ពលការិនីខ្មែរចំនួន៤នាក់ ដែលបានទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ីតាមរយៈមេខ្យល់ត្រូវបានជួយសង្គ្រោះដោយស្ថានទូតខ្មែរក្នុងប្រទេសនោះ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ពលការិនីមួយរូបក្នុងចំណោម៤រូប ដែលមកពីខេត្តព្រៃវែង បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញកាលពីរ សៀលថ្ងៃពុធនេះ រីឯពលការិនីបីរូបផ្សេងទៀត ដែលមកពីខេត្តកណ្តាល ខេត្តកំពង់ឆ្នាំ និងខេត្ត កំពង់ធំនឹងមកដល់ប្រទេសកំណើតនាព្រឹកថ្ងៃព្រហស្បតិ៍ស្អែក។
លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសរសេរក្នុងលិខិតដែលចេញផ្សាយនាថ្ងៃពុធនេះថា ពលការិនីទាំង៤រូបបានមកសុំការជួយសង្គ្រោះពីឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីជាបន្តបន្ទាប់ចាប់តាំងពីពាក់កណ្តាលខែតុលានេះ ក្រោយពេលពួកគេជួបប្រទះការលំបាក។ ពួកគេទាំងនោះបានធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ីអស់រយៈពេលពី១ឆ្នាំដល់បីឆ្នាំ។
នាប៉ុន្មានឆ្នាំចុងក្រោយនេះ ពលករ ពលការិនីកម្ពុជាជាច្រើនម៉ឺននាក់បានប្រថុយប្រថានចាកចេញទៅធ្វើការទាំងស្របច្បាប់និងខុសច្បាប់ នៅប្រទេសជិតខាង ដោយសារបញ្ហាសេដ្ឋកិច្ចគ្រួសារ។ ក្នុងនោះពលករមួយចំនួនត្រូវបានគេបោកយកទៅលក់ឲ្យធ្វើការលើទូកនេសាទលើផ្ទៃសមុទ្រក្នុងប្រទេសថៃ និងម៉ាឡេស៊ី៕