នៅក្នុងរបាយការណ៍ចុងក្រោយមួយ របស់អង្គការ Freedom House ដែលជាអង្គការឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានព្រមានពីការ «ធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យដ៏គួរឲ្យភ្ញាក់ផ្អើល» នៅអឺរ៉ុបកណ្ដាល តំបន់បាល់កង់ និង តំបន់អាស៊ីអឺរ៉ុប ខណៈពេលដែលមេដឹកនាំនៅក្នុងតំបន់ ព្យាយាមលប់ចោលការត្រួតពិនិត្យការកាន់អំណាចរបស់ពួកគេ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ដែលមានចំណងជើងថា Nations In Transit របស់អង្គការ Freedom House បានឲ្យដឹងថា៖ « មេដឹកនាំក្នុងតំបន់អឺរ៉ុបកណ្ដាល និងខាងកើត កាន់តែច្រើនឡើង មិនទាំងព្យាយាមបន្លំថាពួកគេគ្រប់គ្រងប្រទេសទេសបែបប្រជាធិបតេយ្យផង។ ពួកមេដឹកនាំទាំងនោះ វាយប្រហារដោយបើកចំហទៅលើស្ថាប័នប្រជាធិបតេយ្យ និងកំពុងរឹតត្បិតសេរីភាពរបស់ប្រជាជន»។
របាយការណ៍និយាយថា ការវាយប្រហារលើស្ថាប័នប្រជាធិបតេយ្យ អាចត្រូវបានពន្លឿនដោយសារតែការរាតត្បាតនៃវីរ៉ុសកូរ៉ូណា ប៉ុន្តែនាយកអង្គការ Freedom House លោក Michael Abramowitz បាននិយាយថា វិបត្តិផ្នែកសុខាភិបាល ក៏ជាចំណុចមួយ ដែលក្រោយពីចប់វិបត្តិនេះទៅ អាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬលទ្ធិប្រជាធិបតេយ្យអាចត្រូវបានគេធ្វើឲ្យរស់ឡើងវិញ»។
លោក Abramowitz បាននិយាយថា៖ «ក្ដីសង្ឃឹមគឺថា បទពិសោធន៍នៃជំងឺរាតត្បាត «នឹងបង្ហាញពីសារៈសំខាន់នៃតម្លាភាព និងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាការជំរុញឲ្យមានការទាមទារការផ្លាស់ប្ដូរថ្មី»។
អង្គការ Freedom House បានឲ្យដឹងទៀតថា ចំនួននៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសចំនួន ២៩ ដែលត្រូវបានបញ្ចូលក្នុងរបាយការណ៍នេះ ស្ថិតក្នុងពិន្ទុទាបបំផុតមិនធ្លាប់មាន គឺនៅត្រឹម ១០ពិន្ទុ។
ពិន្ទុលទ្ធិប្រជាធិបតេយ្យទូទៅសម្រាប់តំបន់នេះ ដែលត្រូវគណនារកពិន្ទុជាធម្យមសម្រាប់ប្រទេសទាំងអស់នេះ បានធ្លាក់ចុះ ១៦ឆ្នាំជាប់គ្នា។
របាយការណ៍នេះក៏បានឲ្យដឹងថា ការធ្លាក់ចុះនៃការកែទម្រង់ប្រជាធិបតេយ្យ ត្រូវបានបង្ហាញតាមរយៈឧបាយកលក្នុងប្រព័ន្ធបោះឆ្នោត ដែលនាំឲ្យអ្នកកាន់អំណាចមានប្រៀបជាង ដែលច្រានចោលអំណាចរបស់រដ្ឋសភាដោយការធ្វើពហិការបស់ក្រុមបក្សប្រឆាំង និងយុទ្ធនាការលាបពណ៌ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមអង្គការសង្គមស៊ីវិល។
របាយការណ៍ដដែលក៏បានបង្ហាញថា ប្រព័ន្ធតុលាការ និងនិតិរដ្ឋ បានក្លាយជាគោលដៅនៃប្រទេសជាច្រើន តាមរយៈការដាក់គ្នីគ្នាឲ្យកាន់ដំណែងក្នុងតុលារការ និងការអនុវត្តច្បាប់រឹតត្បិតជ្រុល ដែលធ្វើឲ្យបាត់បង់ឯករាជ្យភាពរបស់តុលាការ។
ប្រភេទនៃក្របខណ្ឌតុលាការ និងឯករាជ្យភាពក្នុងរបាយការណ៍ បានបង្ហាញឲ្យឃើញនៃការធ្លាក់ចុះយ៉ាងខ្លាំង ដែលក្នុងនោះប្រទេសចំនួន ៦ ត្រូវស្ថិតក្នុងចំណាត់ថ្នាក់អាក្រក់ខ្លាំង គឺសាធារណរដ្ឋឆែក ហ្សកហ្ស៊ី ឡេតូនី ម៉ុងតេណេហ្គ្រោ ប៉ូឡូញ និងស្លូវ៉ាគី។
របបកូនកាត់
របាយការណ៍ដែលមានចំណងជើងថា Nations In Transit នេះបង្ហាញថា ប្រទេសមួយចំនួន ត្រូវបានធ្លាក់ចំណាត់ថ្នាក់ យោងតាមដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ របាយការណ៍នេះបានឲ្យដឹងថា ប្រទេសប៉ូឡូញបានធ្លាក់ចេញពីក្រុមប្រជាធិបតេយ្យ មកត្រឹមចំណាត់ថ្នាក់ បង្រួបបង្រួមប្រជាធិបតេយ្យពាក់កណ្ដាល ក្នុងពេលបច្ចុប្បន្ន។
ប្រទេសហុងគ្រី ស៊ែប៊ី និងម៉ុងតេណេហ្គ្រោ ធ្លាក់ចេញពីផុតពីក្រុមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងឥឡូវនេះត្រូវបានចាត់ចូលជា រដ្ឋាភិបាលអន្តរកាល ឬរបបកូនកាត់។
របាយការណ៍នេះនិយាយថាប្រទេសហុងគ្រី បានធ្លាក់ចំណាត់ថ្នាក់ខ្លាំងបំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ២៥ឆ្នាំកន្លងមក តាំងពីអង្គការ Freedom House ចេញផ្សាយរបាយការណ៍ Nations In Transit របស់ខ្លួនជាលើកដំបូង។
ពិន្ទុលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងមួយទសវត្សកន្លងមក ហើយរបាយការណ៍នេះបានពិពណ៌នាលោកនាយករដ្ឋមន្ត្រី Viktor Orban ថាជាមេដឹកនាំដែល «បានបោះបង់ចោលការធ្វើពុតជាគោរពស្ថាប័នប្រជាធិបតេយ្យ»។
ដូចគ្នានេះដែរ ប្រទេសប៉ូឡូញ ដែលជាសមាជិករបស់សហភាពអឺរ៉ុប ក៏បានធ្លាក់ចំណាត់ថ្នាក់មកត្រឹមប្រទេសបង្រួបបង្រួមប្រជាធិបតេយ្យពាក់កណ្ដាល ភាគច្រើនដោយសារតែការបាត់បង់ឯករាជ្យភាពក្នុងប្រព័ន្ធតុលាការ អស់រយៈពេលជាងប្រាំឆ្នាំកន្លងមកនេះ។
របាយការណ៍នេះបានកត់សម្គាល់ថានៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវស្ថិតក្នុងបញ្ជីរបបផ្ដាច់ការ កំណែទម្រង់រដ្ឋធម្មនុញ្ញរបស់លោកប្រធានាធីបតី Vladimir Putin បើសិនជាត្រូវបានអនុម័តពិតមែន នឹងអនុញ្ញាតឲ្យលោក Putin នៅកាន់តំណែងបន្តលើសពីពីរអាណត្តិ ដែលការណ៍នេះ «បង្ហាញឲ្យឃើញពីការរំលោភបំពាននីតិរដ្ឋ និងគោលការណ៍ជាមូលដ្ឋានរបស់នីតិរដ្ឋ។
យ៉ាងណាក៏ដោយ ក៏មានការវិវឌ្ឍជាវិជ្ជមាននៅក្នុងប្រទេសមួយចំនួន ដូចជាកូសូវ៉ូ ដែលជាប្រទេសតែមួយគត់ ដែលបានកើនចំណាត់ថ្នាក់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ និងប្រទេសម៉ាសេដ្វានខាងជើង ដែលមានការកើនឡើងនៃពិន្ទុ [ប្រជាធិបតេយ្យ]។
ប្រទេសអាមេនីក៏ទទួលបានពិន្ទុខ្ពស់បំផុតរបស់ខ្លួន តាមរយៈការធ្វើឲ្យប្រសើរឡើងពាក់ព័ន្ធនឹងការបោះឆ្នោត និងការលប់បំបាត់អំពើពុករលួយ។
ពិន្ទុអភិបាលកិច្ចក្នុងប្រទេសរបស់អ៊ុយក្រែនបានកើនឡើងបន្តិច ហើយពិន្ទុអំពើពុករលួយក្នុងប្រទេសអ៊ូសបេគីស្ថាន បានកើនឡើងដោយសារកិច្ចប្រឹងប្រែងលុបបំបាត់អំពើពុករលួយតូចតាច៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា