ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បើក​ការ​ឃោសនា​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​ទី​២​នៃ​ថ្ងៃ​បើក​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត


ទិដ្ឋភាព​ទូទៅ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំសង្កាត់របស់​គណបក្ស​រាជា​និយម​ហ្វ៊ុន​ស៊ិន​ប៉ិច​ ដែល​មាន​ ​​ព្រះអង្គម្ចាស់ នរោត្តម ចក្រា​វុធ​ ជា​ព្រះប្រធានគណបក្ស​ នៅក្រុង​តាខ្មៅ​ ខេត្តកណ្តាល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២២​។ (ខាន់​ សុគុំមនោ/វីអូអេ)
ទិដ្ឋភាព​ទូទៅ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំសង្កាត់របស់​គណបក្ស​រាជា​និយម​ហ្វ៊ុន​ស៊ិន​ប៉ិច​ ដែល​មាន​ ​​ព្រះអង្គម្ចាស់ នរោត្តម ចក្រា​វុធ​ ជា​ព្រះប្រធានគណបក្ស​ នៅក្រុង​តាខ្មៅ​ ខេត្តកណ្តាល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២២​។ (ខាន់​ សុគុំមនោ/វីអូអេ)

«ខ្ញុំ​សូម​ប្រកាស​បើក​យុទ្ធ​នា​ការ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត ​ចាប់​ពី​ពេល​នេះ​ត​ទៅ»។​

នេះ​គឺ​ជា​សំលេង​ស្រែក​ជ័យ​ឃោស ​និង​ជា​ព្រះ​បន្ធូល​របស់​ព្រះអង្គ​ម្ចាស់ ​នរោត្តម​ ចក្រាវុធ​ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​ពិធី​បើក​យុទ្ធនាការ​ដំបូង​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ទ្រង់​ទ្រាយ​ធំ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ថ្ងៃ​ទី​២២​ខែ​ឧសភា​ឆ្នាំ​២០២២​នេះ។​

ការ​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នោះ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​គ្រប់​វ័យ ​ប្រមាណ​ជាង​៣០០​នាក់​ ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​សង្កាត់​ព្រែកហូរ​ ក្រុង​តា​ខ្មៅ​ខេត្ត​កណ្តាល។​អ្នក​ចូល​រួម​ទាំង​នោះ​ពាក់​អាវ ​និង​មួក​ពណ៌​លឿង​ដែល​មាន​រូប​សញ្ញា​សម្គាល់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច។​

ព្រះអង្គ​ម្ចាស់ ​នរោត្តម​ ចក្រាវុធ ​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​មាន​ព្រះ​បន្ធូល​យ៉ាង​ខ្លី​អំពី​គោល​នយោបាយ​របស់​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​គឺ​នឹង​យក​មាគ៌ា​សម្តេច​តា​ជា​គំរូ។

ព្រះ​អង្គ​ម្ចាស់​ នរោត្ត​ម ចក្រាវុធ ​បាន​មាន​ព្រះ​រាជ​បន្ធូល​បន្ថែម​ថា​សូម​អោយ​ប្រជា​ពល​រដ្ឋ​រម្លឹក​ឡើង​វិញ​ចំពោះ​ការ​អ​វត្ត​មាន​របប​រាជា​និយម​កាល​ពី​ឆ្នាំ​១៩​៧០​ និង​សមិទ្ធិ​ផល​ជោគ​ជ័យ​នៅ​ឆ្នាំ​១៩​៩៣​រ​បស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​។

ព្រះអង្គម្ចាស់ នរោត្តម ចក្រា​វុធ​ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច​ បាន​ចូលរួមដង្ហែ​ក្បួន​ឃោសនា​ការបោះឆ្នោតឃុំសង្កាត់​អាណត្តិ​ទី៥ នៅក្រុងតាខ្មៅ​ នៃខេត្តកណ្តាល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២២​។ (លាស់​ លីប​លីប/វីអូអេ)
ព្រះអង្គម្ចាស់ នរោត្តម ចក្រា​វុធ​ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច​ បាន​ចូលរួមដង្ហែ​ក្បួន​ឃោសនា​ការបោះឆ្នោតឃុំសង្កាត់​អាណត្តិ​ទី៥ នៅក្រុងតាខ្មៅ​ នៃខេត្តកណ្តាល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២២​។ (លាស់​ លីប​លីប/វីអូអេ)

«ខ្ញុំ​ចង់​ធ្វើ​គោល​នយោបាយ​ដូច​សម្តេច​តា។​ខ្ញុំ​មាន​តែ​២​ម៉ាត់​ទេ​ឆ្នាំ​១៩៧០​មាន​អ្វី​ខ្លះ?​ ឆ្នាំ​១៩៩៣​តែ​ប៉ុណ្ណឹង​ទេ !​គិត​មើល​ទៅ! ​ខ្ញុំ​ចង់​ឱ្យ​បង​ប្អូន​ទៅ​បោះ​ឆ្នោត​ឱ្យ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច»។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ប្រទេស​កម្ពុជា​ក្រោយ​រដ្ឋប្រហារ​របរ​រាជា​និយម​ថ្ងៃ​១៨​ខែ​មិនា​ឆ្នាំ​១៩៧០​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ក្នុង​សង្គ្រាម​និងអំពើប្រល័យពូជសាសន៍។​

​លោក​ ញឿន រ៉ាដែន ​អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ឱ្យ​ដឹង​ថា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​ក្តី​សង្ឃឹម​ច្រើន​ក្នុង​ការ​ប្រកួត​ប្រជែង​យក​តំណែង​មេ​ឃុំ​និង​ចៅ​សង្កាត់​អាណត្តិ​ទី​៥​នេះ ​ពីព្រោះ​ពេល​នេះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​ធន​ធាន​មនុស្ស​គ្រប់​វ័យ​ទាំង​អស់។​

«ទាក់​ទង​ទៅ​នឹង​សេចក្តី​សង្ឃឹម​របស់​គណ​បក្ស​តាម​រយៈ​កិច្ច​ដឹក​នាំ​របស់​ព្រះ​អង្គ​ម្ចាស់ ​នរោត្តម​ ចក្រាវុធ​យើង​មាន​សង្ឃឹម​ច្រើន​ហើយ​ជា​ពិសេស​យើង​ដឹង​ហើយ​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​គណបក្ស​មួយ​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​ហើយ​អ៊ីចឹង​បេក្ខ​ភាព​នៅ​តាម​ឃុំ​ភូមិ​មួយ​ចំនួន​ដែល​យើង​បានរៀបចំ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​មាន​សក្តានុពល​ ជា​ពិសេស​យើង​បាន​បញ្ចូល​នូវ​យុវជន​ច្រើន​ ហើយ​ទាំង​នេះ​ជា​សេចក្តី​សង្ឃឹម​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច»។​

ការ​ជួប​ជុំ​ដង្ហែ​ក្បួន​ឃោសនា​នេះ​មិន​សូវ​មាន​ការ​ស្រែក​ជ័យ​ឃោស​ខ្លាំង​ក្លា ​ឬ​មាន​ការ​ចាក់​ផ្សាយ​ផុល​ផុស​គគ្រឹក​គគ្រេង​អំពី​គោល​នយោបាយ​របស់​បក្ស​នោះ​ទេ។​

យុវតី​ ចាន់ កែវ​ អាយុ​២២​ឆ្នាំ​ ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​២​ រស់​នៅ​ក្នុង​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល​ ដែល​បាន​ចូល​រួម​ដង្ហែ​ក្បួន​ឃោសនា​នេះ​បាន​ឱ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​ឪពុក​ម្តាយ​របស់​នាង​គាំ​ទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តាំង​ពី​យូរ​ណាស់​មក​ហើយ។

«ដោយ​សារ​ឃើញ​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ ​ហើយ​ព្រះ​អង្គ​អត់​ដែល​ចោល​ប្រជាជន ​...​ឃើញ​យុទ្ធ​សាស្រ្ត​នយោបាយ​របស់​ព្រះ​អង្គ​ល្អ​ហើយ​ណា​មួយ​ដោយ​សារ​តាំង​ពី​ដើម​មក​គ្រួសារ​គាត់ស្រឡាញ់​ខាង​ហ្នឹង​អ៊ីចឹង»។​

យុវតី ចាន់ កែវ អាយុ២២ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី២ រស់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោត​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅផ្លូវ៦០ម៉ែត្រ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២។ (ធីតា វីន/វីអូអេ)
យុវតី ចាន់ កែវ អាយុ២២ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី២ រស់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោត​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅផ្លូវ៦០ម៉ែត្រ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២។ (ធីតា វីន/វីអូអេ)
យុវតី ពៅ លីដា មានអាយុ២១ឆ្នាំ ជា កម្មការី រោងចក្រកាត់ដេររស់នៅសង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ កញ្ញា​បានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោត​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅផ្លូវ៦០ម៉ែត្រ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២។ (ធីតា វី
យុវតី ពៅ លីដា មានអាយុ២១ឆ្នាំ ជា កម្មការី រោងចក្រកាត់ដេររស់នៅសង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ កញ្ញា​បានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោត​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅផ្លូវ៦០ម៉ែត្រ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២។ (ធីតា វី

គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​គោល​នយោបាយ​៩​ចំណុច​ដូច​ជា ​ធានា​ផ្តល់​សេវា​សាធារណៈ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ ជំរុញ​ឱ្យ​មាន​ការ​ផ្តល់​សេវា​ថែ​ទាំ​សុខ​ភាព​ដោយ​មិន​បង់​ប្រាក់​ បង្កើត​ឱ្យ​មាន​ក្រុម​ជំនួយ​សម្រាប់​ពិគ្រោះ​និង​ផ្តល់​យោបល់​ក្នុង​ការ​ប្រើ​ដើម​ទុន​ប្រកប​របរ​អាជីវ​កម្ម​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​អស់​ ពង្រឹង​លើ​វិស័យ​អប់រំ ​ ទប់​ស្តាត់​បញ្ហា​គ្រឿង​ញៀន ​ចោរ​កម្ម​ ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​នៅ​ថ្នាក់​មូល​ដ្ឋាន​ឱ្យ​មាន​តម្លា​ភាព ​ ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ ក្នុង​ភូមិ​ ឃុំ​តាម​បណ្តោយ​ព្រំ​ដែន ​យក​ចិត្ត​ទុក​ដាក់​លើ​កុមារ​កំព្រា ​ចាស់​ជរា​ និង​បំបាត់​អំពើ​ពុក​រលួយ។​

ជា​មួយ​គ្នា​នេះ​ដែរ ​យុវតី​ ពៅ លីដា ​មាន​អាយុ​២១​ឆ្នាំ​ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​រស់​នៅ​សង្កាត់​ព្រែក​ហូរ​ក្រុង​តា​ខ្មៅ​ខេត្ត​កណ្តាល​ បាន​ឱ្យ​ដឹង​ដែរ​ថា​គោល​នយោបាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​នាង​គាំទ្រ​គណ​បក្ស​នេះ។

«មក​ពី​ស្រឡាញ់​ហើយ​នឹង​ចូល​ចិត្ត ​ដោយ​សារ​គោល​នយោបាយ​គាត់​ល្អ ​ដោយ​សារ​គាត់​ពេល​ឃើញ​ប្រជា​រាស្រ្ត​មាន​ទុក្ខ​លំបាក​អ្វី​គាត់​ជួយ​ប្រជា​រាស្រ្ត»។​

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចូល​ប្រឡូក​ក្នុង​នយោបាយ​កម្ពុជា​ជាង​៤០​ឆ្នាំ ​ហើយ។​គណបក្ស​នេះ​ឈ្នះ​ការ​បោះឆ្នោត​តាម​លក្ខណៈ​ប្រជា​ធិបតេយ្យ​រៀបចំ​ដោយ​អ.ស.ប.​កាលពី​ឆ្នាំ​១៩៩៣ក្រោយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ​ប៉ុន្តែ​គណបក្ស​នេះ​បាន​បែក​បាក់​និង​ចុះខ្សោយ​ប្រជា​ប្រិយភាព​រហូត​ដល់​មិន​មាន​អាសនៈ​ក្នុង​សភា ​និង​ព្រឹទ្ធសភា។​

កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​មុន ​នៅ​ឆ្នាំ​២០១៧ ​ ​គណ​បក្ស​នេះ​ពុំ​ឈ្នះ​បាន​កៅ​អី​មេ​ឃុំ​ឬ​ចៅ​សង្កាត់​នោះ​ទេ​ ក៏​ប៉ុន្តែ​ទទួល​បាន​កៅ​អី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ ២៨​អាសនៈ​ក្នុងចំណោម១១៥៧២ ​អាសនៈ​ទូទាំង​ប្រទេស។​

ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះគណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ឃុំ​សង្កាត់​ចំនួន​ ៦៨០​ក្នុង​ចំណោម​ឃុំ​សង្កាត់​ចំនួន​១៦៥២៕

XS
SM
MD
LG