ចំនួនមនុស្សដែលបានប្រហារជីវិតបានធ្លាក់មកនៅ៦៥៧នាក់នៅទូទាំងពិភពលោក មានចំនួន៣៣នាក់តិចជាងកាលពីឆ្នាំ២០១៨ ដោយការប្រហារជីវិតទាំងអស់នេះ ត្រូវបានធ្វើឡើងនៅក្នុងតែចំនួន២០ប្រទេសតែប៉ុណ្ណោះ។ នេះតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយ កាលពីថ្ងៃទី២១ ខែមេសានេះ ដោយអង្គការសិទ្ធិមនុស្ស Amnesty International។
លោកស្រី Clare Algar នាយកជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវ គាំទ្រនិងគោលនយោបាយរបស់អង្គការសិទ្ធិមនុស្ស Amnesty International និយាយថា «ទោសប្រហារជីវិតជាការធ្វើទោសគួរឲ្យស្អប់ខ្ពើម និងអមនុស្សធម៌ ហើយថាពុំមានភស្តុតាងដែលបង្ហាញថា ទោសប្រហារជីវិតមានប្រសិទ្ធភាពជាងទោសជាប់ពន្ធនាគារទេ។ ប្រទេសភាគច្រើនទទួលស្គាល់អំពីបញ្ហានេះ ហើយការប្រហារជីវិតដែលបន្តធ្លាក់ចុះនៅទូទាំងពិភពលោកនេះជាការលើកទឹកចិត្តមួយ»។
ទោះជាយ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះបាននិយាយថា ការខ្វះតម្លាភាពក្នុងការរាយការណ៍អំពីការប្រហារជីវិតនេះ មានន័យថា ចំនួនពិតប្រាកដអាចមានច្រើនជាងនេះ។
ឧទាហរណ៍ តួលេខទាំងនោះមិនបានរួមបញ្ចូលការប្រើទោសប្រហារជីវិតនៅក្នុងប្រទេសចិនដែលមានអ្នកដែលត្រូវប្រហារជីវិតច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ចំនួនមនុស្សដែលត្រូវប្រហារជីវិតនៅក្នុងប្រទេសចិន ត្រូវបានចាត់ទុកជាការសម្ងាត់ ក៏ប៉ុន្តែត្រូវបានគេជឿថា មានរាប់ពាន់នាក់។
របាយការណ៍របស់អង្គការសិទ្ធិមនុស្ស Amnesty International ឲ្យដឹងថា នៅប្រទេសអ៊ីរ៉ង់មានការប្រហារជីវិតមនុស្សយ៉ាងតិចណាស់ក៏២៥១នាក់ដែរ នៅអារ៉ាប៊ីសាអូឌីត១៨៤នាក់ នៅអ៊ីរ៉ាក់យ៉ាងហោចណាស់ក៏១រយនាក់ និងនៅប្រទេសអេហ្ស៊ីបយ៉ាងហោចណាស់ក៏៣២នាក់ដែរ។
លោកស្រី Algar បានចុចយកប្រទេសមួយចំនួនអំពីការមិនមានតម្លាភាពក្នុងការប្រើទោសប្រហារជីវិតនេះ។
លោកស្រី Algar បាននិយាយទៀតថា «ការប្រហារជីវិតកំពុងធ្វើឡើងដោយសម្ងាត់នៅទូទាំងពិភពលោក។ ក្នុងប្រទេសមួយចំនួនតាំងពីប្រទេសបេឡារុស រហូតដល់ប្រទេសបុតស្វាណា (Botswana) និងពីអ៊ីរ៉ង់ ដល់ជប៉ុន ការប្រហារជីវិតត្រូវបានធ្វើឡើងដោយមិនមានការផ្តល់ព័ត៌មានជាមុនដល់ក្រុមគ្រួសារ មេធាវី ឬក្នុងករណីខ្លះ ដល់បុគ្គលដែលត្រូវប្រហារជីវិតខ្លួនឯងផង»។
គ្មានការបើកចំហរ
លោកស្រី Algar បាននិយាយថា «ប្រទេសចិន កូរ៉េខាងជើង និងវៀតណាម បន្ត«លាក់ចំនួនទោសប្រហារជីវិតដោយរឹតត្បិតការទទួលបានព័ត៌មានអំពីទោសប្រហារជីវិត»។
លោកស្រី Algar បាននិយាយថា «សូម្បីបណ្តាប្រទេសដែលគាំទ្រយ៉ាងខ្លាំងបំផុតដល់ទោសប្រហារជីវិត មានការលំបាកក្នុងការពន្យល់អំពីមូលហេតុនៃការប្រើប្រាស់ទោសនេះ ហើយសម្រេចលាក់បាំងមិនឲ្យគេដឹង។ ប្រទេសទាំងនោះជាច្រើន ព្យាយាមលាក់បាំងវិធីប្រើប្រាស់ទោសប្រហារជីវិតរបស់ខ្លួន ព្រោះប្រទេសទាំងនោះដឹងថាពួកគេមិនអាចពន្យល់អន្តរជាតិបានទេ»។
ប្រទេសមួយក្នុងបណ្តាប្រទេសទាំងនោះគឺ អ៊ីរ៉ង់ដែលការប្រើទោសប្រហារជីវិត បានចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្រ្ត ក៏ប៉ុន្តែអង្គការសិទ្ធិមនុស្ស Amnesty International បានក្រើនរំលឹកពីការប្រហារជីវិតយ៉ាងសម្ងាត់ដល់ក្មេងប្រុស២នាក់ដែលត្រូវបានចាប់ខ្លួនហើយបានចោទប្រកាន់ក្មេងប្រុសអាយុ១៥ឆ្នាំទាំងនោះពីបទចោទប្រកាន់ការចាប់រំលោភផ្លូវភេទជាច្រើនបន្ទាប់ពីការកាត់ទោសមិនត្រឹមត្រូវមក។
ក្មេងប្រុសទាំង២នាក់នោះមិនបានដឹងខ្លួនថា ពួកគេបានត្រូវគេកាត់ទោសប្រហារជីវិតមុនពេលប្រហារជីវិតពួកគេទេ ហើយ «សាកសពរបស់ពួកគេមានស្នាមវាយនឹងខ្សែតីហើយត្រូវបានគេប្រាប់ឲ្យដឹងថា ពួកគេបានត្រូវគេវាយមុនពេលស្លាប់»។
អង្គការសិទ្ធិមនុស្សនេះបានប្រាប់ឲ្យដឹងថា ចំនួនមនុស្សដែលត្រូវបានប្រហារជីវិតក្នុងប្រទេសអ៊ីរ៉ង់ បានត្រូវធ្លាក់ចុះយ៉ាងតិចណាស់ក៏២នាក់ បើប្រៀបធៀបទៅនឹងឆ្នាំមុន នៅពេលការប្រហារជីវិតចំនួន២៥៣ករណីបានត្រូវកត់ត្រា។ ក៏ប៉ុន្តែ មនុស្ស៤នាក់នៃបណ្តាមនុស្សដែលត្រូវសម្លាប់នោះមានអាយុក្រោម១៨ឆ្នាំ។
អង្គការសិទ្ធិមនុស្ស Amnesty International បានសន្មតថា ការធ្លាក់ចុះចំនួននៃការប្រហារជីវិត មួយផ្នែកដោយសារ «ការកាត់បន្ថយយ៉ាងខ្លាំង» នូវចំនួននៃការប្រហារជីវិតដែលប្រាប់ឲ្យដឹងនៅក្នុងប្រទេសនានាដូចជា អេហ្ស៊ីប ជប៉ុន និងសិង្ហបុរីដែលអង្គការសិទ្ធិមនុស្ស Amnesty International បាននិយាយថា ជាប្រទេសដែលគាំទ្រយ៉ាងខ្លាំងដល់ទោសប្រហារជីវិត។
របាយការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា ប្រទេសកាហ្សាក់ស្ថាន រុស្ស៊ី និង តាហ្ស៊ីគីស្ថាន (Tajikistan) ស្ថិតនៅក្នុងចំណោមប្រទេសដែលបន្តគោរពការផ្អាកជាផ្លូវការលើការប្រហារជីវិត។ ហើយមិនមានការប្រហារជីវិតបានធ្វើឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាលើកទី១ចាប់តាំងពីឆ្នាំ២០១០មក។
«និន្នាការនៃការធ្លាក់ចុះការប្រហារជីវិតយ៉ាងខ្លាំង» ក៏បានត្រូវរាយការណ៍នៅក្នុងប្រទេសប៉ាគីស្ថាន ដែលនៅទីនោះ ការប្រហារជីវិតមនុស្ស១៤នាក់ត្រូវបានធ្វើឡើង២ឆ្នាំជាប់ៗគ្នា។ ការធ្លាក់ចុះនេះ កើតមានឡើងបន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងក្នុងការប្រើទោសប្រហារជីវិតនៅឆ្នាំ២០១៥មក។
ប្រទេសមួយក្នុងចំណោមប្រទេសដែលមិនមានការចុះថយក្នុងការប្រើទោសប្រហារជីវិតគឺ ប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រទេសនេះបានប្រហារជីវិតមនុស្ស១៨៤នាក់ ហើយត្រូវបានរិះគន់ចំពោះការបង្កើនការប្រើទោសប្រហារជីវិត «រួមមានការប្រើទោសប្រហារជីវិតនេះជាអាវុធប្រឆាំងនឹងអ្នកប្រឆាំងខាងនយោបាយផង»។ ការណ៍នេះបានកត់សម្គាល់ថា ជាការប្រហារជីវិតចំនួនដ៏ខ្ពស់បំផុតក្នុងតំបន់មជ្ឈឹមបូព៌ា។
របាយការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា ចំនួនប្រហារជីវិតកើនឡើងជិតទ្វេដងក្នុងមួយឆ្នាំគឺក្នុងប្រទេសអ៊ីរ៉ាក់ ដែលទោសប្រហារជីវិត បានត្រូវគេប្រើយ៉ាងតិចណាស់ក៏១រយដងដែរនៅឆ្នាំ២០១៩។
ការកើនឡើងនូវការប្រហារជីវិតនោះបានត្រូវគេសន្មតមួយផ្នែកធំចំពោះការប្រហារជីវិតបុគ្គលដែលរងការចោទប្រកាន់ថាជាផ្នែកមួយនៃក្រុមជ្រុលនិយមរដ្ឋឥស្លាម។
សហរដ្ឋអាមេរិកបានបន្តដំណើរការរបស់ខ្លួនអស់ចំនួន១១ឆ្នាំជាប្រទេសតែមួយគត់ធ្វើការប្រហារជីវិតនៅទ្វីបអាមេរិក ដោយមានការប្រហារជីវិតមនុស្ស២២នាក់ ក៏ប៉ុន្តែ បានប្រើទោសប្រហារជីវិត និងធ្វើការប្រហារជីវិតតិចជាងមុន។
អង្គការសិទ្ធិមនុស្ស Amnesty International បានប្រាប់ឲ្យដឹងទៀតថា ឆ្នាំ២០១៩ នៅក្នុងសហរដ្ឋអាមេរិកមានការជឿនលឿនយ៉ាងខ្លាំងឆ្ពោះទៅកាន់ការលុបបំបាត់ការប្រហារជីវិតនៅតាមរដ្ឋហើយនៅបន្តការប្រហារជីវិតដោយអាជ្ញាធរសហព័ន្ធ៕
ប្រែសម្រួលដោយជឹង ប៉ូជីន