ដោយមិនធ្វើដូចមេដឹកនាំពិភពលោកច្រើននាក់ដែលបានចេញផ្សាយសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដើម្បីបរិហាររិះគន់ការប៉ះទង្គិចគ្នាក្នុងវិមានសភាស.រ.អា. លោកប្រធានាធិបតីបារាំង Emmanuel Macron បានថ្លែងតាមវីដេអូបង្ហោះតាមគណនី Twitter របស់លោកកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា។
ជាមួយ hashtag គឺអក្សរសញ្ញាតំណ #WeareOne និងមានទង់ជាតិបារាំង និងស.រ.អា.នៅពីក្រោយលោក លោក Macron បានរិះគន់ តាមប្រសាសន៍ផ្ទាល់របស់លោកថា «ពួកអ្នកគាំទ្រប្រធានាធិបតីចេញពីតំណែងម្នាក់ ប្រើអាវុធប្រឆាំងនឹងលទ្ធផលត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោត»។
លោក Macron បាននិយាយជាភាសាបារាំង ហើយលោកបានមានប្រសាសន៍ដោយផ្ទាល់ទៅកាន់ប្រជារាស្ត្រអាមេរិកាំងជាភាសាអង់គ្លេស។
«ខ្ញុំគ្រាន់តែចង់សម្តែងមិត្តភាពនិងជំនឿរបស់យើងលើស.រ.អា.។ អ្វីដែលបានកើតឡើងនៅថ្ងៃនេះក្នុងក្រុងរដ្ឋធានីវ៉ាស៊ីនតោនមិនមែនជាប្រទេសអាមេរិកជាដាច់ខាត។ យើងមានជំនឿលើកម្លាំងនៃលទ្ធិប្រជាធិបតេយ្យរបស់យើង។ យើងមានជំនឿលើលទ្ធិប្រជាធិបតេយ្យអាមេរិកាំង»។
ជាច្រើនម៉ោងក្នុងពេលយប់ជ្រៅ បណ្តាញទូរទស្សន៍ព័ត៌មានបារាំងបានរាយការណ៍អំពីស្ថានការណ៍នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅពេលប្រជារាស្ត្របារាំង បានមើលរូបភាពដោយមានការទង្គុកចិត្ត។
សម្រាប់មនុស្សខ្លះ ព្រឹត្តិការណ៍ទាំងនេះ ជាការបញ្ចេញជាថ្មីនូវអ្វីដែលបានកើតមាននៅក្នុងប្រទេសបារាំង ពេលចលនាអាវកាក់ព៌ណលឿងធ្វើកុបកម្មអំពីបញ្ហាសេដ្ឋកិច្ចកាលពីឆ្នាំ២០១៨ និង២០១៩។
អ្នកនយោបាយបារាំងច្រើននាក់ដោយមានរួមបញ្ចូលទាំងលោកស្រី Marine Le Pen មេដឹកនាំនយោបាយស្តាំជ្រុល និងលោកអតីតប្រធានាធិបតី Francois Hollande ផងដែរ បាននិយាយជាសាធារណៈអំពីការប៉ះទង្គិចទាំងនេះ។ អ្នកស្រី Agnes Firmin Le Bodo ជាសមាជិកាមា្នក់នៃក្រុមមិត្តភាពបារាំង-អាមេរិកាំង។
អ្នកស្រី Agnes Firmin Le Bodo ដែលជាតំណាងរាស្ត្រ បាននិយាយថា រូបភាពពីវិមានសភាស.រ.អា.នាំឱ្យមានការទង្គុកចិត្តពីព្រោះអ្នកស្រីបានថ្លែងថា វិមាននេះជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យ។ អ្នកស្រីបានពោលថា នៅពេលលទ្ធិប្រជាធិបតេយ្យត្រូវវាយប្រហារនៅក្នុងប្រទេសមួយ ការណ៍នេះបង្ហាញថា ពួកប្រទេសប្រជាធិបតេយ្យនៅគ្រប់កន្លែងគួរបារម្ភដែរ។
អាជ្ញាធរបារាំងបាននិយាយថា ពួកគេរង់ចាំធ្វើការជាមួយលោកប្រធានាធិបតីជាប់ឆ្នោត Joe Biden និងរដ្ឋបាលថ្មីរបស់លោក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ