ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​រុស្ស៊ី​ផ្តោត​លើ​អ្នកប្រើប្រាស់​អនឡាញ​ដោយ​ការផ្សព្វផ្សាយ​ក្លែងក្លាយ​និង​ប្រឌិត​ព័ត៌មាន


ឯកសារ៖ ឯកសារ​ពី​របាយការណ៍​មជ្ឈមណ្ឌល ទំនាក់ទំនង​ជា​សកល​របស់​ក្រសួង​ការបរទេស​អាមេរិក​ស្តីពី​ព័ត៌មាន​មិនពិត​របស់​រុស្ស៊ី​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។
ឯកសារ៖ ឯកសារ​ពី​របាយការណ៍​មជ្ឈមណ្ឌល ទំនាក់ទំនង​ជា​សកល​របស់​ក្រសួង​ការបរទេស​អាមេរិក​ស្តីពី​ព័ត៌មាន​មិនពិត​របស់​រុស្ស៊ី​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

ដោយ​សម្លឹងមើល​ទៅកាមេរ៉ា​វីដេអូ​ អ្នក​អាន​ព័ត៌មាន​លើកឡើង​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការរវាង​សហរដ្ឋ​អាមេរិក​និង​ចិន ក្នុង​ការ​គាំទ្រដល់​សេដ្ឋកិច្ច​សាកល។​

មើល​មួយ​ភ្លែត ស្ត្រី​អ្នក​អាន​ព័ត៌មាន​រូប​នេះ​ កំពុង​ផ្តល់​ព័ត៌មាន​ធម្មតា​មួយ​តែ​ប៉ុណ្ណោះ។​ ​ប៉ុន្តែអ្នក​អាន​ព័ត៌មាន​រូប​នេះ​ ក៏​ដូចជា​ក្រុមផលិត​ព័ត៌មាន Wolf News ​មិន​មែនជា​មនុស្ស​ពិតនោះឡើយ។ នេះ​គ្រាន់​តែ​ជារូបភាព​ប្រឌិត​មួយតាម​លក្ខណៈ​បច្ចេកទេស​បញ្ញា​សិប្ប​និម្មិតប៉ុណ្ណោះ។​ ​ ​

បើ​ទស្សនិកជន​ពិនិត្យ​ឱ្យ​បាន​ដិត​ដល់​ ​គឺ​អាច​ដឹង​ថាមាន​រឿង​ខុស​ពី​ធម្មតា​ចំនួន​ពីរ​ ឬ​បី​ចំណុច។​ នោះ​គឺ​សំឡេង​មិន​តាម​បែប​ធម្មជាតិ​ ហើយមិន​ស៊ី​គ្នា​ទៅ​នឹងមាត់​អ្នក​អាន​ព័ត៌មាន​នោះ។

នេះ​ជា​វីដេអូមួយ​ ក្នុង​ចំណោម​វីដេអូ​២ ដែល​គេ​ឃើញ​បង្ហោះ​លើ​បណ្តាញ​សង្គម ​ដើម្បីលើក​សរសើរ​ពីគុណប្រយោជន៍​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន ​(CCP)។​ នេះ​បើយោង​ទៅ​លើក្រុមហ៊ុន​ស្រាវជ្រាវ ​Graphika ​ដែល​មាន​មូលដ្ឋាន​ក្នុងរដ្ឋ New York (ញូវយ៉ក)​ ដែល​បាន​និយាយនៅ​ក្នុង​របាយការណ៍មួយ​កាល​ពី​ខែ​មុន។​ ​

ឧបករណ៍​បញ្ញា​សិប្ប​និម្មិត​ទំនើប បាន​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​អំពីសមត្ថភាពបច្ចេកវិទ្យា​ ដែល​បង្កើតនិង​ចែក​ចាយ​ព័ត៌មាន​ប្រឌិត នៅ​ក្នុង​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​មក។​ ការ​បារម្ភ​ទាំង​នោះ​ក៏​សំដៅ​លើ​មនុស្ស​ក្លែងក្លាយ​អានព័ត៌មាន​ផងដែរ។ ​

ភាព​ទំនើប​នៃ​បច្ចេកវិទ្យា​ទាំង​នោះ​កើត​មាន​ឡើង​ ខណៈ​ពេល​ដែលរបាយការណ៍​មួយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​របស់សហភាព​អឺរ៉ុប​ បាន​ពណ៌នាពី​យុទ្ធសាស្ត្រជា​ច្រើន​មុខ​ព្រួញ​ ដែល​ប្រទេស​ចិន​និង​រុស្ស៊ី​កំពុង​ប្រកាន់​យក​ ដើម្បី​ព្យាយាមគ្រប់គ្រង​ខ្លឹមសារ​អត្ថបទ​ ស្តី​ពី​រឿង​ផ្សេងៗ​ចាប់​ពី​រឿង​គោលនយោបាយ​ការបរទេស​ រហូត​ដល់​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។​

យុទ្ធសាស្ត្រ​ដែល​ប្រើ​ដោយ​រុស្ស៊ី និង​ចិន និង​វិសាលភាព​ដែល​យុទ្ធសាស្រ្ត​នោះ​ត្រូវបាន​ប្រើ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។
យុទ្ធសាស្ត្រ​ដែល​ប្រើ​ដោយ​រុស្ស៊ី និង​ចិន និង​វិសាលភាព​ដែល​យុទ្ធសាស្រ្ត​នោះ​ត្រូវបាន​ប្រើ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

ការប្រើប្រាស់​មនុស្ស​ក្លែងក្លាយ​ផ្សាយព័ត៌មាន​ប្រឌិត មិន​មែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​មួយ​នោះ​ទេ​ សម្រាប់​លោក​ Tyler Williams ដែល​ជា​នាយក​ស៊ើបអង្កេត​របស់​ក្រុមហ៊ុន Graphika នោះ។​ កាសែត The Guardian របស់​អង់គ្លេស​បាន​រាយការណ៍​ថា​ ​ទី​ភ្នាក់ងារ​សារព័ត៌មាន Xinhua ​របស់​រដ្ឋ​ចិន​បាន​បង្ហាញ​រូប​មនុស្សបញ្ញា​សិប្ប​និម្មិត​ផ្សាយ​ព័ត៌មាន​មុន​ដំបូង​គេ​បង្អស់​របស់​ពិភព​លោក។​

ក្រុមហ៊ុន​ Graphika​ បាន​ឃើញ​មនុស្ស​ក្លែងក្លាយ​ធ្វើ​អត្ថាធិប្បាយព័ត៌មាន​ប្រឌិត​ នៅ​តាម​បណ្តាញ​សង្គម​ដូច​ជា​ហ្វេសប៊ុក Twitter និង​ YouTube ខណៈពេល​ត្រួតពិនិត្យ​ប្រតិបត្តិការ​ព័ត៌មាន​ប្រឌិត​ដែល​គាំទ្រ​ចិន​ ដែល​ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​នេះហៅ​ថា​ «ជា​ប្រភព​ផ្តល់​ព័ត៌មាន​ក្លែង​ក្លាយ»​ ដ៏​ធំ​មួយ​របស់​ចិន​នោះ។ ​

Spamouflage គឺ​ជា​បណ្តាញ​ប្រភព​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​មួយ​ ដែល​ត្រូវ​បានគេ​រក​ឃើញ​ជា​ដំបូងក្នុង​ឆ្នាំ​២០១៩ ​ដែល​បាន​ពាក់ព័ន្ធ​នឹង​គណនី​ជា​ច្រើនរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដើម្បី​ផ្សព្វផ្សាយ​ការ​ឃោសនា​ប្រឌិតគាំទ្រប្រទេស​ចិន។​

លោក Williams និយាយ​ថា៖​ «យើង​បាន​តាមដាន​ត្រួតពិនិត្យ​យុទ្ធនាការ​នៃ​ប្រភព​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​មួយ​នេះ​ អស់​ពេល​ជា​ច្រើនឆ្នាំ​មក​ហើយ​ តែ​នេះ​ជា​លើក​ទី​១​ហើយ​ ដែល​យើង​ឃើញ​យុទ្ធនាការ​នេះ​ ប្រើប្រាស់​បច្ចេកទេស ​ឬ​បច្ចេកវិទ្យារបៀប​នេះ​»។

អ្នកនាំពាក្យ​ស្ថានទូត​ចិន​មួយ​រូប ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​វីអូអេ​ថា​ របាយការណ៍​របស់ក្រុមហ៊ុន​ស្រាវជ្រាវ​ Graphika នេះ​ ​ពោរពេញ​ដោយ​ភាព​លម្អៀង​និង​ការព្យាបាទ ដែល​ចិន​ប្រឆាំង​ជា​ខ្លាំង»។ ​

អ្នកនាំពាក្យ​ស្ថានទូត​ចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​រូប​នេះ​ បាននិយាយ​នៅ​ក្នុង​សារ​ផ្ញើ​តាម​អ៊ីមែល​ថា៖​ «ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​លោក​ខាងលិច​មួយ​ចំនួន​ បាន​មួល​បង្កាច់​ប្រទេស​ចិន​ថា​បានប្រើប្រាស់​គណនី​បណ្តាញ​សង្គម​ក្លែងក្លាយ​ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គេ​ហៅ​ថា​ គាំទ្រ​ចិន​នោះ។​ ចិន​ជឿជាក់​ថា​ រាល់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​អស់​មាន​សិទ្ធិក្នុង​ការ​បញ្ចេញ​សំឡេង​របស់​គេ»។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​មាន​ស្ថាប័ន​ជា​ច្រើនបាន​កត់ត្រា​ពី​របៀប​ដែល​ចិនបាន​ដាក់​កំហិត​ដល់ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ និង​ថែម​ទាំង​បានចាប់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ដាក់​គុក​ទៀត​ផង​ ដែល​បាន​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ចិន។​ ​

ចិន​មិន​មែន​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ផ្សព្វផ្សាយព័ត៌មាន​ប្រឌិត​នោះ​ឡើយ។

របាយការណ៍​របស់​សេវាកម្ម​សកម្ម​ភាព​ក្រៅ​ប្រទេស​របស់​សហភាព​អឺរ៉ុប បាន​ផ្តោត​ទៅ​លើ​ព័ត៌មាន​ប្រឌិតរបស់​ចិន​និង​រុស្ស៊ី​ ហើយ​រក​ឃើញ​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​គាំទ្រប្រតិបត្តិការ​ព័ត៌មាន​ប្រឌិត ​ដែលបន្លំ​ខ្លួន​ធ្វើ​ជាស្ថាប័ន​ព័ត៌មានអន្តរជាតិមួយ​ចំនួន។

របៀប​ដែល​ព័ត៌មាន​មិន​ពិត​ត្រូវ​បាន​ប្រើ​ដើម្បី​បំភ្លៃ​ការពិត។
របៀប​ដែល​ព័ត៌មាន​មិន​ពិត​ត្រូវ​បាន​ប្រើ​ដើម្បី​បំភ្លៃ​ការពិត។

របាយការណ៍សិក្សានោះ​ បាន​វិភាគ​ទៅ​លើ​ករណីចំនួន​១០០​ ដែល​ត្រូវ​បាន​ហៅ​ថា​ ជា​ការ​បំភ្លៃ​ព័ត៌មាន​ ពី​រវាង​ខែ​តុលា ដល់​ខែ​ធ្នូ កាល​ពី​ឆ្នាំ​ទៅ​។​ ​

មាន​ករណី​ចំនួន៦០​ បានពាក់ព័ន្ធ​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើអ៊ុយក្រែន​ ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ មាន​បំណង​បង្វែរ​ការ​ចាប់​អារម្មណ៍របស់​អ្នក​តាមដាន​ព័ត៌មាន​ ដោយ​បង្វែរ​ការ​ស្តី​បន្ទោស ​ឬ​ការ​យកចិត្តទុកដាក់​ផ្ទាល់​ ទៅ​លើ​ប្រធានបទ​ផ្សេងៗ​វិញ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​របាយការណ៍សិក្សា​នេះ។​

អ្នក​ដែល​ត្រូវបាន​ជ្រើសរើស​ក្នុង​ការបំភ្លៃ​ព័ត៌មាន។
អ្នក​ដែល​ត្រូវបាន​ជ្រើសរើស​ក្នុង​ការបំភ្លៃ​ព័ត៌មាន។

ស្ថានទូត​រុស្ស៊ី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ មិន​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ស្នើសុំ​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ពី​វីអូអេ​នោះ​ឡើយ៕​

ប្រែសម្រួល​ដោយ​លោក​ ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG