ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​បារាំង​ថា «លក្ខខណ្ឌ​តឹងតែង​ច្បាស់លាស់» គួរ​មាន​ជាមួយ​រុស្ស៊ី


រូបឯកសារ៖ ប្រធានាធិបតី​បារាំង លោក Emmanuel Macron (កណ្ដាល) ឈរ​និយាយ​គ្នា​ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់ អ្នកស្រី Angela Merkel (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតី​បារាំង លោក Emmanuel Macron (កណ្ដាល) ឈរ​និយាយ​គ្នា​ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់ អ្នកស្រី Angela Merkel (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

ប្រទេស​មហា​អំណាច​នៅ​លើ​ពិភពលោក​គួរតែ​កំណត់​នូវ «លក្ខខណ្ឌ​តឹងតែង​ច្បាស់លាស់» ជាមួយ​នឹង​ប្រទេស​រុស្ស៊ី ហើយ​ត្រូវ​ពិចារណា​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​ពេល​ដែល​លក្ខខណ្ឌ​ទាំង​នេះ​ត្រូវ​បាន​បំពាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ព័ត៌មាន CBS របស់​សហរដ្ឋ​អាមេរិក។

លោក Macron បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជា​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ថា៖ «យើង​ត្រូវ​កំណត់​លក្ខខណ្ឌ​តឹងតែង​ច្បាស់លាស់​ជាមួយ​នឹង​រុស្ស៊ី»។

លោក​និយាយ​ដូច្នេះ​ថា៖ «នេះ​គឺជា​វិធី​តែ​មួយ​គត់​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ជឿជាក់។ ទណ្ឌកម្ម​តែ​មួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ ប៉ុន្តែ​ទណ្ឌកម្ម​គឺ​ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​ទាំង​មូល»។

លោក​បាន​បន្ថែម​ថា លោក​ក៏​យល់ស្រប​ផងដែរ​ជាមួយ​នឹង​ឆន្ទៈ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ក្នុង​ការ​បើក​ការ​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​អំឡុងពេល​ដែល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​នេះ។

ការ​លើកឡើង​របស់​លោក Macron ដូច​នេះ គឺជា​ការ​ងាក​ចេញ​ពី​គោលជំហរ​ពី​មុន​របស់​រដ្ឋាភិបាល​បារាំង​លើ​ប្រទេស​រុស្ស៊ី និង​បាន​ធ្វើ​ឲ្យ​បារាំង​ងាក​កាន់តែ​ជិត​ទៅរក​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន។

ចាប់​តាំងពី​បាន​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​បារាំង​នៅ​ក្នុង​ឆ្នាំ ២០១៧ មក លោក Macron បាន​ព្យាយាម​កាត់​បន្ថយ​ភាព​មិន​ជឿ​ទុកចិត្ត​គ្នា​រវាង​រុស្ស៊ី​និង​បស្ចិម​ប្រទេស ដោយ​លោក​សង្ឃឹម​ថា​រុស្ស៊ី​នឹង​អាច​ជួយ​ដោះស្រាយ​វិបត្តិ​តឹងតែង​បំផុត​នានា​នៅ​លើ​ពិភពលោក។

លោក Macron បាន​លើកឡើង​ដូច​ខាង​លើ​នេះ នៅ​ចំ​ពេល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ខ្លាំង​បំផុត​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី ចាប់​តាំងពី​ពេល​បញ្ចប់​សង្រ្គាម​ត្រជាក់​នៅ​ឆ្នាំ ១៩៨៩ មក។

កាលពី​ពេល​ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន​លើ​រុស្ស៊ី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ដាក់កំហិត​លើ​ទីផ្សារ​បំណុល​រដ្ឋ​របស់​រុស្ស៊ី​ផងដែរ។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារតែ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន ការ​លួច​វាយ​ប្រហារ​របស់​រុស្ស៊ី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការ​យាយី​ប្រទេស​អ៊ុយក្រែន និង​ទង្វើ​អាក្រក់​ផ្សេងៗ​ទៀត៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG