លោក Sean Turnell ដែលជាសាស្ត្រាចារ្យសេដ្ឋកិច្ចជនជាតិអូស្ត្រាលី គឺជាទីប្រឹក្សាមួយរូបរបស់អ្នកស្រី Aung San Suu Kyi ដែលជាមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានយោធាទម្លាក់ចេញពីតំណែងកាលពីឆ្នាំ ២០២១។
លោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំសម្រាប់ការបំពានច្បាប់កិច្ចការសម្ងាត់របស់រដ្ឋនៃប្រទេសមីយ៉ាន់ម៉ាកាលពីខែកញ្ញា ឆ្នាំ ២០២២ ដែលជាបទចោទប្រកាន់ដែលលោកបានបដិសេធ។
លោក Turnell ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងវិញក្រោម «ឆន្ទៈល្អរវាងប្រទេសទាំងពីរ» និងជាផ្នែកមួយនៃយុទ្ធនាការលើកលែងទោសជាទូទៅចំពោះទណ្ឌិត។ លោកបានវិលត្រឡប់ទៅកាន់ប្រទេសអូស្រ្តាលីវិញកាលពីខែវិច្ឆិកាឆ្នាំមុន។
ឥឡូវនេះ លោក Turnell បានអំពាវនាវឱ្យរដ្ឋាភិបាលអូស្ត្រាលីចាត់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគាររដ្ឋរបស់មីយ៉ាន់ម៉ា។
វិធានការនេះនឹងធ្វើឱ្យអូស្រ្តាលីស្របតាមលំនាំរបស់សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគារពាណិជ្ជកម្មបរទេសមីយ៉ាន់ម៉ា (Myanmar Foreign Trade Bank) និងធនាគារវិនិយោគនិងពាណិជ្ជមីយ៉ាន់ម៉ា (Myanmar Investment and Commercial Bank)។
លោក Turnell បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Australian Broadcasting Corp. ថា អូស្រ្តាលីគួរដើរតាមគំរូរបស់អាជ្ញាធរអាមេរិក។
លោកបានថ្លែងដូច្នេះថា៖ «ខ្ញុំគិតថា ពួកគេទទួលស្គាល់ថា ឥឡូវនេះទណ្ឌកម្មលើរបបដឹកនាំនៅមីយ៉ាន់ម៉ាមិនមែនត្រឹមតែបង្ហាញអំពីការមិនពេញចិត្តនិងការស្អប់ខ្ពើមប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅគឺ ថែមទាំងបង្ហាញអំពីការដាក់កំហិតលើសមត្ថភាពរបស់របបដឹកនាំនេះមិនឱ្យធ្វើអ្វីគ្រប់យ៉ាងដែលពួកគេកំពុងធ្វើមកលើប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ យើងត្រូវទទួលស្គាល់ថាធនាគារគឺជាអ្វីដែលពាក់ព័ន្ធនៅក្នុងបញ្ហានេះ ពីព្រោះរបបនេះត្រូវការរូបិយបណ្ណបរទេស ហើយហេតុដូច្នេះហើយបានជាពួកគេត្រូវការធនាគាររដ្ឋទាំងនេះ»។
មកទល់នឹងពេលនេះ គេមិនទាន់ឃើញមានការបញ្ចេញមតិណាមួយពីសំណាក់មន្រ្តីរដ្ឋាភិបាលអូស្ត្រាលីនៅឡើយទេជុំវិញការអំពាវនាវរបស់លោក Turnell ឱ្យមានការដាក់ទណ្ឌកម្មបន្ថែមលើធនាគារមីយ៉ាន់ម៉ានេះ។
ចាប់តាំងពីយោធាបានចូលកាន់អំណាចមក មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។ អ្នកស្រី Aung San Suu Kyi កំពុងជាប់ឃុំរយៈពេលវែងពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំការបោះឆ្នោត អំពើពុករលួយ និងបទល្មើសផ្សេងទៀត។
កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលអូស្រ្តាលីបានបញ្ជាក់ថា ខ្លួនបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុនិងបម្រាមធ្វើដំណើរលើ «បុគ្គលដែលទទួលខុសត្រូវចំពោះការបំពានសិទ្ធិមនុស្សដ៏អាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងទណ្ឌកម្មលើអង្គភាពដែលជំរុញឱ្យមានការគាបសង្កត់លើប្រជាពលរដ្ឋ»។
អូស្រ្តាលីក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គលអ៊ីរ៉ង់ «ដែលគាបសង្កត់លើស្រ្តីនិងកុមារី» ដែលក្នុងនោះរួមមានទាំងមន្រ្តីប៉ូលិសជាន់ខ្ពស់ មន្រ្តីទទួលបន្ទុកលើការត្រួតពិនិត្យការផ្សព្វផ្សាយ និងបណ្តាញផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ផងដែរ។ វាមានរយៈពេលជាងមួយឆ្នាំមកហើយចាប់តាំងពីការស្លាប់របស់ស្រ្តីឈ្មោះ Mahsa Amini បានបង្កឱ្យមានបាតុកម្មតវ៉ាជាសាកលប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់។
រដ្ឋាភិបាលអូស្ត្រាលីបានដាក់ទណ្ឌកម្មចំនួន ៣ លើរដ្ឋាភិបាលអ៊ីរ៉ង់ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ មក ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីអ្នកស្រី Penny Wong បាននិយាយកាលពីថ្ងៃទី ១២ ខែកញ្ញាថា ទណ្ឌកម្មចុងក្រោយបង្អស់និងការដាក់បម្រាមលើការធ្វើដំណើរនេះគឺសំដៅលើ «ពួកជនដែលគាបសង្កត់លើស្រ្តីនិងកុមារីនៅអ៊ីរ៉ង់»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
អតីតទីប្រឹក្សារបស់អ្នកស្រី Aung San Suu Kyi អំពាវនាវឱ្យអូស្ត្រាលីដាក់ទណ្ឌកម្មលើធនាគាររដ្ឋរបស់មីយ៉ាន់ម៉ា
- Phil Mercer
ទីក្រុង Sydney ប្រទេសអូស្ត្រាលី —