កងទ័ពជើងទឹកស.រ.អា.បញ្ជាក់ថាអ្នកខ្មាន់កាំភ្លើងម្នាក់និងជនរងគ្រោះបីនាក់បានស្លាប់នៅក្រោយការបាញ់ប្រហារក្នុងមូលដ្ឋានកងទ័ពជើងទឹកនិងកងទ័ពអាកាសនៅ Pensacola ក្នុងរដ្ឋ Florida។
មនុស្សម្នាក់បានបាញ់កាំភ្លើងនៅក្នុងអាគារមួយមានថ្នាក់រៀននៅក្នុងមូលដ្ឋានកងទ័ពជើងទឹក និងកងទ័ពអាកាសនៅ Pensacola ក្នុងរដ្ឋ Florida កាលពីព្រឹកថ្ងៃសុក្រនៅក្នុងការវាយប្រហារមួយបណ្តាលឱ្យមនុស្សបួននាក់ស្លាប់ដោយបូករួមអ្នកវាយប្រហារផង ហើយមានមនុស្សមួយចំនួនទៀតបានត្រូវរបួស។
ការបាញ់ប្រហារនេះដែលជាការបាញ់លើកទីពីរនៅក្នុងមូលដ្ឋាននៃកងទ័ពជើងទឹកក្នុងសប្តាហ៍នេះ ដែលបាននាំឱ្យមានការឆ្លើយតបដោយពួកមន្ត្រីខាងការពង្រឹងច្បាប់ច្រើននាក់ និងមានការរារាំងមិនឱ្យមនុស្សចេញនិងចូលក្នុងមូលដ្ឋាននោះផងដែរ។
លោក David Morgan ដែលជាមេប៉ូលិសមូលដ្ឋាននៃស្រុក Escambia បាននិយាយថា មនុស្សបួននាក់បានស្លាប់ ហើយថា អនុប្រធានប៉ូលិសក្នុងមូលដ្ឋានពីរនាក់ដែលជាអ្នកទៅដល់កន្លែងកើតហេតុមុនគេដោយមានរួមបញ្ចូលទាំងប៉ូលិសដែលបានបាញ់សម្លាប់អ្នកវាយប្រហារផង បានត្រូវរបួស ក៏ប៉ុន្តែបានត្រូវរំពឹងថានឹងជាសះស្បើយឡើងវិញ។
អ្នកស្រី Kathy Bowers អ្នកនាំពាក្យនៃមន្ទីរពេទ្យ Baptist Care ក្នុងក្រុង Pensacola បាននិយាយថា មនុស្ស៨នាក់ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យនេះហើយជនរងគ្រោះម្នាក់បានបាត់បង់ជីវិត៕