អាជ្ញាធរក្នុងប្រទេសបាគីស្ថានបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតពីរនៅខាងក្រៅព្រះវិហារគ្រិស្តសាសនាក្នុងក្រុង Lahore បានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់១៤នាក់ស្លាប់និងបានធ្វើឲ្យមនុស្សជិត៧០នាក់ទៀតត្រូវរបួស។
ក្រុមមន្ត្រីពេទ្យបាននិយាយថាមានមនុស្សយ៉ាងតិចណាស់៣០នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
អ្នកឃើញហេតុការណ៍ដោយផ្ទាល់និយាយថា ជនប្រដាប់អាវុធពីរនាក់បានព្យាយាមបាញ់កាំភ្លើងទម្លាយផ្លូវចូលទៅក្នុងព្រះវិហារគ្រិស្តសាសនាទាំងនោះនៅថ្ងៃអាទិត្យនេះ នៅក្នុងសង្កាត់មួយដែលមានអ្នកស្រុកភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត។
នៅពេលក្រុមឆ្មាំសន្តិសុខបញ្ឈប់ពួកគេនៅក្លោងទ្វារ អ្នកធ្វើការវាយប្រហារទាំងនេះបានបំផ្ទុះគ្រឿងផ្ទុះចងភ្ជាប់នឹងរាងកាយរបស់ពួកគេ។
ក្រុមមន្ត្រីបាននិយាយថា ក្រុមសកម្មប្រយុទ្ធមួយជាសម្ព័ន្ធមិត្តជាមួយក្រុមតាលីបង់បាគីស្ថានបានអះអាងទទួលខុសត្រូវដល់ការវាយប្រហារនេះ។
អំពើហិង្សានេះបានធ្វើឲ្យក្រុមអ្នកគោរពសាសនាគ្រិស្តខឹងសម្បារ ហើយនៅពេលបន្ទាប់មកក្រុមគ្រិស្តសាសនិកបានដើរធ្វើបាតុកម្មនៅតាមផ្លូវប្រឆាំងនឹងអ្វីដែលពួកគេនិយាយថា ជាបរាជ័យរបស់ក្រុមអាជ្ញាធរក្នុងការការពារពួកគេ។
មានរបាយការណ៍ថាក្រុមបាតុករបានចូលលុកលុយក្នុងអាគាររដ្ឋាភិបាលក្នុងក្រុងនោះ ហើយបានដុតទ្បានថែមទៀតផង។
សង្កាត់ Youhanabad ផ្នែកមួយនៃទីក្រុង Lahore ដែលមានការវាយប្រហារនេះ ជាកន្លែងរស់នៅរបស់មនុស្សជិតមួយលាននាក់ និងជាកន្លែងធំមួយក្នុងបណ្តាកន្លែងធំៗដែលមានក្រុមអ្នកកាន់សាសនាគ្រិស្តភាគតិចរស់នៅនៅក្នុងប្រទេស បាគីស្ថាន៕