រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa ដែលទើបចូលកាន់តំណែងបានជិត២ខែ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនាក់ទ្វេភាគី និងពិភាក្សាបញ្ហាផ្សេងៗដែលភាគីទាំងពីរកំពុងប្រឈម។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទ រដ្ឋមន្រ្ដីការបរទេសថៃនឹងមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ និងមានជំនួបពិភាក្សាជាមួយរដ្ឋមន្រ្ដីការបរទេសកម្ពុជា លោក សុខ ចិន្ដាសោភា នៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ពេលលោកមកដល់កម្ពុជា។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងគោលបំណង«ផ្លាស់ប្ដូរទស្សនៈអំពីមធ្យោបាយនានា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងរិះរកវិធីសាស្រ្ដនានា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ទាប់ពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្រ្ដ កាលពីខែកុម្ភៈ ឆ្នាំ ២០២៤។
ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្ដីការបរទេសថៃក៏នឹងមានជំនួបពិភាក្សជាមួយអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ផងដែរ។ ថៃនិងកម្ពុជាក៏នឹងពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីកង្វល់រួម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ចំណែកក្រសួងការបរទេសថៃបានចេញសេចក្ដីប្រកាសព័ត៌មានមួយថារដ្ឋមន្ត្រីការបរទេសថៃនឹងជួបពិភាក្សាទ្វេភាគីជាមួយភាគីកម្ពុជា «ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដែលបានពិភាក្សាដោយមេដឹកនាំនៃប្រទេសទាំងពីរ ក្នុងនោះរួមបញ្ចូលទាំងការបង្កើនទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ ពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍតំបន់ព្រំដែន ការងារ អប់រំ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍»។
កម្ពុជានិងថៃនៅប្រឈមបញ្ហាមួយទៀតដែលត្រូវដោះស្រាយ គឺតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រកម្ពុជាថៃដែលជាប់គាំងជាង ២០ ឆ្នាំមកហើយ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសថៃដែលទើបឡើងកាន់តំណែងនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃកាលពីខែកុម្ភៈ ឆ្នាំនេះ ដែលកាលនោះភាគីទាំងពីរបានសម្រេចដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្រ្ដ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នរដ្ឋាភិបាល យល់ថាដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ និងអាចរួមចំណែកជាវិជ្ជមានក្នុងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នយោបាយ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈប្រទេសទាំងពីរទើបតែដំឡើងកម្រិតកិច្ចសហការជាដៃគូយុទ្ធសាស្រ្ត។ លោកបន្ថែមថា នៅក្នុងជំនួបនេះ ក៏អាចនឹងមានការពិភាក្សាលើបញ្ហាព្រំដែនផងដែរ។
លោកប្រាប់វីអូអេថា៖ «ចំណុចសំខាន់មួយទៀតដែលខ្ញុំគិតថាអាចនឹងមានការពិភាក្សាដែរ គឺពាក់ព័ន្ធជាមួយនឹងការចរចាបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឱ្យបានចប់សព្វគ្រប់ ដើម្បីធានាឱ្យព្រំដែនរវាងប្រទេសទាំងពីរនេះជាព្រំដែនសន្តិភាពព្រំដែននៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍហើយឱ្យក្លាយទៅជាមរតកព្រំដែនមួយសម្រាប់កូនចៅជំនាន់ក្រោយប្រទេសទាំងពីរ និងឱ្យបានរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន ដើម្បីកុំឱ្យមានបន្តនៅបញ្ហាព្រំដែនជាមួយគ្នាតទៅទៀត»។
ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងថៃ នៅក្នុងឆ្នាំ ២០២៣ មានទឹកប្រាក់សរុប ៣.៧៥៥ លានដុល្លារអាមេរិក។ ការនាំចេញពីកម្ពុជាទៅថៃ មានទឹកប្រាក់ប្រមាណ ៨៦០ លានដុល្លារ។ ចំណែកកម្ពុជានាំចូលពីថៃវិញ មានទឹកប្រាក់ ២.៨៩៥ លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យនៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លើកឡើងថា កាលពីកន្លងទៅ ភាគីកម្ពុជាបានបង្ហាញការព្រួយបារម្ភ និងស្វែងរកការគាំទ្រពីរដ្ឋាភិបាលថៃ ដើម្បីកុំឱ្យសកម្មភាពរបស់សកម្មជនខ្មែរជ្រកកោននៅប្រទេសថៃមានភាពផុសផុល។
លោកបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរខ្ញុំមិនចង់ឱ្យរដ្ឋាភិបាលខ្មែរលើកពីបញ្ហាទំនាស់ផ្ទៃក្នុងខ្មែរគ្នាឯងទៅ ដើម្បីសុំឱ្យគេជួយ។ បើទៅពឹងគេឱ្យគេមកធ្វើបាបគ្នាឯង វាមានតាំងពីសម័យកាលក្រោយសម័យអង្គរ យើងទៅពឹងខាងលិចឱ្យជួយ មួយទៅខាងកើត មួយជំនាន់ទៅមួយជំនាន់។ យើងចេះតែដាបទៅៗ»។
កាលពីខែឧសភា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញផ្សាយរបាយការណ៍មួយ ដោយបង្ហាញថា អាជ្ញាធរថៃបានកំពុងជួយដល់រដ្ឋាភិបាលប្រទេសជិតខាងរបស់ខ្លួន រួមមានកម្ពុជាផងដែរ ដើម្បីចាត់វិធានការខុសច្បាប់ប្រឆាំងនឹងជនភៀសខ្លួន និងអ្នកប្រឆាំងមកពីបរទេស។ អង្គការបញ្ជាក់ថា របាយការណ៍នេះនាំឱ្យប្រទេសថៃកាន់តែគ្មានសុវត្ថិភាពសម្រាប់អ្នកដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញក្នុងប្រទេសខ្លួន។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅទីក្រុងបាងកក កាលពីខែកុម្ភៈ មេដឹកនាំកម្ពុជានិងថៃបានប្រកាសជំហរមិនឱ្យបុគ្គល ឬក្រុមណាមួយប្រើប្រាស់ទឹកដីប្រទេសរបស់ខ្លួនប្រឆាំងនឹងប្រទេសណាមួយទៀតជាដាច់ខាត៕
វេទិកាបញ្ចេញមតិ