ប្រទេសបារាំងបានប្រារព្ធទិវាការកាន់ទុក្ខចំពោះការស្លាប់មនុស្សយ៉ាងហោចណាស់ក៏១២នាក់នៅក្នុងការវាយប្រហារដោយការបាញ់ប្រហារកាលពីថ្ងៃពុធនៅកណ្តាលទីក្រុងប៉ារីស នៅពេលដែលប៉ូលិសបន្តស្វែងរកជនសង្ស័យទាំង២នាក់នោះ។ ទង់ជាតិបានទម្លាក់ចុះត្រឹមពាក់កណ្តាលដងកាលពីថ្ងៃព្រហស្បតិ៍ ហើយសាលារៀនបានបិទ សន្តិសុខបានបង្កើននៅជុំវិញតំបន់ទីក្រុងប៉ារីស បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏ប្រល័យបំផុតនៅក្នុងប្រទេសនោះ ក្នុងប៉ុន្មានទសវត្សរ៍នេះ។ ប្រទេសបារាំងបានធ្វើពិធីស្មឹងស្មាធរយៈពេលមួយនាទីនៅពេលថ្ងៃត្រង់។មន្រ្តីប៉ូលិសម្នាក់បានត្រូវសម្លាប់នៅក្នុងឧបទ្ទវហេតុបាញ់ប្រហារមួយទៀតនៅខាងក្រៅរដ្ឋធានីកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក៏ប៉ុន្តែសេចក្តីរាយការណ៍ពីដំបូងៗបានប្រាប់ឲ្យដឹងថា វាមិនទាក់ទងនឹងការបាញ់ប្រហារកាលពីថ្ងៃពុធទេ។
ពួកអាជ្ញាធរនិយាយថា រហូតមកទល់ពេលនេះ ពួកគេបានឃុំខ្លួនជនសង្ស័យ៧នាក់ទាក់ទិនទៅនឹងការវាយប្រហារដ៏ប្រល័យកាលពីថ្ងៃពុធទៅលើការិយាល័យរបស់ទស្សនាវដ្តីរូបត្លុកកំបែ្លង Charlie Hebdo។ ក៏ប៉ុន្តែបុរសទាំង២នាក់នោះនៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។ ប៉ូលិសបានចេញដីការចាប់ខ្លួនបងប្អូនប្រុស២នាក់ឈ្មោះ Cherif និង Said Kuachi។ ប៉ូលិសនិយាយថា ពួកគេមានអាវុធហើយជាអ្នកបង្កគ្រោះថ្នាក់។ ជនសង្ស័យទី៣អាយុ១៨ឆ្នាំមានឈ្មោះថា Hamyd Mourad បានប្រគល់ខ្លួនឲ្យអាជ្ញាធរ ក៏ប៉ុន្តែនៅមិនទាន់ប្រាកដថា តើជននោះបានពាក់ព័ន្ធដែរឬទេ។
ពួកអាជ្ញាធរជឿជាក់ថា ការវាយប្រហារនោះបណ្តាលមកពីក្រុមឥស្លាមជ្រុលនិយម។ Cherif ជាបងប្រុសបានធ្លាប់ជាប់គុកកាលពី៣-៤ឆ្នាំមុនចំពោះការពាក់ព័ន្ធនៅក្នុងបណ្តាញមួយដែលបញ្ជូនពួកអ្នកប្រយុទ្ធទៅកាន់ប្រទេសអ៊ីរ៉ាក់។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តីបារាំង Manuel Valls បាននិយាយថា «ជនសង្ស័យទាំង២បានត្រូវទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្គាល់អត្តសញ្ញាណហើយ។ លោកនាយករដ្ឋមន្រ្តី ពណ៌នាពួកគេថា បានធ្វើសកម្មភាពដូចជាទាហាន។ ឥឡូវនេះបារាំងត្រូវប្រឈមជាមួយការគំរាមកំហែងដោយភេរវកម្មដែលមិនធ្លាប់មានកាលពីពេលមុន»។
ទាំងក្រុមរដ្ឋឥស្លាមនិងក្រុម al-Qaida បានគំរាមកំហែងប្រទេសបារាំង។
កាលពីថ្ងៃពុធ ពលរដ្ឋបារាំងរាប់ម៉ឺននាក់បានធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅទូទាំងប្រទេស។ លោកJean Francois Jouanne បានធំដឹងក្តីជាមួយក្រុមអ្នកគូរគំនូរត្លុកកំប្លែងរបស់ទស្សនាវដ្តី Charlie Hebdo ដែលនៅក្នុងចំណោមអ្នកដែលត្រូវបានគេសម្លាប់កាលពីថ្ងៃពុធ។
«ខ្ញុំមកទីនេះដើម្បីបង្ហាញការគាំទ្រក្រុមដ៏អស្ចារ្សរ៍នេះហើយនឹងដើម្បីបង្ហាញថា យើងនៅទីនេះដើម្បីសេរីភាពនៃការនិយាយស្តីនិងសេរីភាពនៃការបញ្ចេញមតិ។ភាពឃោរឃៅនឹងមិនអាចសម្លាប់សំឡេងរបស់ប្រជាពលរដ្ឋដែលជឿជាក់លើសេរីភាពនៃការនិយាយស្តីបានទេ»។
បារាំងមានប្រវត្តិជាយូរយារណាស់មកហើយនៅក្នុងការប្រឈមនឹងភេរវកម្ម ដែលមានតាំងពីក្នុងទសវត្សរ៍១៩៩០ នៅពេលដែលភេរវជនអាល់ហ្សេរីបានធ្វើការវាយប្រហារបំផ្ទុះគ្រាប់បែកនៅផ្លូវរទេះភ្លើងក្រោមដីក្នុងទីក្រុងប៉ារីស។ កាលពីពេលថ្មីៗនេះ ពលរដ្ឋបារាំងជាង១ពាន់នាក់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីដើម្បីចូលរួមចលនាជីហាដ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន