ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយក​អង្គការ​អូតង់​អំពាវនាវ​ឲ្យ​មាន​សម្ព័ន្ធភាព​​រួម​មួយ​​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ពាណិជ្ជកម្ម​ពី​ចិន


រូបឯកសារ៖ លោក Anders Fogh Rasmussen អតីត​អគ្គលេខាធិការ​​អូតង់​លោក ថ្លែង​ក្នុង​សន្និសទី​មួយ​ស្ដី​ពី​សន្ដិសុខ​ក្នុង​ទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ លោក Anders Fogh Rasmussen អតីត​អគ្គលេខាធិការ​​អូតង់​លោក ថ្លែង​ក្នុង​សន្និសទី​មួយ​ស្ដី​ពី​សន្ដិសុខ​ក្នុង​ទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

អង្គការ​សម្ព័ន្ធភាពនៃ​ប្រទេស​ប្រជាធិបតេយ្យ (Alliance of Democracies) ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​កូប៉ិនហាក (Copenhagen) ប្រទេស​ដាណឺម៉ាក ត្រូវ​បាន​ទីក្រុង​ប៉េកាំង​ដាក់​ទណ្ឌកម្ម​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​ការណ៍​នេះ​នៅមិន​អាច​បញ្ឈប់​អង្គការ​នេះពី​ការ​បន្ត​បេសកកម្ម​ដែល​ខ្លួន​បាន​អះអាង​ថា នឹង​ដើរ​តួ​ជា​«ឧបករណ៍​បំពង​សំឡេង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ» មួយ​នោះ​ឡើយ។

អង្គការ​នោះដែលដឹក​នាំ​ដោយ​ អតីត​អគ្គលេខាធិការ​អង្គការ​អូតង់ លោក Anders Fogh Rasmussen ​បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូលអំពី​លទ្ធិប្រជាធិបតេយ្យ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រជាជាតិ​កាន់​លទ្ធិ​ប្រជាធិតេយ្យ​ទាំង​អស់​បង្កើត​ការ​ការពារ​បែប​សមូហភាព​លើ​ដែន​សេដ្ឋកិច្ច​នៅពេល​ដែល​ពាណិជ្ជកម្ម​កំពុង​ត្រូវ​បាន​ទីក្រុង​ប៉េកាំង​យក​ធ្វើ​ជា​អាវុធ​ខ្លាំង​ឡើងៗ។

លោក Rasmussen ​បាន​ប្រាប់​វីអូអេនៅ​ក្នុង​ការ​សម្ភាសន៍​ជា​លាយ​លក្ខណ៍​អក្សរ​ថា ​សន្តិសុខ​សាកលលោក​បន្ត​ទាមទារ​ឱ្យ​មាន​សមត្ថភាព​អំណាច​រឹង «ប៉ុន្តែ​បច្ចុប្បន្នសន្តិសុខ​ក៏[ទាមទារ​ឱ្យ​មាន​]​សមត្ថភាព​អំណាច​ទន់​ផង​ដែរ ដូចជា​អ៊ិនធឺណិត​ សន្តិសុខ​ថាមពល​ សន្តិសុខ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ ភាព​ធន់​នឹង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ច្រើន​ផ្សេង​ទៀត។ តាម​គំនិត​ខ្ញុំ យើង​បាន​ឃើញ​ថា​សេរីភាព​របស់​យើង​ត្រូវ​បាន​ប្រើ​ជា​អាវុធ​កាន់​តែ​ច្រើន​ទៅៗ»។

លោក Rasmussen ​បាន​បង្ហាញ​ការ​បារម្ភ​ ដោយ​កត់​សម្គាល់​ថា៖​ «វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​បាន​សម្រួល​ការ​ជជែក​ពិភាក្សា​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ដោយ​គណនី​ក្លែងក្លាយ​ bots រុស្ស៊ី។ [ដោយ​ឡែក] សេដ្ឋកិច្ច​បើកចំហ​របស់​ពួក​យើង​បាន​ធ្វើ​ឲ្យ​យើង​ងាយ​រងគ្រោះ​នឹង​យុទ្ធសាស្ត្រ​វិនិយោគ​របស់​ចិន​ដែលត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បម្រើ​យុទ្ធនាការដាក់​សម្ពាធ​សេដ្ឋកិច្ច​ពីចិន»។

​លោក​បន្ត​ថា៖ «បើ​សិន​ជា​សម្ពាធ​ខាង​សេដ្ឋកិច្ច​ត្រូវ​បាន​ប្រើ​ជា​អាវុធ នោះ​ពិភពលោក​សេរី​ត្រូវតែ​ស្វែង​រក​វិធី​ដើម្បី​ប្រឆាំង​នឹង​វា​វិញ»។​

លោក Rasmussen បាន​បម្រើ​ការ​នៅ​អង្គការ​អូតង់​ជា​អគ្គលេខាធិការ​តាំង​ពី​ឆ្នាំ​២០០៩​រហូត​ដល់​២០១៤ ហើយ​ពី​មុននោះ​លោក​ធ្លាប់ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដាណឺម៉ាក​ពីរ​អាណត្តិ។ លោក​បាន​ពន្យល់​ពី​ហេតុផល​ពី​ក្រោយ​ការ​បង្កើត​អង្គការ​សម្ព័ន្ធភាព​នៃ​ប្រទេស​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៧​ថា «រួបរួម​គ្នា​យើង​ឈរ​មាំ បាក់​បែក​គ្នា​យើង​បរាជ័យ»។ ក្នុង​ស្មារតី​នេះ អង្គការ​របស់​លោក​កំពុង​ជំរុញ​បុគ្គល​ឬ​រដ្ឋាភិបាល​ដែល​មាន​ទឹកចិត្ត​ដូចគ្នា​ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញា​ Copenhagen Charter។​

កតិកាសញ្ញា​អំពាវនាវ​ឲ្យ​ប្រជាជាតិ​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​រួម​គ្នា​ជា​សម្ព័ន្ធ​មួយ​និង​អនុម័ត​«មាត្រា​សេដ្ឋកិច្ច​ទី៥» មួយ​ស្រដៀង​នឹងបញ្ញត្តិ​ក្នុង​អង្គការ​សន្ធិសញ្ញា​អាត្លង់​ទិក​ខាង​ជើង ឬ​ហៅ​កាត់​ថា​អូតង់​ ដែល​ជារឿយៗ​ត្រូវ​បានគេ​បានសង្ខេប​ន័យ​ថា​ «ការ​វាយ​ប្រហារ​លើសមាជិក​ម្នាក់​គឺ​ជា​ការ​វាយ​ប្រហារ​លើសមាជិក​ទាំង​អស់» ដូច្នេះ​យើងអំពាវនាវ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ពីគ្រប់​សមាជិក។

លោក Rasmussen លើក​ពី​ករណីវិធានការ​ដាក់​ទណ្ឌកម្ម​របស់​ចិន​ប្រឆាំង​នឹង​អូស្ត្រាលី​ដែល​មិន​ព្រម​ចុះ​ញ៉ម​នឹង​ការ​ទាមទារ​របស់​ទីក្រុង​ប៉េកាំង ​មក​ពិភាក្សា ខណៈ​ដែល​លោក​បន្ថែម​ថា៖ «ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ជាច្រើនទៀតត្រូវ​បាន​គំរាម​កំហែង​ជាមួយ​នឹង​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​ប្រទេស​ចិន​នៅ​ពេល​ដែល​ពួកគេ​ប្រកាន់​ជំហ​រឹង​មាំ​ចំពោះ​គុណតម្លៃ​របស់​ពួក​គេ។» លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជាតិ​សំឡឹង​មើល​លើស​ពី​ផល​ប្រយោជន៍​បន្ទាន់​ហើយ​យក​ជំហ​មូលដ្ឋាន​មួយ​គឺ «ផល​ប្រយោជន៍​រយៈពេល​ខ្លី​នឹង​នាំ​យើង​ឲ្យមាន​ភាព​ស្ងៀមស្ងាត់​ហើយ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នានា។ នោះ​ជា​អ្វី​ដែល​ចិន​ចង់​បាន ប៉ុន្តែ​យើង​ត្រូវ​តែ​រក្សាស័្វយភាព​របស់​យើង»។

កាលពី​ថ្ងៃទី​១៣ ខែឧសភា ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​លោក​ Antony Blinken បាន​អះអាង​ជូន​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​អ្នកស្រី ​Marise Payne ថា៖ ​«សហរដ្ឋ​អាមេរិក​នឹង​មិន​ទុក​ឲ្យ​អូស្ត្រាលី​នៅ​ម្នាក់​ឯង​លើ​វាល​ទេ ឬ​ប្រហែល​ខ្ញុំ​គួរ​តែ​និយាយ​ថា​ ម្នាក់ឯង​លើ​ទីលាន​ប្រកួត នៅ​ក្នុង​ការ​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ចពីប្រទេស​ចិន»។

​ថា​តើ​សហរដ្ឋ​អាមេរិក​នឹង​ការពារ​សម្ព័ន្ធ​មិត្ត​យូរ​ឆ្នាំ​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ទីក្រុង​ប៉េកាំង​ដោយ​វិធី​ណា​ឬ​កម្រិត​ណា​នោះ មិន​ត្រូវ​បាន​បញ្ជាក់ភ្លាមៗ​នោះ​ទេ៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG