ក្រុមអ្នកជំនាញជើងចាស់ខាងសិទ្ធិមនុស្សនៅអាហ្រ្វិកបានបង្កើតស្ថាប័នមួយដែលមានគោលដៅដ៏ធំក្នុងការបញ្ចប់និទណ្ឌភាពនៅទូទាំងទ្វីបអាហ្រ្វិក។
អង្គការអាហ្វ្រិកដើម្បីយុត្តិធម៌ និងគណនេយ្យភាព (ការទទួលខុសត្រូវ) ទើបនឹងបើកសម្ពោធនាពេលថ្មីៗនេះ ដែលជាផ្នែកមួយនៃក្រុមរដ្ឋសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ។
អង្គការនេះមានសុទ្ធតែអ្នកជំនាញជនជាតិអាហ្រ្វិក ខាងផ្នែកច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ ច្បាប់សិទ្ធិមនុស្ស ហើយនិងអ្នកនយោបាយ។
លោកស្រី Bettina Ambach ជានាយកមូលនិធិ Wayamo និងជាលេខាធិការរបស់អង្គការនេះបាននិយាយថា សមាជិកអង្គការនេះនឹងគាំទ្ររាល់កិច្ចការទាំងអស់ដើម្បីនាំយកឧក្រិដ្ឋជនសង្រ្គាមមកវិនិច្ឆ័យតាមរយៈការកសាងសមត្ថភាពនៅក្នុងប្រទេសនិងតំបន់ ការផ្សព្វផ្សាយទៅដល់ពលរដ្ឋ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាហ្រ្វិក និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
ក្រុមអ្នកជំនាញរបស់អង្គការខាងលើនេះគ្រោងនឹងជួបជាមួយបណ្តាអង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលនានានៅទូទាំងអាហ្រ្វិក នៅក្នុងខែមីនា ឆ្នាំក្រោយនេះ ដែលការជួបនេះគឺជាផ្នែកមួយនៃទិសដៅកសាងសមត្ថភាពរបស់អង្គការនេះ។
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង VOA លោកស្រី Athaliah Molokomme អគ្គរដ្ឋអាជ្ញារបស់ប្រទេសបុតស្វាណា (Botswana) បានឲ្យដឹងពីគោលបំណងរបស់អង្គការនេះថា៖ «យើងកំពុងពិនិត្យមើលលើប្រព័ន្ធច្បាប់ព្រហ្មទណ្ឌអន្តរជាតិទាំងមូល ដែលនេះជាភារកិច្ចរបស់យើង គឺត្រូវជួយទ្រទ្រង់ដល់ការងារពង្រឹងយុត្តិធម៌ និងវិធានការទទួលខុសត្រូវនៅអាហ្រ្វិក។ អង្គការនេះផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើកិច្ចការពាក់ព័ន្ធនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយសារតែ ICC ជាតុលាការកម្រិតអន្តរជាតិតែមួយគត់នៅពេលនេះ ដែលធ្វើការទាក់ទងនឹងបញ្ហាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាមជាដើម»។
«យើងកំពុងពិភាក្សាអំពីវិធីសាស្រ្តដ៏រឹងមាំដែលយើងអាចប្រើដើម្បីជួយពង្រឹង ឬទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់និទណ្ឌភាពនៅទ្វីបអាហ្រ្វិក កិច្ចខិតខំប្រឹងប្រែងក្នុងការធានាឲ្យមានយុត្តិធម៌ និងការទទួលខុសត្រូវនៅទូទាំងទ្វីបអាហ្វ្រិក»។
ក្រុមអ្នករិះគន់តុលាការព្រហ្មទណ្ឌអន្តរជាតិបាននិយាយថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះមានភាពលម្អៀត និងស្វែងរកយុត្តិធម៌តែករណីប្រឆាំងនឹងជនជាតិអាហ្រ្វិកណាដែលពួកគេចង់ដោះស្រាយតែប៉ុណ្ណោះ។ ក្រុមអ្នករិះគន់ទាំងនោះកត់សម្គាល់ឃើញជាញឹកញាប់ថា នាពេលថ្មីៗនេះ មានរឿងក្តីជាង៨០ភាគរយនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ គឺជារឿងពាក់ព័ន្ធនឹងជនជាតិអាហ្រ្វិក។ ការចោទប្រកាន់ និងករណីសង្ស័យនេះបានបង្កើតនូវភាពតានតឹងរវាងសហភាពអាហ្រ្វិក និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។
លោកស្រី Molokomme បាននិយាយថា ភាពតានតឹងនោះគឺជារឿងគួរឲ្យសោកស្តាយ៖
«ខ្ញុំមិនគិតថា វាពិតជាមានជម្លោះ ឬវិវាទរវាងសហភាពអាហ្រ្វិក និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឡើយ។ ជាឧទាហរណ៍គឺកិច្ចព្រមព្រៀងរដ្ឋធម្មនុញ្ញនៃការរួមសហការនេះមានចែងថា សហភាពអាហ្រ្វិកត្រូវធ្វើប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពនៅទ្វីបអាហ្រ្វិក។ ដូច្នេះ ជាគោលការណ៍ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គួរតែជាស្ថាប័នមួយដែលត្រូវទទួលស្វាគមន៍សហភាពអាហ្រ្វិក»។
លោកស្រី Navi Pillay គឺជាអតីតអ្នកតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងជាសមាជិកដ៏លេចធ្លោម្នាក់របស់អង្គការនេះ។ លោកស្រីនិយាយថា
សមាជិករបស់អង្គការលោកស្រីនឹងស្វែងរកវិធីធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។
«ខ្ញុំចូលចិត្តគំនិតដែលថាយើងនឹងធ្វើការកសាងសមត្ថភាពទាំងក្នុងប្រទេស និងថ្នាក់តំបន់ នៅទូទាំងទ្វីបអាហ្រ្វិក ដោយផ្តល់ការណែនាំ និងការផ្សព្វផ្សាយទូលំទូលាយឲ្យទៅដល់តំបន់ឆ្ងាយៗ។ មានន័យថា យើងនឹងផ្តល់នូវព័ត៌មានត្រឹមត្រូវទៅដល់អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល»។
មានការព្រួយបារម្ភអំពីថាតើអង្គការមួយនេះនឹងស្វែងរកថវិកាដោយរបៀបណាដើម្បីទ្រទ្រង់សកម្មភាពរបស់ខ្លួននោះ។ មនុស្សមួយចំនួននិយាយថា ភាពសុច្ចរិត និងភាពមិនលម្អៀងរបស់អង្គការនេះអាចនឹងជួយដោះស្រាយបញ្ហានេះបាន ប្រសិនបើជំនួយថវិកាភាគច្រើនបានមកពីប្រទេសលោកខាងលិច។
លោកស្រី Pillay និយាយថា៖ «រឿងជំនួយថវិកានេះគឺជារឿងសំខាន់ហើយ ប៉ុន្តែនៅពេលយើងមានបទពិសោធន៍ដល់កម្រិតនេះហើយ គឺគ្មានផ្លូវដែលយើងនឹងបាត់បង់ឯករាជ្យភាពរបស់យើងដោយសារតែមូលនិធិដែលយើងទទួលបាននោះឡើយ»។
សមាជិករបស់អង្គការនេះមាន៖
លោកស្រី Athaliah Molokomme អគ្គរដ្ឋអាជ្ញារបស់ប្រទេសបុតស្វាណា (Botswana)។
លោកស្រី Navi Pillay ជាអតីតអ្នកតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃប្រទេសអាហ្រ្វិកខាងត្បូង។
លោក Mohamed Chande Othman ជាប្រធានតុលាការយុត្តិធម៌របស់ប្រទេសតង់សានី (Tanzania)។
លោក Hassan Bubacar Jallow នៃប្រទេសហ្គំប៊ី (Gambia) ជាព្រះរាជអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់ប្រទេសរវ៉ាន់ដា និងយន្តកម្មសំណល់អន្តរជាតិសម្រាប់តុលាការព្រហ្មទណ្ឌ។
លោក Abdul Tejan-Cole នៃប្រទេសសៀរ៉ាឡែអូន (Sierra Leone) ជានាយកប្រតិបត្តិរបស់អង្គការផ្តួចផ្តើមសង្គមបើកទូលាយសម្រាប់អាហ្រ្វិកខាងលិច។
លោកស្រី Fatiha Serour នៃប្រទេសអាល់ហ្សេរី (Algeria) ជានាយកក្រុមហ៊ុន Serour Associates សម្រាប់ការចូលរួម និងសមភាព (Serour Associates for Inclusion and Equity)។
លោក Richard Goldstone នៃប្រទេសអាហ្វ្រិកខាងត្បូង ជាអតីតប្រធានព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសរវ៉ាន់ដា និងអតីតយូហ្គោស្លាវី (Yugoslavia)។
លោក Femi Falana នៃប្រទេសនីហ្សេរីយ៉ា (Nigeria) ជាសកម្មជនសិទ្ធិមនុស្ស និងជាមេធាវី។
ប្រែសម្រួលដោយ សើ សាយ្យាណា