រដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ ប្រកាសចាត់វិធានការផ្លូវច្បាប់លើលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងអ្នកដែលប្រមូលផ្តុំឲ្យមានការ គាំទ្រ នៅពេលដែលលោក សម រង្ស៊ី ត្រឡប់ចូលមកកម្ពុជាវិញ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នេះបានបញ្ជាក់ថា ការចាកចេញពីកម្ពុជា និងការត្រឡប់មកវិញរបស់លោកសម រង្ស៊ី គឺជាជម្រើសផ្ទាល់ខ្លួន និងមានចរិតជាឯកជនរបស់បុគ្គលសុទ្ធសាធ ដូច្នេះការប្រើប្រាស់មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី តាមរយៈណាក៏ដោយ ដើម្បីបង្កើតជារូបភាពនយោបាយពាក់ព័ន្ធទៅនឹងសកម្មភាពគណបក្សដែលត្រូវបានរំលាយចោលត្រូវបានចាត់ទុកជាអំពើប្រឆាំងនឹងអំណាចតុលាការដែលច្បាប់បានកំណត់ និងហាមប្រាម។
សេចក្តីថ្លែងការណ៍ដដែលនោះត្រូវបានសរសេរតាមន័យដើមថា៖
«រាជរដ្ឋាភិបាលសូមបញ្ជាក់ថា គឺនៅតែរក្សា និងគោរពអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យនៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នារវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ក៏ដូចជាអំណាចនីតិប្បញ្ញត្តិផងដែរ។ នៅក្នុងបរិការណ៍នេះ បើមានការស្នើសុំណាមួយពីតុលាការ រាជរដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនឹងចាត់វិធានការអនុវត្តតាមអំណាចផ្លូវច្បាប់»។
ការចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តីគណបក្សសង្គ្រោះជាតិមួយចំនួន ដែលកំពុងស្ថិតនៅក្រៅប្រទេស បានប្រកាសរៀបចំកម្លាំងត្រៀមទទួលលោក សម រង្ស៊ី ចូលមកកម្ពុជាវិញ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីប្រាប់ VOA នាល្ងាចថ្ងៃអង្គារនេះថា លោក សម រង្ស៊ី គឺជាជនដែលមានទោសជាប់ខ្លួន ដូច្នេះលោកថា អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ ប្រសិនបើលោកចូលមកកម្ពុជាវិញ។ លោកបន្តថា ការប្រមូលផ្តុំកម្លាំងណាមួយដើម្បីចាំទទួលលោក សម រង្ស៊ី ក៏នឹងត្រូវរងនូវការចាត់វិធានការផងដែរ ប្រសិនបើការប្រមូលផ្តុំនោះធ្វើឡើងខុសច្បាប់។
លោកបញ្ជាក់ថា៖
«ការប្រមូលផ្តុំដែលមិនស្របច្បាប់ អាហ្នឹងបើនិយាយឲ្យចំ។ បើសិនមានការញុះញង់ការប្រមូលផ្តុំធ្វើឲ្យបាត់សណ្តាប់ធ្នាប់ អាហ្នឹងតែមនុស្សមកគេទទួលហើយជារឿងធម្មតា ជាសិទ្ធិរបស់ប្រជាពលរដ្ឋជាសិទ្ធិរបស់បុគ្គល។ ក៏ប៉ុន្តែកាលណាខ្ញុំឃើញភាគធំ អាហ្នឹងត្រូវតែមានការសុំការអនុញ្ញាត និងកិច្ចសហការពីមន្រ្តីមូលដ្ឋាននេះឯង»។
VOA បានព្យាយាមសុំការអត្ថាធិប្បាយពីលោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស តែរហូតមកដល់ល្ងាចថ្ងៃអង្គារនេះមិនទាន់មានការឆ្លើយតបនៅឡើយ។
ក្នុងឆ្នាំ២០១៦ លោក សម រង្ស៊ី បានចាកចេញពីកម្ពុជា ដោយនិរទេសខ្លួនទៅបរទេស ក្រោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចោទប្រកាន់លោកពីបទល្មើសផ្សេងៗជាបន្តបន្ទាប់។
ការចាកចេញរបស់លោក សម រង្ស៊ី ធ្វើឡើងមុនពេលដែលគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ និងមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស កាលពីការបោះឆ្នោតឆ្នាំ២០១៧ ត្រូវបានតុលាការកំពូលរំលាយ កាលពីខែវិច្ឆិកាឆ្នាំ២០១៧ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ ចំណែកប្រធានគណបក្សនេះគឺលោកកឹម សុខា ក៏ត្រូវបានចាប់ខ្លួន ដោយចោទពីបទក្បត់ជាតិ ស្របពេលដែលមន្រ្តីជាន់ខ្ពស់គណបក្សនេះមួយចំនួនធំបានភៀសខ្លួនទៅបរទេសជាបន្តបន្ទាប់។
ក្រោយហេតុការណ៍ទាំងនេះកើតឡើង គេឃើញរដ្ឋាភិបាលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនបានរិះគន់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានព្រមានចាត់វិធានការផ្សេងៗលើរដ្ឋាភិបាលកម្ពុជា ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជាមិនបានប្រសើរឡើងនៅមុនដំណាច់ឆ្នាំ២០១៩ទេនោះ៕