អង្គការផ្តល់ជំនួយសង្គ្រោះកុមារ Save the Children រាយការណ៍ថា ពួកជនទេសន្តប្រវេសន៍ប្រមាណ៤០នាក់ប្រហែលបានលង់ទឹកស្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងសមុទ្រមេឌីទែរ៉ានេ (Mediterranee) នៅពេលកាណូតកៅស៊ូមានម៉ាស៊ីនដែលពួកគេជិះបានធូរខ្យល់ឬបានផ្ទុះនៅពេលពួកគេខិតខំព្យាយាមឆ្លងឱ្យបានទៅដល់ឆ្នេរសមុទ្រនៃប្រទេសអ៊ីតាលី។
ក្រុមមនុស្សធម៌នេះបាននិយាយថា ពួកអ្នកនៅរស់ពីគ្រោះថ្នាក់នេះបានរាយការណ៍ថា មាន«មនុស្សច្រើននាក់ណាស់»បានស្លាប់នៅពេលពួកគេធ្លាក់ក្នុងសមុទ្រហើយមិនអាចហែលទឹក។ ជនដែលស្លាប់ទាំងនេះជាក្រុមមនុស្សស្លាប់ថ្មីៗបំផុតក្នុងបណ្តាពួកជនជាង១៧៥០នាក់ដែលបានបាត់បង់ជីវិតក្នុងឆ្នាំនេះនៅក្នុងចំណោមក្រុមជនទេសន្តប្រវេសន៍ជាច្រើននាក់ដែលបានខិតខំព្យាយាមរត់គេចខ្លួនពីជម្លោះនិងភាពទីទាល់ក្រនៅក្នុងទ្វីបអាហ្វ្រិក និងភូមិភាគមជ្ឈឹមបូព៌ា។
ពួកអ្នកនៅរស់មកពីប្រទេសហ្គាណា )Ghana) ហ្គំប៊ី (Gambia) សេណេហ្កាល់ (Senegal) និងប្រទេសកូឌីវ័រ (Cote d'Ivoire) បានរាយការណ៍អំពីការស្លាប់នៃពួកជនទាំងនេះនៅពេលពួកគេបានទៅដល់កំពង់ផែ Catania នៃប្រទេសអ៊ីតាលី។
កងនាវានៃកងទ័ពជើងទឹកនិងក្រុមឆ្មាំឆ្នេរសមុទ្រអ៊ីតាលីបានជួយសង្គ្រោះជនទេសន្តប្រវេសន៍ជិត៦ពាន់៨រយនាក់កាលពីដំណាច់សប្តាហ៍មុនហើយជនប្តូរលំនៅដ្ឋាន៦៥២នាក់ទៀតបានទៅដល់ប្រទេសអ៊ីតាលីកាលពីថ្ងៃអង្គារនៅលើនាវាឈ្មោះ Bettica នៃកងទ័ពជើងទឹកអ៊ីតាលី៕