លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយអះអាងថាការខ្វះខាតភាពជាមេដឹកនាំរបស់ស.រ.អា.បណ្តាលឱ្យខួរក្បាលអង្គការណាតូបាត់បង់ជីវិត នៃសម្ព័ន្ធភាពយោធាណាតូ ដោយលោកបាននិយាយទទូចនៅក្នុងសេចក្តីសម្ភាសន៍មួយត្រូវបោះពុម្ពផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាសហភាពអឺរ៉ុបត្រូវបង្កើនសកម្មភាពហើយចាប់ផ្តើមបំពេញមុខនាទីជាមហាអំណាចពិភពលោកមួយខាងយុទ្ធសាស្ត្រ។
លោក Macron បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តី The Economist ថា «អ្វីដែលយើងកំពុងជួបប្រទះនៅពេលនេះគឺការអស់សុពលភាពនៃអង្គការណាតូ»។លោកបានមានប្រសាសន៍ថាស.រ.អា.នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ហាក់ដូចជា«បែរខ្នងដាក់យើង»ដោយបានដកពួកទាហានចេញពីប៉ែកឦសាននៃប្រទេសស៊ីរីដោយមិនបានប្រាប់ឱ្យដឹងជាមុនទេ។
លោក Trump បានធ្វើឱ្យពួកដៃគូណាតូរបស់លោកភ្ញាក់ផ្អើលជាមួយការដកទាហានអាមេរិកាំងកាលពីខែមុនចេញពីប្រទេសស៊ីរី។ អង្គការណាតូមិនបានបំពេញមុខនាទីនៅក្នុងប្រទេសស៊ីរីទេ ក្រៅពីបានជួយក្រុមចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាមជ្រុលនិយម។ ក៏ប៉ុន្តែចំណាត់ការនេះរបស់លោក Trump បានធ្វើឱ្យប្រទេសតួកគីដែលជាសម្ព័ន្ធមិត្តណាតូមួយទៀត យល់ថាជាការបើកដៃឱ្យខ្លួនចូលលុកលុយតំបន់នោះ៕