អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសបូលីវី លោក Manuel Rocha ត្រូវបានចោទប្រកាន់ថាបានធ្វើចារកម្មឱ្យប្រទេសគុយបាតាំងពីឆ្នាំ១៩៨១មក។
លោក Rocha ដែលពេលនេះមានអាយុ៧៣ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រកន្លងទៅ និងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋសហព័ន្ធជាច្រើនករណី ដែលរួមមានការធ្វើសកម្មភាពជាភ្នាក់ងារបរទេសខុសច្បាប់ និងប្រើប្រាស់លិខិតឆ្លងដែន ដែលទទួលបានដោយការបន្លំឯកសារជាដើម។
យោងទៅលើពាក្យបណ្តឹង លោក Rocha ធ្លាប់បានជួបជាមួយទីភ្នាក់ងារចារកម្មគុយបា និងបានប្រាប់ព័ត៌មានកុហក់ដល់មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកអំពីការធ្វើដំណើររបស់លោក។ អគ្គរដ្ឋអាជ្ញានិយាយថា លោក Rocha បានលាក់បាំងពីអត្តសញ្ញាណរបស់លោកដោយធ្វើជាភ្នាក់ងារបរទេសមួយរូប ក្នុងការប្រឹងប្រែងដើម្បីការពារខ្លួន និងអាចបន្តធ្វើសកម្មភាពជាសម្ងាត់ដល់រដ្ឋាភិបាលគុយបា។
សហរដ្ឋអាមេរិកតម្រូវឱ្យបុគ្គលនានា ដែលធ្វើសកម្មភាពក្នុងនាមទីភ្នាក់ងារបរទេស ត្រូវចុះបញ្ជីជាមួយក្រសួងយុត្តិធម៌អាមេរិក។
លោក Rocha ដែលមានដើមកំណើតជាជនជាតិកូឡុំបី និងបានចូលសញ្ជាតិអាមេរិកនោះ ធ្លាប់មានតួនាទីជាច្រើនក្នុងក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលផ្តល់ឱ្យលោកអាចទទួលបាននូវព័ត៌មានសម្ងាត់ៗជាច្រើន។
លោក Rocha បានចូលបម្រើការងារក្នុងក្រសួងការបរទេសអាមេរិកក្នុងឆ្នាំ១៩៨១ និងក្រោយមកបានក្លាយជាមន្ត្រីការទូតអាមេរិកជាន់ខ្ពស់ក្នុងប្រទេសអាហ្សង់ទីន ក្នុងអំឡុងពេលពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០០ ហើយក្រោយមកក៏បានក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសបូលីវី ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០២៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មានAssociated Press និងReuters.