ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​«ស្រ្តី​ថ្ងៃ​សុក្រ»សុំ​អន្តរាគមន៍​ពី​ទូត​អាមេរិក​ឲ្យ​ជួយ​ស្វាមី​ជា​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ


សកម្មភាព​ក្រុម​សន្តិសុខ​ខណ្ឌ​ព្យាយាម​បំបែក​​ការ​ប្រមូល​ផ្តុំ​ដាក់​ញត្តិ​របស់​ក្រុម​ស្រ្តី​ដែល​មាន​គ្នា​ប្រមាណ​១០​នាក់ ជា​ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែ កញ្ញា ឆ្នាំ​២០២១ នៅ​សួន​ច្បារ​មុខ​ស្ថានទូត​អាមេរិក ក្នុង​រាជធានី​ភ្នំពេញ។ (រូបពី​បណ្តាញ​សង្គម)
សកម្មភាព​ក្រុម​សន្តិសុខ​ខណ្ឌ​ព្យាយាម​បំបែក​​ការ​ប្រមូល​ផ្តុំ​ដាក់​ញត្តិ​របស់​ក្រុម​ស្រ្តី​ដែល​មាន​គ្នា​ប្រមាណ​១០​នាក់ ជា​ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែ កញ្ញា ឆ្នាំ​២០២១ នៅ​សួន​ច្បារ​មុខ​ស្ថានទូត​អាមេរិក ក្នុង​រាជធានី​ភ្នំពេញ។ (រូបពី​បណ្តាញ​សង្គម)

ក្រុម​ស្រ្តី​ដែល​មាន​គ្នា​ប្រមាណ​១០​នាក់ ជា​ភរិយា​របស់​សកម្ម​ជន​បក្ស​ប្រឆាំង កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ បាន​សុំ​អន្តរា​គមន៍​ពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឲ្យស្វាមី​របស់​ពួក​គេ​ត្រូវ​បាន​ដោះ​លែង។

ការ​ប្រមូល​ផ្តុំ​និង​លើក​រូប​ថត​របស់​សកម្មជន​នយោបាយ​ទាំង​នោះ​នៅ​លើ​សួន​ច្បារ​ខាង​មុខ​ស្ថាន​ទូត​អាមេរិក ត្រូវ​បាន​ក្រុម​សន្តិសុខ​ខណ្ឌ​បាន​ព្យាយាម​បំបែក​ក្រុម​ស្រ្តី ដោយ​លើក​ហេតុ​ផល​បំពាន​វិធានការ​កូវីដ​១៩ រហូត​ដល់​មាន​ការ​ចាប់​ទាញ​ផ្ទាំង​រូប​ថត​ប្លាស្ទិក​ដែល​ស្រ្តី​ទាំង​នោះ​កាន់​ផង​ដែរ។

នៅ​ក្នុង​ញត្តិ​ដែល​វីអូអេ​ទទួល​បាន ក្រុម​ស្រ្តី​ដែល​តែង​តវ៉ា​នៅ​ថ្ងៃ​សុក្រ បាន​សរសេរ​ទៅ​កាន់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ដោយ​ប្រាប់​ថា​សកម្ម​ជន​ទាំង​នោះ​បាន​ជាប់​ពន្ធនាគារ​ដោយ​«អយុត្តិធម៌​បំផុត» ហើយ​«ការ​ឃុំ​ឃាត់​ពួក​គាត់​អូស​បន្លាយ​ពេល​វេលា​យូរ​អង្វែង»។

ពួកគេ​ក៏​បាន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។ ពួកគេ​បញ្ជាក់​ថា៖ «ដូច្នេះ​សូម​ឯក​ឧត្តម​ប្រធានា​ធិបតី​មេត្តា​ប្រើ​ឥទ្ធិពល​នៃ​ការ​ទំនាក់​ទំនង​នេះ​ជួយ​ទាម​ទារ​ឲ្យ​ក្រុម​គ្រួសារ​ពួក​យើង​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ ត្រូវ​បាន​ដោះ​លែង រួម​និង​អ្នក​ទោស​មនសិការ​ជា​អ្នក​ស្នេហា​ជាតិ​ទាំង​អស់ ព្រោះ​ពួកគាត់​សុទ្ធ​សឹង​តែ​ជា​មនុស្ស​ស្លូត​ត្រង់​គ្មាន​កំហុស​អ្វី​ឡើយ»។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​លោក ​Chad Roedemeier ​បាន​ថ្លែងថា​បុគ្គលិក​ស្ថានទូត​បាន​ទទួល​ញត្តិ​របស់​ក្រុម​អ្នកតវ៉ា​ដោយ​បញ្ជាក់​ថា​ក្រុមអ្នក​ជាប់​ឃុំឃាំង​ដោយសារ​ការ​បញ្ចេញមតិ​មិនគួរ​ត្រូវ​ចោទ​ប្រកាន់​ទោស​ទេ។

លោក​ថ្លែង​ថា៖ «យើង​បន្ត​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទម្លាក់​បទចោទ​ទាំងស្រុង​ប្រឆាំងនឹង​សកម្មជន​តវ៉ា​ដោយ​អហិង្សា​ទាំងនោះ​គោរព​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​ដូចដែល​មាន​ការ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​និង​ បើកឲ្យ​មាន​លម្ហ​សេរីភាព​នយោបាយ​និង​សង្គម​ស៊ីវិល​ឡើងវិញ»។

លោក​ ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ប្រាប់​វីអូអេ​ថា​ការ​សុំ​អន្តរាគមន៍​ជា​បន្ត​បន្ទាប់​របស់​ក្រុម​ស្រ្តី​ទាំង​នោះ​ជា​សិទ្ធិ​របស់​ពួកគេ ដែល​លោក​ថា​មិន​មាន​«ឥទ្ធិពល​អ្វី​លើ​ការ​សម្រេច​របស់​តុលាការ»​ឡើយ។

គួរ​បញ្ជាក់​ថា​ក្រុម​គ្រួសារ​របស់​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​តែងតែ​ចេញ​មុខ​រៀង​រាល់​ថ្ងៃ​សុក្រ​ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ក្រុម​គ្រួសារ​របស់​ពួកគេ​ចំនួន​១៥​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០២០។ ពួកគេ​ភាគ​ច្រើន​ជា​អតីត​ក្រុម​ប្រឹក្សា​និង​មន្ត្រី​ថ្នាក់​ឃុំ​សង្កាត់ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ ដោយ​សារ​ការ​អត្ថា​ធិប្បាយ​និង​ចែក​រំលែក​ព័ត៌មាន​ទាក់​ទិន​ស្ថាន​ភាព​សេដ្ឋកិច្ច​ប្រទេស ក្នុង​ពេល​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩​និង​ការ​គាំទ្រ​គម្រោង​វិល​ត្រឡប់ចូល​ប្រទេស​វិញ​របស់​លោក​សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩៕

XS
SM
MD
LG