ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​បាត់ដំបង​បន្ត​សាកសួរ​សកម្មជន​នយោបាយ​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​១១​នាក់​ហើយ


រូបភាពឯកសារ៖ នាង​ស៊ិន ចាន់​​ពៅ​រ៉ូហ្សេត​ ចែក​រំលែក​បទពិសោធន៍​​​កំឡុង​ពេល​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នារាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
រូបភាពឯកសារ៖ នាង​ស៊ិន ចាន់​​ពៅ​រ៉ូហ្សេត​ ចែក​រំលែក​បទពិសោធន៍​​​កំឡុង​ពេល​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នារាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

ក្នុង​ចំណោម​សកម្មជន​នយោបាយ​ទាំង​៦​នាក់​នេះ មាន​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត​ អតីត​​នៅ​សង្កាត់​អូរចារ​ ​យ៉ាង​សកម្ម​មួយ​រូប​នៅ​ខេត្ត​បាត់ដំបង។

អតីត​ចៅ​សង្កាត់​បួន​រូប សមាជិកក្រុមប្រឹក្សា​ខេត្ត​មួយ​រូប​និង​អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បាត់ដំបង​មួយ​រូប​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ឆ្លើយ​តប​ទៅ​អ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ដែល​ស​ង្ស័យ​ថា​ ពួកគេ​បាន​បំពាន​សាលដីកា​រំលាយ​គណបក្ស​ប្រឆាំងរបស់​តុលាការ​កំពូល។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត​ អតីត​ចៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ចេញ​ពី​តុលាការ​ថា តុលាការ​បាន​ចោទ​សួរ​កញ្ញា​ថា ​តើ​កញ្ញា​ជា​អ្នក​រៀបចំ​ឲ្យ​មាន​ការ​ជួបជុំក្នុង​គោលបំណង​គាំទ្រការ​ចាត់​តាំង​លោក​ សម រង្ស៊ី​ ជា​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះដែរ​ឬ​ទេ។ ហើយ​សំណួរ​មួយ​ទៀត​ តុលាការបាន​ចោទថា តើ​កញ្ញាបានញុះញង់​ឲ្យ​ប្រឆាំង​នឹង​សាលដីការ​របស់​តុលាការ​កំពូល​ឲ្យ​រំលាយគណបក្ស​សង្គ្រោះជាតិ​ឬ​ទេ។ កញ្ញា​ថ្លែង​ថា៖

«ខ្ញុំ​បាន​បញ្ជាក់​ថា ខ្ញុំ​មិន​មែន​បាន​កោះ​ហៅ​អតីត​គណបក្ស​សង្គ្រោះជាតិ​មក​ជួបជុំ​ទេ។ ខ្ញុំ​ជា​ម្ចាស់​ហាង។ អញ្ចឹង​ហាង​របស់​ខ្ញុំ​ គ្រប់​និន្នាការ​នយោបាយ​ទាំង​អស់​គឺ​ស្វាគមន៍​ទាំងអស់ សម្រាប់​ភ្ញៀវ​ទាំងអស់​ដែល​ចូល​មក​ទទួល​ទាន​អាហារជាមួយ​គ្នា»។

​អតីត​មន្ត្រី​និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​សរុប​ចំនួន​២៥​រូប​បាន​ស្ថិត​ក្នុង​បញ្ជី​ដីកា​កោះ​របស់​សាលាដំបូង​ខេត្ត​បាត់ដំបង ​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​ជាប់សង្ស័យ​ថា ​ពួកគេ​បាន​ប្រឆាំង​និង​បំពាន​សាលដីកា​សម្រេច​រំលាយ​អតីត​គណបក្ស​សង្គ្រោះជាតិ។ គណបក្ស​សង្គ្រោះ​ត្រូវ​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។

តុលាការ​ខេត្ត​បាត់ដំបង​នឹង​ត្រូវ​សាកសួរ​សកម្មជន​ទាំង​នេះ​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​២១​ខែ​ឧសភា។

ចាប់តាំង​ពីថ្ងៃ​ពុធ​ម្សិលមិញ​មក​មាន​សកម្មជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប​ហើយ​បាន​ចូល​បំភ្លឺ​តុលាការ​ខេត្ត​បាត់ដំបង។

រូបភាព​ឯកសារ៖ លោកសាំង ប៊ុនម៉ៅ អតីតចៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចាកចេញពីសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ (ផ្តល់ដោយអង្គការលីកាដូប្រចាំខេត្តបាត់ដំបង)
រូបភាព​ឯកសារ៖ លោកសាំង ប៊ុនម៉ៅ អតីតចៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចាកចេញពីសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ (ផ្តល់ដោយអង្គការលីកាដូប្រចាំខេត្តបាត់ដំបង)

​អតីត​មន្ត្រី និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិចំនួន​ ០៦នាក់ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​បាត់បំដង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ការ​ចូលបំភ្លឺ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​តុលាការ​ខេត្ត​បាត់ដំបង​បាន​កោះហៅ​អតីត​មេឃុំ​ ចៅសង្កាត់ និង​ក្រុម​ប្រឹក្សា​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​យ៉ាង​តិច​ចំនួន ២៥​នាក់​ ដោយ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ការ​បំពាន​សាលដីកា​រំលាយ​គណបក្ស​ប្រឆាំងរបស់​តុលាការ​កំពូល។ ​

លោក ខាន់ ប៊ុនផេង អតីត​ចៅ​សង្កាត់​ព្រែក​ព្រះ​ស្តេច ក្រុង​បាត់ដំបង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​នេះ​ដែរ​ដោយ​មាន​ការ​សួរ​ដេញ​ដោយ​អស់រយៈ​ពេល​ប្រមាណ​មួយ​ម៉ោង៖

«ហើយ​មួយ​ទៀត​គេ​សួរ​យើង​ថា តើ​យើង​ធ្លាប់​បាន​សួរ​សន្និសីទ​កាសែត ចេញ​សេចក្តី​ថ្លែងការណ៍​ស្អី​នេះ​ដែរ​ទេ ជួបជុំ​គ្នា​នៅ​ផ្ទះ​រ៉ូហ្សេត ហាង​រ៉ូហ្សេត​ហ្នឹង។ ខ្ញុំ​ថា ទេ​ខ្ញុំ​អត់​ដែរ​បាន​ធ្វើ​សន្និសីទ​កាសែត​អី​ទេ​គ្រាន់​ថា ការ​ជួ​បជុំ​ស្គាល់​គ្នា​អី​ការ​រាប់​អាន​គ្នា​ ជា​រឿង​ធម្មតា​ ជា​មនោសញ្ចេតនា ក្នុង​ការ​ពី​មុន​ម​ក​ជា​អ្នក​រាប់​អាន​ អតីត​រួម​ការងារ​ពី​មុន​មក​អី​អញ្ចឹង​ណា»។

​លោក អ៊ិន គង់ជិត អ្នក​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (Licadho) ​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ឧត្តរមានជ័យ ​ដែល​បាន​តាម​ឃ្លាំមើល​ដំណើរការ​តុលាការ បានលើក​ឡើង​ថា​ តុលាការ​បាន​ចោទសួរ​ដេញ​ដោល​ចំពោះ​អ្វី​ដែល​ជា​ការ «ប្រើប្រាស់សេរីភាព​ជួបជុំ​គ្នា សម្តែង​គំនិត​នយោបាយ»​ របស់​ក្រុម​សកម្មជន​បក្ស​ប្រឆាំង។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​ពួក​គាត់​មិន​បាន​ធ្វើ​អ្វី​ដែល​បង្កើត​ឲ្យ​មាន​ភាព​វឹកវរ​អី​ទេ។ អញ្ចឹង​យើង​ចង់​ឲ្យ​តុលាការ​ហ្នឹង​ត្រូវ​ពិនិត្យ​ពី​អង្គហេតុ​ឲ្យ​បាន​ច្បាស់លាស់»។

VOA មិន​អាច​ទាក់ទងសុំ​ការ​អធិប្បាយ​ពី​លោកស្រី​ ទៀង សំបូរ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​ និង​លោក ​សេង ផានិត​ ព្រះរាជ​អាជ្ញារង​តុលាការ​ដំបូង​ខេត្ត​បាត់ដំបងបាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក Human Rights Watch ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ «បញ្ចប់ជា​បន្ទាន់​យុទ្ធនាការ​ធ្វើ​ទុក្ខ​បុកម្នេញ​ប្រឆាំង​នឹង​ (អតីត) ​គណបក្ស​សង្គ្រោះ​ជាតិ»​ ហើយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នានា​លើ​សកម្មជន​នយោបាយ​នៃ​អតីត​គណបក្ស​នេះ​ទាំង​២៥​រូប​នៅ​ខេត្ត​បាត់ដំបង៕

XS
SM
MD
LG