីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាធ្លាប់អះអាងថា គណបក្សហ៊្វុនស៊ីនប៉ិចមិនមែនជាការគម្រាមកំហែងដក់គណបក្សគេទាំងពីរទេ។
ទោះជាមានការអះអាងដូច្នេះក្តី តែបើតាមការអះអាងរបស់លោកពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យ NICFEC ដែលឃ្លាំមើលការវិវត្តន៍នយោបាយកម្ពុជា បានអះអាងថា គណបក្សហ៊្វុនស៊ីនប៉ិចត្រូវការ ធ្វើកិច្ចការខ្លាំងណាស់ដើម្បីឲ្យខ្លួនអាចមានកម្លាំងប្រជែងនឹងគណបក្សទាំងពីរ នេះបាន ក្នុងពេលកម្លាំងរបស់ខ្លួនមានការបែកបាក់គ្នាខ្លាំង ហើយនៅរាយប៉ាយ ទៅហើយនោះ។
«អញ្ចឹងការប្រមូលផ្តុំគ្នាមកវិញនេះគ្រាន់តែជាការបញ្ជាក់នូវសញ្ញាណមួយថា គណបក្សរាជានិយមមិនរលំរលាយទេ គណបក្សរាជានិយមកំពុងតែកៀងគរអ្នក គាំទ្ររបស់ខ្លួនធ្វើដំណើរបន្តទៅទៀត។ អញ្ចឹងកម្លាំងប្រៀបផ្ទឹមជាមួយនឹង គណបក្សទាំងពីរ ខ្ញុំគិតថា ពុំទាន់ជាដៃគូរនៅឡើយទេ»។
ការវិលត្រឡប់មកវិញរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិគឺកើតឡើងក្នុងពេល ដែលគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមិនទាន់ត្រូវរ៉ូវគ្នាក្នុងកំណែទម្រង់ជាតិធំៗ និងមានវិវាទពាក្យសម្តីជាសាធារណៈខ្លះ ជំនួសឲ្យវប្បធម៌សន្ទនាគ្នា ដូចដែលគណបក្សទាំងពីរបានសន្យាគ្នាកន្លងមក។
លោកញ៉ឹក ប៊ុនឆៃឲ្យដឹងថា គណបក្សនេះមានក្តីសង្ឃឹមថា នឹងបានឈ្នះអាសនៈនៅពេលដែលគណបក្សសង្គ្រោះជាតិមានបញ្ហាផ្ទៃក្នុង មានការមិនទុកចិត្តគ្នា ធ្លាក់ទឹកចិត្តខ្លះ ហើយនៅពេលដែលគណបក្សប្រជាជនកម្ពុជាមិនអាចដោះស្រាយបញ្ហាប្រទេសជាតិធំៗបាន។ លោកញ៉ឹក ប៊ុនឆៃអះអាងទៀតថា នេះជាឱកាសល្អសម្រាប់គណបក្សហ៊្វុនស៊ីនប៉ិច ប្រសិនមន្ត្រីនិងសមាជិករបស់លោកអាចធ្វើឲ្យពលរដ្ឋ និងអ្នករាជានិយមមានការទុកចិត្តឡើងវិញ៕