អតីតមន្រ្តីស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់ចំនួន១២រូប បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីអ្វីដែលពួកគេហៅថា សុន្ទរកថានិងសកម្មភាពមិនត្រឹមត្រូវនិងមិនធ្លាប់មានពីមុន របស់សេតវិមានទាក់ទងនឹងការដកចេញនូវសិទ្ធិរបស់លោក John Brennan ក្នុងការទទួលបានព័ត៌មានសម្ងាត់។
សេចក្តីថ្លែងការណ៍នេះគឺជាប្រតិកម្មទៅនឹងការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកកាលពីថ្ងៃពុធក្នុងការដកហូតសិទ្ធិរបស់លោក Brennan អតីតនាយកCIA ក្នុងការទទួលបានព័ត៌មានសម្ងាត់។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា «សកម្មភាពរបស់លោកប្រធានាធិបតីទាក់ទងនឹងលោក John Brennan និងការគំរាមកំហែងដោយសកម្មភាពប្រហាក់ប្រហែលគ្នានេះ ប្រឆាំងនឹងអតីតមន្ត្រីដទៃទៀតនោះ មិនទាក់ទងទៅនឹងអ្នកដែលគួរឬមិនគួររក្សាសិទ្ធិទទួលបានព័ត៌មានសម្ងាត់នោះទេ តែជាការព្យាយាមរារាំងសេរីភាពបញ្ចេញមតិ»។
សេចក្តីថ្លែងការណ៍នេះត្រូវបានចុះហត្ថលេខាដោយអតីតនាយក CIA ចំនួន៦នាក់ អតីតអនុប្រធាន៥រូបរបស់ CIA និងអតីតប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិមួយរូប។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា «យើងមិនដែលឃើញមានការអនុញ្ញាត ឬការដកចេញសិទ្ធិទទួលបានព័ត៌មានសម្ងាត់ត្រូវបានប្រើជាឧបករណ៍នយោបាយដូចដែលបានធ្វើនៅក្នុងករណីនេះនោះទេ។ លើសពីនេះទៅទៀត សកម្មភាពនេះគឺជាសញ្ញាមួយយ៉ាងច្បាស់សម្រាប់អតីតមន្រ្តីនិងមន្រ្តីបច្ចុប្បន្ន» ។
ក្នុងព្រឹត្តិការណ៍មួយទៀតគឺអតីតឧត្ដមសេនីយ៍កងទ័ពជើងទឹកអាមេរិកដែលដឹកនាំប្រតិបត្តិការដើម្បីសម្លាប់មេដឹកនាំភេរវករ Osama bin Laden កំពុងប្រឈមនឹងលោកប្រធានាធិបតី ត្រាំ ដើម្បីដកហូតសិទ្ធិទទួលបានព័ត៌មានសម្ងាត់របស់លោក។ នៅក្នុងលិខិតចំហមួយផ្ញើទៅលោក ត្រាំ ហើយដែលត្រូវបានចុះផ្សាយក្នុងការសែតវ៉ាស៊ីនតោនប៉ុស្តិ៍ លោកឧត្តមនាវីឯក William McRaven បានសរសេរថា លោកចាត់ទុកវាជាបញ្ហា «កិត្តិយស»។
លោក McRaven បានសរសេរថា៖ «តាមរយៈសកម្មភាពរបស់លោក លោកបានធ្វើឱ្យយើងអាម៉ាស់មុខចំពោះកូនៗរបស់យើង ធ្វើឱ្យយើងអាម៉ាស់មុខនៅលើឆាកពិភពលោក ហើយអាក្រក់បំផុតនោះគឺធ្វើឲ្យជាតិយើងបែកបាក់»។ លោកឧត្ដមសេនីយ៍ចូលនិវត្តន៍រូបនេះបាននិយាយថា «លោក Brennan ជាមន្ត្រីរដ្ឋាភិបាលល្អបំផុតម្នាក់តាមដែលខ្ញុំដឹង»៕