ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយក​ FBI ត្រូវ​បាន​តែងតាំង​ជា​រដ្ឋអាជ្ញា​ពិសេស​សម្រាប់​ការ​ស៊ើបអង្កេត​ពី​ការ​ពាក់ព័ន្ធ​របស់​រុស្ស៊ី​លើ​ការ​បោះឆ្នោត


លោក Robert Mueller អតីត​នាយក FBI (រូប​ឆ្វេង) ត្រូវ​បាន​តែងតាំង​ជា​រដ្ឋអាជ្ញា​ពិសេស​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​ពាក់ព័ន្ធ​របស់​រុស្ស៊ី​លើ​ការ​បោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ២០១៦។
លោក Robert Mueller អតីត​នាយក FBI (រូប​ឆ្វេង) ត្រូវ​បាន​តែងតាំង​ជា​រដ្ឋអាជ្ញា​ពិសេស​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​ពាក់ព័ន្ធ​របស់​រុស្ស៊ី​លើ​ការ​បោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ២០១៦។

នៅ​ក្នុង​ចំណាត់ការ​មួយ​នាំ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល អតីតនាយក​ម្នាក់​នៃ​ការិយាល័យ FBI បាន​ត្រូវ​តែងតាំងកាល​ពី​ថ្ងៃ​ពុធ​ឱ្យ​ធ្វើ​ជា​រដ្ឋអាជ្ញា​ពិសេស​ម្នាក់​សម្រាប់​មើល​ការ​ខុស​ត្រូវ​លើ​ការ​ស៊ើបអង្កេត​អំពី «កិច្ច​ខិតខំប្រឹងប្រែងរបស់​រដ្ឋាភិបាល​រុស្ស៊ី​ដើម្បី​មាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​កាល​ពី​ឆ្នាំ២០១៦​ និង​អំពី​បញ្ហា​មាន​ពាក់ព័ន្ធ​ផ្សេង​ទៀត» ​នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​ក្រសួង​យុត្តិធម៌​ស.រ.អា.។

លោក Rod Rosenstein អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ស.រ.អា. ដែល​កាល​ពី​ប៉ុ​ន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បាន​សម្តែង​ការ​សង្ស័យ​អំពី​សេចក្តី​ត្រូវ​ការ​សម្រាប់​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​បែប​នេះ បាន​ពន្យល់​ថា​ការតែង​តាំង​លោក Robert Mueller ឱ្យ​កាន់​តំណែង​ជា​ទី​ប្រឹក្សា​ពិសេស​ខាង​ច្បាប់ ដែល​គេ​ស្គាល់​ដែរ​ថា​ជា​រដ្ឋ​អាជ្ញា​ពិសេស មិន​មែន​មាន​ន័យ​ថា​ជា «ការ​រក​ឃើញ​ថា​ឧក្រិដ្ឋកម្ម​បាន​ត្រូវ​ប្រព្រឹត្ត​ទេ ឬ​ថា​មាន​ការ​ធានារ៉ាប់រង​ថា​នឹង​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ឡើយ»។

លោក Rosenstein បាន​និយាយ​បន្ថែម​ថា «អ្វី​ដែល​ខ្ញុំ​បាន​សម្រេច​នេះ​គឺ​ផ្អែក​លើ​កាលៈទេសៈតែ​មួយ​គត់ ការ​យក​ចិត្តទុកដាក់​របស់​សាធារណជន​តម្រូវ​ឱ្យ​ខ្ញុំ​ដាក់​ការ​ស៊ើបអង្កេត​នេះ​ឱ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មនុស្ស​ម្នាក់​ដែល​មាន​ភាព​ឯករាជ្យ​ពី​ការ​បញ្ជា​ពី​ខាង​លើ»។

ដោយ​មិន​បាន​និយាយ​យោង​ដល់​ការ​តែងតាំង​លោក Mueller ទេ​ លោក​ប្រធានាធិបតី​ Donald Trump បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «ការ​ស៊ើបអង្កេតល្អិតល្អន់​មួយ​នឹង​បញ្ជាក់​ថា​ពិត​អំពី​អ្វី​ដែល​យើង​បាន​ដឹង​រួច​ស្រេច​ហើយ គឺ​គ្មាន​ការ​ឃុបឃិត​រវាង​ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​របស់​ខ្ញុំ​ និង​អង្គភាពបរទេស​ណា​មួយ​ទេ។​ ខ្ញុំ​សង្ឃឹម​ថា​បញ្ហា​នេះ​នឹង​ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ»។

នៅ​ក្រោយ​មាន​ការ​ប្រកាស​អំពី​កិច្ចការ​ថ្មី​របស់​លោក លោក Mueller បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​ទទួល​យក​ការ​ទទួល​ខុស​ត្រូវ​នេះ​ហើយ​នឹង​បំពេញ​កិច្ចការ​នេះ​តាម​ភាព​ល្អ​ប្រសើរ​បំផុត​នៃ​សមត្ថភាព​របស់​ខ្ញុំ»។

លោក Mueller បាន​កាន់​តំណែង​ខ្ពស់​បំផុត​ក្នុង​ការិយាល័យ​ FBI ចំនួន​១២ឆ្នាំ។​ លោក James Comey បាន​បន្ត​តំណែង​នេះ​ពី​លោក​ហើយ​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​កាលពី​សប្តាហ៍​មុន​ដោយ​ប្រធានាធិបតី​ Trump ដែល​ជា​ចំណាត់ការ​មួយ​នាំ​ឱ្យ​មាន​បញ្ហា​ជ្រួល​ច្របល់​ខាង​នយោបាយ៕

XS
SM
MD
LG