ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃពុធនេះថា គ្មាននាវាចម្បាំងឬយន្តហោះចម្បាំងណាមួយអាចបំភិតបំភ័យប្រទេសចិនពីការប្តេជ្ញារបស់ខ្លួនដើម្បីការពារទឹកដីរបស់ខ្លួនបានទេ ក្រោយពីគេរាយការណ៍ថាយន្តហោះទម្លាក់គ្រាប់បែកធុន B-52 ពីរគ្រឿងនៃកងទ័ពអាកាសស.រ.អា.បានហោះនៅជិតកោះមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។
ទូរទស្សន៍អាមេរិកាំង CNN បានរាយការណ៍ថា យន្តហោះទាំងពីរគ្រឿងនេះបានហោះនៅជិតប្រជុំកោះ Spratly ដែលនៅទីនោះប្រទេសចិនបានចាក់ដីនិងកសាងផ្លូវឱ្យយន្តហោះឡើងចុះនិងបានស្ថាបនាសំណង់នានានៅលើតំបន់មានថ្មប៉ប្រះទឹកនិងកោះតូចៗដែលមានជម្លោះ។
លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Jim Mattis បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា ស.រ.អា.ចង់ធ្វើការជាមួយប្រទេសចិនអំពីទំនាក់ទំនង«នាំឱ្យមានលទ្ធផល» ក៏ប៉ុន្តែសកម្មភាពរបស់ចិនក្នុងសមុទ្រចិនខាងត្បូងជាការបង្ខិតបង្ខំហើយក្រសួងការពារប្រទេសអាមេរិកនឹង«ប្រកួតប្រជែងយ៉ាងខ្លាំង»ប្រសិនបើជាការចាំបាច់។
ជាញឹកញយស.រ.អា.និងប្រទេសចិនបានរិះគន់គ្នាទៅវិញទៅមកអំពីនរណាដែលធ្វើឱ្យមានកងយោធាក្នុងសមុទ្រចិនខាងត្បូងដែលនៅទីនោះប្រទេសចិន, កោះតៃវ៉ាន់, ប្រទេសវៀតណាម, ម៉ាឡេស៊ី, ប្រ៊ុយណេ, និងប្រទេសហ្វីលីពីន បានទាមទារថាជារបស់ផងខ្លួន។
ថ្លែងនៅក្នុងសន្និសីតកាសែតប្រចាំថ្ងៃ អ្នកស្រី Hua Chunying អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបាននិយាយថា អ្នកស្រីសង្ឃឹមថាស.រ.អ.អាចបំភ្លឺថាតើខ្លួនយល់ថាការបញ្ជូន«អាវុធសម្រាប់វាយលុកបែបនេះ»ទៅកាន់សមុទ្រចិនខាងត្បូងអាចត្រូវចាត់ទុកថាជាការធ្វើឱ្យមានយោធាក្នុងតំបន់នោះឬទេ។ អ្នកស្រីបានថ្លែងថាស.រ.អា.គួរឈប់និយាយច្រើនពេកអំពីបញ្ហាធ្វើឱ្យមានយោធាក្នុងសមុទ្រចិនខាងត្បូង និងឈប់បង្កបញ្ហា៕