ពួកអ្នកវិភាគនិយាយថា កងនាវាចម្បាំងអង់គ្លេសនិងបារាំងនឹងបើកទៅកាន់សមុទ្រចិនខាងត្បូងមានជម្លោះនៅក្នុងការបង្ហាញកម្លាំងនៃកងទ័ពជើងទឹកដែលអាចបំពេញចិត្តប្រជារាស្ត្រនៃប្រទេសទាំងពីរនេះ ក៏ប៉ុន្តែធ្វើឱ្យប្រទេសចិនដែលទាមទារដែនសមុទ្រនេះច្រើនជាងគេ ខឹងសម្បា។
ពួកអ្នកជំនាញនិយាយថា កងនាវាចម្បាំងមកពីប្រទេសទាំងពីរនៃទ្វីបអឺរ៉ុបដែលមានកងទ័ពជើងទឹកខ្លាំងហើយដែលគ្មានការទាមទាររបស់ពួកគេផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង នឹងប្រើប្រាស់ព្រឹត្តិការណ៍នេះដើម្បីបង្ហាញថាចំណាយយោធានៅក្នុងប្រទេសជាការត្រឹមត្រូវ។ ការធ្វើដំណើរនៃកងកប៉ាល់ចម្បាំងទាំងនេះក៏នឹងបង្ហាញអំពីការជឿនលឿននៃបច្ចេកវិជ្ជាផ្នែកការពារប្រទេសរបស់ប្រទេសបារាំងនិងជួយស.រ.អា.ក្នុងការរក្សាសមុទ្រនេះឱ្យបើកចំហជាអន្តរជាតិទោះណាជាមានកំណើនការត្រួតត្រារបស់ចិនក៏ដោយ។
សំណើនៃការបើកនាវាទាំងនេះកាត់ផ្ទៃសមុទ្រចិនខាងត្បូងមានទំហំ៣,៥លានគ.ម.ក្រឡាបានត្រូវប្រកាសកាលពីដើមខែមិថុនា នៅក្នុងការប្រជុំនៃការសន្ទនាShangri-La នៃពួកមេដឹកនាំយោធាដែលមានការចូលរួមដោយលោកស្រីរដ្ឋមន្ត្រីការពារប្រទេសបារាំង Florence Parly និងលោក Gavin Williamson ដែលជាសមភាគីអង់គ្លេសរបស់លោកស្រី។
លោក Huang Kwei-bo ជាព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកិច្ចការអន្តរជាតិរបស់សាកលវិទ្យាល័យជាតិ Chengchi ក្នុងក្រុងតៃប៉ិ កោះតៃវ៉ាន់បាននិយាយថា «តាមផ្លូវច្បាប់ប្រទេសបារាំងនិងប្រទេសអង់គ្លេសមានសិទ្ធិក្នុងការបើកនាវាទាំងនេះក្នុងសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែតាមផ្លូវនយោបាយនិងយុទ្ធសាស្ត្រវិញប្រទេសទាំងពីរនេះធ្វើឱ្យស្ថានការណ៍សាំញ៉ាំនិងជួយស.រ.អា.ក្នុងយុទ្ធសាស្ត្រប្រឆាំងនឹងការអះអាងទាមទាររបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងតំបន់នោះ»៕