អង្គការ Freedom House បានវាយតម្លៃថា ក្នុងឆ្នាំ២០១៦ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែល «មិនមានសេរីភាព» ខណៈពេលដែលសេរីភាពនៅលើសកលលោកមានការធ្លាក់ចុះ និងមានស្ថានភាពអាក្រក់ជាងមុន។
នៅក្នុងរបាយការណ៍ឈ្មោះ «សេរីភាពពិភពលោកឆ្នាំ២០១៧» អង្គការ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ បានបន្តថា សេរីភាពនៅលើសកលលោកទាំងមូលមានការធ្លាក់ចុះអស់រយៈពេល១១ឆ្នាំជាប់គ្នា។
របាយការណ៍ដែលមាន២៨ទំព័រ ចេញផ្សាយជាសាធារណៈ នាចុងខែមករានេះ បានដាក់ពិន្ទុឲ្យកម្ពុជា៣១លើ១០០ពិន្ទុ ដែលមានន័យថា កម្ពុជានៅតែជាប្រទេសមិនមានសេរីភាពខាងសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋ។
ប្រទេសដែលទទួលបានពិន្ទុខ្ពស់គឺជាប្រទេសដែលមានកម្រិតនៃសេរីភាពពេញលេញ។ ហើយផ្ទុយមកវិញប្រទេសដែលទទួលបានពិន្ទុទាបដូចប្រទេសកម្ពុជា គឺជាប្រទេសដែលមិនមានសេរីភាព។ នេះបើយោងតាមការបកស្រាយរបស់អង្គការ Freedom House។
ដោយការវាយតម្លៃលើសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋ របាយការណ៍នេះរកឃើញថា ក្នុងចំណោមប្រទេសចំនួន១៩៥នៅទូទាំងពិភពលោក ប្រទេសចំនួន៨៧មានសេរីភាពពេញលេញ ប្រទេសចំនួន៥៩មានសេរីភាពខ្លះៗ និងប្រទេសចំនួន៤៩ដទៃទៀត រួមទាំងកម្ពុជាផងនោះ មិនមានសេរីភាពនោះទេ។ ក្នុងតំបន់អាស៊ាន កម្ពុជាមានពិន្ទុល្អជាងប្រទេសឡាវ និងវៀតណាម ប៉ុន្តែកម្ពុជាមានពិន្ទុទាបជាងប្រទេសថៃនិងប្រទេសភូមា ឬមីយ៉ាន់ម៉ា។
ដោយឡែក ប្រទេសដែលមានសេរីភាពបំផុតលើពិភពលោកគឺប្រទេសស៊ុយអ៊ែត ន័រវែស និងហ្វាំងឡង់ ដែលទទួលបានពិន្ទុ១០០ពេញ។ហើយប្រទេសស៊ីរី គឺជាប្រទេសដែលទទួលបានពិន្ទុទាបជាងគេនៅក្នុងពិភពលោក ដោយបានពិន្ទុដក១ (-1) ដែលមានន័យថា សេរីភាពក្នុង ប្រទេសនេះមានស្ថានភាពអាក្រក់បំផុត។
ក្នុងរបាយការណ៍កាលពីឆ្នាំ២០១៦កន្លងទៅ ប្រទេសកម្ពុជាបានទទួលពិន្ទុ៣២ ពោលគឺកម្ពុជាធ្លាក់មួយពិន្ទុមកត្រឹម៣១នៅក្នុងរបាយការណ៍ឆ្នាំ២០១៧នេះ។
អ្នកស្រីធីតា ឃឹះ ប្រធានអង្គការសីលការ ដែលឃ្លាំមើលគោលនយោបាយសាធារណៈនៅកម្ពុជា យល់ថា អង្គការ Freedom House ដកមួយពិន្ទុចេញពីប្រទេសកម្ពុជានេះគឺដោយសារមានការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីគណបក្សជំទាស់ជាច្រើនរូប និងមានការប្រើប្រាស់ប្រព័ន្ធតុលាការលើបទបរិហារកេរ្តិ៍ ក្នុងចំណោមអ្នកនយោបាយជាដើម។
«ពីមុនមក យើងមានសេរីភាពគួរសមដែរ។ យើងមានអង្គការសិទ្ធិមនុស្សរឹងមាំ ពលរដ្ឋមិនសូវជាភ័យខ្លាចអីប៉ុន្មានទេ។ ក៏ប៉ុន្តែក្នុងពេលថ្មីៗនេះ ស្ថានភាពនយោបាយមានការអាប់អួរ។ ហើយរឿងប្តឹងផ្តល់គ្នាមានច្រើនទាក់ទងនឹងបទបរិហារកេរ្តិ៍អីចឹង ធ្វើឲ្យមនុស្សមានការរអារ ក្នុងការបញ្ចេញមតិយោបល់»។
យ៉ាងណាក៏ដោយ អ្នកស្រីធីតា ឃឹះយល់ថា ស្ថានភាពសេរីភាពទូទៅរបស់កម្ពុជាគួរតែទទួលបានពិន្ទុខ្ពស់ជាងនេះ ដោយសារពលរដ្ឋទូទៅអាចបញ្ចេញមតិបានច្រើនជាងមុនតាមប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គម។
អង្គការ Freedom House នាពេលកន្លងមក បានដាក់ពិន្ទុប្រទេសកម្ពុជា ដោយពិនិត្យមើលលើករណីការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល ការកាត់ទោសមន្ត្រីជាន់ខ្ពស់ និងសកម្មជនរបស់គណបក្សជំទាស់ និងការអនុម័តច្បាប់សហជីពដ៏ចម្រូងចម្រាស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល មិនចាប់អារម្មណ៍នឹងការវាយតម្លៃរបស់អង្គការ Freedom House ចំពោះកម្ពុជានោះទេ។ លោកនិយាយថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីតថភាពពិតជាក់ស្តែងនៃសេរីភាពនៅកម្ពុជាឡើយ។
«ដូច្នេះរបាយការណ៍នេះ មិនឋិតក្នុងរបាយការណ៍វិទ្យាសាស្ត្រទេគឺមានទិសដៅនយោបាយ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អង្គការនោះឯង។ របាយការណ៍ហ្នឹងមានចង្អុលពីបំណងអាក្រក់របស់សម្ព័ន្ធអង្គការនោះឯង ដែលគេហៅថា របាយការណ៍«វិទ្ធង្សនា»។ ដូច្នេះយើងគ្មានចាប់អារម្មណ៍ទេ របាយការណ៍ហ្នឹង»។
លោកផៃ ស៊ីផានអះអាងថា កម្ពុជាមានសេរីភាពនយោបាយគ្រប់គ្រាន់ ដោយសារពលរដ្ឋកម្ពុជាទាំងអស់សុទ្ធតែមានសិទ្ធិបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន។
រីឯសេរីភាពពលរដ្ឋវិញ លោកផៃ ស៊ីផានពន្យល់បន្តថា កន្លងមករដ្ឋាភិបាលកម្ពុជាគ្រាន់តែរឹតត្បិតចំពោះការតវ៉ា ឬប្រមូលផ្តុំណាដែលគ្មានការអនុញ្ញាត និងផ្ទុយពីច្បាប់ប៉ុណ្ណោះ។
របាយការណ៍ «សេរីភាពពិភពលោកឆ្នាំ២០១៧»នេះគូសបញ្ជាក់បន្ថែមថា ស្ថានភាពសេរីភាពនៅលើពិភពលោកមានការធ្លាក់ចុះ គឺដោយសារសេរីភាពនៅតាមប្រទេសនីមួយៗមានស្ថានភាពអាក្រក់ជាងមុន ជាអាទ៍ ការរឹតត្បិតពីប្រទេសដាណឺម៉ាកលើសិទ្ធិជនអន្តោប្រវេសន៍ និងជនភៀសខ្លួន សង្គ្រាមបង្ក្រាបគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងយុទ្ធនាការស្រពិចស្រពិលរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump ចំពោះសេរីភាពពលរដ្ឋ និងតួនាទីសហរដ្ឋអាមេរិកនៅក្នុងពិភពលោកជាដើម៕