អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទទួលការគាំទ្រយ៉ាងសំខាន់ចំនួន៣មកពីអតីតគូប្រជែងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដោយបានបន្ថែមសន្ទុះយុទ្ធនាការបោះឆ្នោតរបស់លោកមុនការបោះឆ្នោតបឋមនៅក្នុងរដ្ឋជាង១០ដែលហៅថា Super Tuesday។
លោកស្រី Amy Klobuchar សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបញ្ចប់ការប្រកួតប្រជែងដើម្បីបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃចន្ទនិងរួមជាមួយលោក Beto O’Rourke អតីតតំណាងរាស្រ្តរដ្ឋតិចសាស បានគាំទ្រលោក Biden នៅឯការប្រជុំនយោបាយនៅក្នុងទីក្រុង Dallas រដ្ឋតិចសាស។ ការដកខ្លួនរបស់លោកស្រី Klobuchar ចេញពីការប្រកួតប្រជែងបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីលោកPete Buttigieg បេក្ខជនប្រធានាធិបតីនិយមផ្លូវកណ្តាលរបស់គណបក្សប្រជាធិបតេយ្យនិងជាអតីតអភិបាលក្រុង South Bend នៃរដ្ឋ Indiana បានបញ្ចប់យុទ្ធនាការរបស់លោក។ លោកក៏បានផ្តល់ការគាំទ្រដល់លោក Biden កាលពីថ្ងៃចន្ទដែរ។
លោកស្រី Klobuchar មកពីរដ្ឋ Minnesota កណ្តាលភាគខាងលិច បានចាត់ទុកខ្លួនលោកស្រីជាអ្នកប្រាកដនិយមនៅក្នុងការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដោយការអនុវត្តនូវតួនាទីនិយមផ្លូវកណ្តាលលើបញ្ហាជាច្រើន រួមមានការជំទាស់ប្រឆាំងដល់ការកាន់កាប់របស់រដ្ឋាភិបាលលើការធានារ៉ាប់រងសុខភាពនៅក្នុងសហរដ្ឋអាមេរិក។
លោក Biden បានទទួលជ័យជម្នះការបោះឆ្នោតបឋមលើកដំបូងនៅក្នុងការបោះឆ្នោត៣ដងសម្រាប់តំណែងប្រធានាធិបតីកាលពីថ្ងៃសៅរ៍។ លោកនឹងទទួលជ័យជម្នះនៅក្នុងរដ្ឋ South Carolina។
ក្រៅពីលោកស្រី Klobuchar និងលោក Buttigieg មហាសេដ្ឋីខាងបរិស្ថានលោក Tom Steyer ក៏បានដកខ្លួនចេញពីការប្រកួតប្រជែងបន្ទាប់ពីការបង្ហាញនូវការទទួលបានការគាំទ្រយ៉ាងខ្លាំងរបស់លោកនៅក្នុងរដ្ឋ South Carolina៕