ចិនបានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបនៅថ្ងៃព្រហស្បតិ៍នេះរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និងរដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីតនៅពេលដែលប្រទេសនៅតំបន់មជ្ឈិមបូព៌ាធ្វើការដើម្បីស្តារចំណងទាក់ទងឡើងវិញបន្ទាប់ពីមានភាពតានតឹងអស់រយៈពេល៧ឆ្នាំមក។
ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahianនិងរដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានពិភាក្សាវិធានការនានាឆ្ពោះទៅកាន់ការបើកស្ថានទូតនិងស្ថានកុងស៊ុលឡើងវិញ និងបន្តទំនាក់ទំនងទ្វេភាគីផ្លូវការឡើងវិញ បន្ទាប់ពីបានព្រមព្រៀងលើកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយចិនកាលពីខែមុន។
ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានកាត់ផ្តាច់ចំណងទាក់ទងការទូតនៅឆ្នាំ២០១៦ បន្ទាប់ពីពួកអ្នកប្រឆាំងតវ៉ាបានវាយប្រហារស្ថានទូតអារ៉ាប់ប៊ីសាអូឌីតនៅក្នុងរដ្ឋធានី Tehran ដើម្បីជាការឆ្លើយតបដល់ការប្រហារជីវិតបុព្វជិតឥស្លាមនិកាយស៊ីអ៊ីដដោយអារ៉ាប់ប៊ីសាអូឌីត។
អ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីតក៏បានគាំទ្រភាគីប្រឆាំងនានានៅក្នុងជម្លោះនៃប្រទេសយ៉េមែនជាទីកន្លែងដែលអ៊ីរ៉ង់បានគាំទ្រក្រុមឧទ្ទាម Houthi ហើយអារ៉ាប់ប៊ីសាអូឌីតបានដឹកនាំយោធាក្រុមចម្រុះនៅក្នុងការគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters