អ្នកវិភាគនយោបាយនានា បាននិយាយថា អ្នកបោះឆ្នោតទំនងជាផ្ដល់ជ័យជម្នះគួរឲ្យកត់សម្គាល់ដល់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងគណបក្ស Republic on the Move របស់លោក ដែលអាចឈ្នះអាសនៈជាង ៤០០ ក្នុងចំណោមអាសនៈសរុបចំនួន ៥៧៧ នៅក្នុងរដ្ឋសភា និងអាចផ្ដល់លទ្ធភាពដល់លោក Macron ឲ្យធ្វើទៅតាមការសន្យារបស់លោកក្នុងការធ្វើការកែទម្រង់ច្បាប់ការងារដ៏តឹងតែង និងប្រព័ន្ធសន្តិសុខសង្គមដ៏អន់ខ្សោយរបស់ប្រទេសបារាំង។
លោក Macron ដែលទើបតែបានឡើងកាន់តំណែងជាប្រធានាធិបតីបារាំងបានជាងមួយខែ បានធ្វើឲ្យគេទទួលស្គាល់ខ្លួនលោកលើឆាកអន្តរជាតិ ដូចជាការចាប់ដៃជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ការរិះគន់ និងគាំទ្រប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងពេលតែមួយ និងការណែនាំសំណើថ្មីមួយ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលធាតុអាកាស។
ដោយសារមើលឃើញលោក Macron ដែលជាប្រធានាធិបតីបារាំងថ្មី ត្រូវគេស្វាគមន៍ និងសរសើរនៅលើឆាកអន្តរជាតិ បានជាអ្នកបោះឆ្នោតសម្រេចបោះឆ្នោតផ្ដល់ឱកាសឲ្យលោក៕