ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា ដោយ​សង្ឃឹម​ឈ្នះ​អាសនៈ​រដ្ឋសភា

ព្រះអង្គម្ចាស់ នរោត្តម ចក្រា​វុធ​ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច​ បាន​ចូលរួមដង្ហែ​​​ក្បួន​ឃោសនា​ការបោះឆ្នោតឃុំសង្កាត់​អាណត្តិ​ទី៥ នៅក្រុងតាខ្មៅ​ នៃខេត្តកណ្តាល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២២​។ (លាស់​ លីប​លីប/វីអូអេ)

គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ដែល​ជា​គណបក្ស​រាជានិយម​ចាស់​វស្សា​មួយ កាល​ពី​ព្រឹក​ថ្ងៃសុក្រ បានចេញយុទ្ធនាការ​ឃោសនា​រក​សំឡង​ឆ្នោត​របស់​ខ្លួនសាជាថ្មី ដោយ​រំពឹង​ថា​នឹង​ឈ្នះ​អាសនៈរដ្ឋ​សភា​សម្រាប់​ការបោះឆ្នោតជាតិ​ ដែល​នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​អាទិត្យ​នេះ។

នេះ​ជា​ថ្ងៃ​ចុងក្រោយ​នៃយុទ្ធ​នា​ការ​ឃោស​នា​រក​សំឡេង​ឆ្នោតសម្រាប់​ការ​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រនីតិ​កាល​ទី៧ ដែល​មានរយៈ​ពេល​មាន ​២១​ថ្ងៃ។ ការ​បោះ​ឆ្នោត​នឹង​ធ្វើ ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា​ខាង​មុខ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សគណបក្សហ៊្វុនស៊ិនប៉ិចបានចូលរួមក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សហ៊្វុនស៊ិន នៅលើផ្លូវ៦០ ម៉ែត្រក្នុងរាជធានីភ្នំពេញក្នុងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣។ (ហាន ណូយ/វីអូអេ)

អ្នក​នាំពាក្យ​គណបក្សហ៊្វុន​ស៊ិនប៉ិច លោក ​ញឿន ​ រ៉ា​ដែន ថ្លែង​នៅចំ​ពោះមុខអ្នកសារព័ត៌មាន​ថា ​គណបក្ស​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

លោក​ថ្លែ​ងថា៖ «ដូច​ខ្ញុំនិយាយខាង​ដើម​អ៊ីចឹង​ថា​គណបក្សហ៊្វុន​ស៊ិន​ប៉ិច​យើ​ង​ផ្ទុះការ​គាំទ្រ រឿង​អាសនៈខ្លះ​យើង​ចាំបាច់និយាយ​អី​ តែផ្ទុះការគាំទ្រ​យើង​បាន​ហើយ។ Automatic(ស្វ័យ​ប្រវត្តិ)​ត្រូវ​តែបាន»។

អ្នក​នាំពាក្យ​រូបនេះ​បន្ថែម​ថា៖ «ខ្ញុំ​មិន​ជឿថា​ឯកបក្ស​ម្តងទៀត​ទេ ព្រោះ​ផ្ទុះការ​គាំទ្រ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។ យើង​ផ្ទុះការគាំទ្រ ជាពិសេស​យើងបាន​គ្រប់គ្រងទិន្នន័យ​របស់​យើ​ង​ច្បាស់​លាស់​ណាស់​ថា​ គណបក្សហ្វ៊ុន​ស៊ិនប៉ិច​នឹង​បាន​អាសនៈ​ប៉ុណ្ណា​ ជាពិសេសអ្វី​ដែល​យើង​គួរបាន យើង​ត្រូវតែ​បាន​អាណត្តិ​នេះ»។

លោក សួស វូលីន អាយុ ៤៣ឆ្នាំ អ្នកគាំទ្រគណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង​បាន​ចូល​រួម​ការឃោស​នា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ខាងមុខ​នេះ ប្រាប់​វីអូអេ​ថា​ លោក​គាំទ្រ​គណបក្សមួយនេះ ដោយ​សារតែ​ការដឹកនាំរបស់ព្រះអង្គ​ចក្រាវុធ ត្រូវ​បាន​ប្រជា​រាស្រ្ត​ទទួល​ស្គាល់​ច្រើន​ទាំង​ក្នុងនិង​ក្រៅ​ប្រទេស។

អ្នកគាំទ្រ​រូប​នេះ​អះអាងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​អាច​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​នៅ​ក្នុង​ការបោះឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ ដែល​អាច​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភា​ផង​ដែរ។

លោកថ្លែងថា​៖ «ខ្ញុំ​សង្ឈឹមថា តាម​ការដឹកនាំ​របស់​ព្រះអង្គ​ម្ចាស់​ចក្រាវុធ នឹង​មាន​សំឡេង​ និង​មាន​កៅអី​ក្នុង​សភា​ ដើម្បី​ចូលរួម​បម្រើ​ប្រជា​ពលរដ្ឋ​ប្រទេស​កម្ពុជា​យើង ឱ្យ​បាន​រុងរឿង​និងរីកចម្រើន​ទៅ​ថ្ងៃ​អនាគត​ខាង​មុខ​បាទ»។

នៅ​ពេលសួរពាក់ព័ន្ធ​ជាមួយ​អវត្តមាន​គណបក្ស​ភ្លើងទៀន​នៅ​ក្នុង​ការ​បោះ​ឆ្នោត លោក សួស វូលីន​ លើកឡើង​ថា ​បើទោះ​បី​ជា​ការបោះឆ្នោត​ខាង​មុខ​នេះ មិនមានវត្តមានគណបក្ស​ជំទាស់​ដ៏​ធំ​មួយ ​គឺ​គណបក្ស​ភ្លើង​ទៀន​ក៏ដោយ​ ក៏​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចនៅ​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ទទួល​បាន​ការ​គាំទ្រ​បន្ថែមទៀត​ពី​ប្រជាពលរដ្ឋ។

លោក គង់ ហេងសំណាង អ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចបានចូលរួមក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សហ៊្វុនស៊ិន នៅលើផ្លូវ៦០ ម៉ែត្រ ក្នុងរាជធានីភ្នំពេញក្នុងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣។(ហាន ណូយ/វីអូអេ)

លោក គង់ ហេងសំណាង​ អ្នកគាំទ្រ​គណបក្សហ៊្វុន​ស៊ិនប៉ិច​ម្នាក់​ទៀត ប្រាប់​វីអូ​អេ​ថា​លោក​គាំទ្រ​គណបក្ស​មួយ​នេះ​តាំង​ពីឆ្នាំ១៩៩៣មក គឺតាំងពីជំនាន់បិតា​របស់ព្រះ​អង្គចក្រាវុធ។ លោក​បន្ថែមថា​ លោក​គាំទ្រគណបក្សមួយ​នេះ​ ដោយសារ​តែ​ស្រឡាញ់​សែ​រាជា​និយម ខណៈ​រំពឹង​ថា​គណបក្ស​នឹង​ទទួលបាន​អាសនៈនៅក្នុងរដ្ឋសភា​សម្រាប់​ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ។

អ្នក​គាំទ្ររូប​នេះ​មិន​ចង់​ឃើញ​សភា​ដឹក​នាំ​ដោយ​ឯកបក្ស​ឡើយ។

លោក​ថ្លែ​ងថា៖ «អត់ល្អទេ​បង ចង់​ឱ្យដូរម្តង​ ចង់​ឱ្យដូរផ្លាស់ម្តង​ ព្រោះមិន​ចង់​ឱ្យនៅ​កាន់អំណាច​រហូតពេក​ ក៏​អត់កើត​ដែរ»។

ព្រះអង្គម្ចាស់ នរោត្តម ចក្រា​វុធ​ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច​ បាន​ចូលរួមដង្ហែ​ក្បួន​ឃោសនា​ការបោះឆ្នោតឃុំសង្កាត់​អាណត្តិ​ទី៥ នៅក្រុងតាខ្មៅ​ នៃខេត្តកណ្តាល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២២​។ (លាស់​ លីប​លីប/វីអូអេ)

អ្នកគាំទ្រ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិចម្នាក់​ទៀត លោក ឈាង ដារ៉ូ អាយុ​ ២២ឆ្នាំ ប្រាប់វីអូអេ​ថា ​លោក​តែង​តែ​មក​គាំទ្រ​ហ៊្វុន​ស៊ិនប៉ិច​ឱ្យ​តែ​ដល់​ឆ្នាំបោះ​ឆ្នោត​ ពី​ព្រោះ​តែ​ការ​ស្រឡាញ់​ពេញ​ចិត្ត​ចំពោះ​ការដឹក​នាំ​របស់​ព្រះអង្គចក្រាវុធ​ តាំង​ពី​ជំនាន់​ព្រះបិតា​របស់​ទ្រង់។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា​ ប្រហែល​ជា​អាច​បង ព្រោះ​អី​មើល​ទៅ​មាន​សន្ទុះ​ការគាំទ្រ​ច្រើន​ដែរ។ និយាយ​រួម​ទៅ​អា​ចំណុច​ល្អ​មាន​ច្រើន​ដែរ​បង ព្រោះ​អី​ឃើញ​លក្ខណៈ​ថា​គាត់[ព្រះអង្គចក្រាវុធ ]ធ្វើ គឺ​ធ្វើ​ចេញ​ពី​ចិត្ត ឋានៈគាត់​ជា​ព្រះ​អង្គ​ម្ចាស់​ ជា​ក្សត្រ​គាត់​មក​ជួប​យើង​ ប្រជាជន​ធម្មតា​ គាត់​បន្ទាប​ខ្លួន​ជា​មួយ​យើង​ ខ្ញុំ​ស្រឡាញ់​គាត់​ត្រង់​ហ្នឹង​ខ្លាំង​បំផុត»។

លោក ឈាង ដារ៉ូ អាយុ ២២ឆ្នាំ អ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចបានចូលរួមក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សហ៊្វុនស៊ិន នៅលើផ្លូវ៦០ ម៉ែត្រ ក្នុងរាជធានីភ្នំពេញក្នុងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣។ (ហាន ណូយ/វីអូអេ)

លោក​បន្ថែមថា ​លោក​ចង់​ឃើញសភាមាន​ពហុបក្ស​ជា​ជាង​ស​ភា​ដឹកនាំ​ដោយ​ឯកបក្ស​ ប្រសិន​បើ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​មិន​បាន​ឈ្នះ​អាសនៈ​ក៏​ដោយ។

នៅ​កន្លែង​ចាប់ផ្តើម​នៃក្បួនយុទ្ធនា​ការឃោសនា​រកសំឡេង​ឆ្នោតរបស់គណបក្សហ៊្វុន​ស៊ិន​ប៉ិច​ គេ​ក៏​ឃើញ​មានវត្ត​មាន​របស់ឯកអគ្គ​រដ្ឋទូត​ចិន ​គឺលោក វ៉ាង វិនធៀន (Wang Wentian)​ ដែល​មក​តាម​ដាន​យុទ្ធនាការ​របស់​គណបក្ស​នេះ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យ​របស់​គណបក្ស ប្រាប់វីអូអេថា​ វាជា​ការឃ្លាំមើល​នៃ​យុទ្ធ​នា​ការ​ស្វែង​រក​សំឡេងឆ្នោត​របស់​គណបក្ស​នីមួយ​ៗពី​អង្គទូត​នានា។

អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព ​(CICP) លោកវណ្ណ ប៊ុនណា​ ប្រាប់​វីអូអេ​ថា​ វត្តមាន​របស់​ឯកអគ្គរដ្ឋទូត​ចិន​ក្នុង​ក្បួន​យុទ្ធនាការ​ឃោសនា​រកសំឡេង​ឆ្នោត​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គឺ​ ជា​ការបង្ហាញ​ពី​ទំនាក់ទំនង​រវាង​ចិន​ និង​កម្ពុជា​តែ​ប៉ុណ្ណោះ ។

លោក​ថ្លែងថា​៖ «នេះ​ គឺ​ជា​ទិដ្ឋភាព​នយោបាយ​ដែល​កើត​មាន​ចំពោះ​ ទំនាក់​ទំនង​រវាង​ចិន​ និង​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ អ៊ីចឹង​តាមរយៈ​ ការទៅ​មើល​ក្បួន​ហែរ​ឃោសនា​ព្រឹក​មិញ​នេះ បង្ហាញ​ថា​ចិន​ផ្តល់​តម្លៃ​ឱ្យ​គណបក្ស​ពីរ​គឺ​ គណបក្ស​កាន់អំណាច​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ធ្លាប់​ជា​ដៃគូ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ជា​មួយ​នឹង​ប្រទេស​ចិន​កន្លង​ទៅ​ហ្នឹង»។

ទោះជាយ៉ាងណា ការ​បោះ​ឆ្នោត​ជ្រើសរើ​ស​តំណាងរាស្រ្ត​ចំនួន​ ១២៥​រូប មិន​មាន​វត្ត​មាន​គណបក្ស​ជំទាស់​ដ៏ធំ​គឺ ​គណបក្ស​ភ្លើង​ទៀន ដែល​ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ពីប្រជាពល​រដ្ឋ​ជាង ​១លាន​៦សែន​នាក់។ បើ​ទោះ​មាន​គណបក្ស​ចំនួន​ ១៧​ទៀត​ចូលរួម​ប្រកួត​ប្រជែង គេ​មិន​ទាន់​ឃើញ​មាន​គណបក្ស​ណា​ដែល​មានសមត្ថភាព​ប្រកួតនឹង​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ៕

XS
SM
MD
LG