អតីតប្រធានាធិបតីចិនលោក Jiang Zemin (ចាង ហ្សេមីន) ដែលបានដឹកនាំប្រទេសចិនចេញពីភាពឯកោ បន្ទាប់ពីកងទ័ពបានកម្ទេចការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen (ធានអានមេន) ក្នុងឆ្នាំ១៩៨៩ និងបានគាំទ្រការកែទម្រង់សេដ្ឋកិច្ចដែលនាំឱ្យមានការរីកលូតលាស់យ៉ាងគំហុកមួយទសវត្សរ៍នោះ បានទទួលមរណភាពកាលពីថ្ងៃពុធ។ លោកមានអាយុ ៩៦ ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដោយដកស្រង់ពីប្រភពមន្ត្រីនិងសារព័ត៌មានចិន។
លោក Jiang បានស្លាប់ដោយសារជំងឺមហារីកឈាម និងសរីរាង្គជាច្រើនឈប់ដំណើរការនៅទីក្រុងសៀងហៃ ជាកន្លែងដែលលោកជាអតីតអភិបាលក្រុង និងជាលេខាបក្សកុម្មុយនីស្ត។
ជម្រើសដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីដឹកនាំបក្សកុម្មុយនីស្តដែលបែកបាក់គ្នាបន្ទាប់ពីភាពចលាចលឆ្នាំ១៩៨៩ លោក Jiang បានឃើញប្រទេសចិនផ្លាស់ប្តូរបង្កើតប្រវត្តិសាស្ត្រ រួមទាំងការរស់ឡើងវិញនៃកំណែទម្រង់ទីផ្សារ ការវិលត្រឡប់របស់ហុងកុងពីការគ្រប់គ្រងរបស់អង់គ្លេសនៅឆ្នាំ១៩៩៧ និងទីក្រុងប៉េកាំងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅក្នុងឆ្នាំ២០០១។
សូម្បីតែចិនបើកចំហទៅខាងក្រៅក៏ដោយ រដ្ឋាភិបាលរបស់លោក Jiang បានបង្ក្រាបអ្នកប្រឆាំងដោយបានចាប់ឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស ការងារ និងលទ្ធិប្រជាធិបតេយ្យ និងបានហាមឃាត់ចលនាសាសនា Falun Gong (ហ្វាលូនគង) ដែលគណបក្សកាន់អំណាចបានមើលឃើញថាជាការគំរាមកំហែងដល់ការកាន់អំណាចផ្តាច់ការរបស់ខ្លួន។
លោក Jiang បានបោះបង់តំណែងផ្លូវការចុងក្រោយរបស់លោកក្នុងឆ្នាំ២០០៤ ប៉ុន្តែនៅតែជាកម្លាំងនៅពីក្រោយឆាកក្នុងជម្លោះដែលនាំទៅដល់ការឡើងកាន់អំណាចរបស់ប្រធានាធិបតីបច្ចុប្បន្នលោក Xi Jinping ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០១២៕