ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្រាប់​ប្រជាជន​ក្រីក្រ​វៀតណាម ការ​ទទួល​បាន​ជំនួយ​គឺ​ជា​គន្លឹះ​ដើម្បី​ចូល​រួម​​ក្នុង​សេដ្ឋកិច្ច​ដែល​​បើកដំណើរការ​ឡើង​វិញ


ស្ត្រី​ម្នាក់ជិះម៉ូតូ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០។
ស្ត្រី​ម្នាក់ជិះម៉ូតូ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០។

ប្រទេស​វៀតណាម​ទទួល​បាន​ការ​ទទួល​ស្គាល់​វិជ្ជមាន​ទូទាំង​ពិភពលោក​ចំពោះ​ការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​វីរុសកូរ៉ូណា​និង​បាន​បើក​ដំណើរការ​សេដ្ឋ​កិច្ច​ជាតិ​ឡើង​វិញ ប៉ុន្តែ​ដំណឹង​ដ៏​ល្អ​មួយ​នេះ​ជាការ​លួង​លោម​ដ៏​តូចតាច​មួយ​សម្រាប់​អ្នកស្រី​Tran Thi Hien ដែល​រកប្រាក់​ចំណូល​តាម​រយៈ​ការ​រើស​សំណល់​ដែក​អេតចាយ​ដើម្បី​លក់​យកប្រាក់។​

បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​អំពី​ថវិកា​ជំនួយ​ក្នុងគ្រា​មាន​ជំងឺ​រាតត្បាត អ្នកស្រី​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ពីរ​ដង​ប៉ុន្តែអ្នកស្រី​មិន​បាន​ឮ​ដំណឹង​អ្វី​នោះទេ ហើយ​អ្នកស្រី​ក៏​មិន​ទាន់​ទទួល​បាន​អ្វី​ពី​រដ្ឋាភិបាល​ដែរ។

អ្នកខ្លះថា​មូលហេតុ​ដែល​មាន​ការ​ពន្យារ​ពេល​នោះគឺ​ដោយសារ​អ្នកស្រី​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ឯស្រុកកំណើតរបស់​អ្នកស្រី។ អ្នក​ខ្លះ​ទៀត​សង្ស័យ​ថា​អ្នកស្រីមិនស្ថិត​ក្នុងចន្លោះ​អាយុ​ដែល​អាច​ស្នើ​សុំ​បាន។​

អ្នក​ស្រី Hien អាយុ​៤៣​ឆ្នាំ បាន​និយាយ​ថា​ដំណើរ​ការ​សុំ​ថវិកា​ជំនួយ​នេះ​គឺ​មាន​ភាព​«ស្មុគស្មាញ​ខ្លាំង​ណាស់» ហើយ​វា​មិន​បាន​បម្រើ​ប្រជាជន​បាន​ល្អនោះ​ទេ។ ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​មាន​ក្តី​សង្ឃឹម។​

អ្នក​ស្រី​បាន​និយាយ​ថា៖«កញ្ចប់​ជំនួយ​របស់​រដ្ឋាភិបាល​គឺ​ពិត​ជា​ការ​ជួយ​សង្គ្រោះ​មួយ​សម្រាប់​អ្នក​ធ្វើការ​ឯករាជ្យ​ដូចជា​ខ្ញុំ»។

សូម្បី​តែ​ប្រទេស​វៀតណាម ដែល​បាន​រាយការណ៍​ថា​មិន​មាន​ករណី​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​និង​មាន​ករណី​ឆ្លង​៣៤៩​ជំងឺ​រាតត្បាត​មួយ​នេះ​នៅ​តែ​ប៉ះពាល់​យ៉ាង​ខ្លាំងដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ ហើយ​ការ​ប៉ះពាល់​ខ្លាំង​បំផុត​បាន​ធ្លាក់​ទៅ​លើ​កម្មករ​ដែល​មាន​ប្រាក់​ចំណូល​តិច​តួច​។ នៅពេល​ដែល​បុគ្គលិក​ធ្វើការ​នៅ​ការិយាល័យ​អាច​ធ្វើ​ការ​ពី​ផ្ទះ​ឬ​សុំ​ច្បាប់​សំរាក​នៅ​ផ្ទះ​នៅ​ពេល​ដែល​ប្រទេស​ផ្អាក​ដំណើរការ ប្រជាជន​ដែល​ស្ថិត​ក្នុង​វិស័យ​មិន​ផ្លូវការ​ដូចជា​អ្នកស្រី Hien ត្រូវ​តែ​បង្ហាញ​មុខ​នៅ​កន្លែង​ធ្វើការ​ហើយ​ធ្វើការ​ប្រើ​កម្លាំង​បើសិន​ជា​អ្នកស្រី​ចង់​មាន​ប្រាក់​ទិញ​អាហារ​និង​បង់​ថ្លៃ​ផ្ទះជាដើម។​

អ្នក​គាំទ្រថវិកា​ជំនួយ​ក្នុង​គ្រា​មានជំងឺ​រាតត្បាត​ចង់​ទប់ស្កាត់​ការ​កាត់​ផ្តាច់​មួយ​រវាង​គោល​ដៅ​ធំ​នៃ​កញ្ចប់​ជំនួយ​ជាមួយ​នឹង​ផល​ប៉ះពាល់​ទៅ​លើ​ប្រជាជន​ជាពិសេស​អ្នក​ដែល​ត្រូវ​ការ​វា​បំផុត។

អង្គការ​នានា​មាន​តាំង​ពី​អង្គការ Oxfam នៅ​វៀតណាម​និង​អង្គការ​បណ្តាញ​ត្រួសត្រាយ​សម្រាប់​សំឡេង​ជនជាតិ​ភាគតិច បានបង្កើន​ការ​ខិត​ខំ​ប្រឹងប្រែង​ដោយ​បាន​បង្កើតនៅ​អ្វី​ដែល​ពួកគេ​ហៅថា​«បណ្តាញ​ទូរសព្ទ​ទាន់​ហេតុការណ៍»។ ពួកគេ​បាន​ចងក្រង​មតិ​រិះគន់​ពី​ប្រជាជន​ដូចជា​អ្នក​ស្រី Hien ហើយ​ផ្ញើ​វា​ទៅកាន់​ទីភ្នាក់ងារ​ការងារ​និង​ប្រចាំ​ខេត្តដើម្បី​ចែក​ចាយ​ជំនួយ ដូចដែល​បាន​ចែង​នៅ​ក្នុង​បទបញ្ជា​របស់​រដ្ឋ​នៅ​ក្នុង​សេចក្តី​សម្រេច Decision 15/2020-TTg។​

អ្នក​ស្រី Nguyen Thu Giang​នាយក​ប្រតិបត្តិ​នៃ​អង្គការបណ្តាញ​សកម្មភាព​ពលករ​ចំណាក​ស្រុក ឬ M.net បាន​និយាយ​ថា​អ្នក​ស្រី​ចង់​ជួយ​ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ពួកគេ​«អាច​ប្រៀបធៀប ពិនិត្យ និង​ឆ្លើយតប​ភ្លាមៗ ទៅ​កាន់​មតិ​របស់​ប្រជាពលរដ្ឋ ហើយ​ក្នុង​ពេលជាមួយ​គ្នា​នោះដែរ ធ្វើការ​សម្រួល​លើ​គោល​នយោបាយ​ឬ​វិធី​សាស្ត្រ​អនុវត្តដើម្បី​ធានា​ថា​សេចក្តី​សម្រេច 15/2020-TTg ត្រូវ​បាន​អនុវត្ត​ដោយ​តម្លាភាព​និង​ប្រសិទ្ធភាព»។​

កញ្ចប់​ថវិកា​សង្គ្រោះ​នេះ​មាន​ទឹកប្រាក់​ប្រមាណ២,៧​ពាន់​លាន​ដុល្លារ ទោះ​បីជា​គណបក្ស​កុម្មុយនីស្ត​ដែល​កំពុង​កាន់អំណាចបាន​ប្រើ​អង្គការ​សាខា​នានា​ឲ្យ​រៀបចំ​អំណោយ​និង​ជន​ស្ម័គ្រ​ចិត្ត​ដែល​មាន​ដូចជា​អង្គការ​សហភាព​យុវជន និងគណបក្ស​រណសិរ្ស​មាតុភូមិ​វៀតណាម​ជាដើម។ អ្នក​និពន្ធ​នៃ​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​មួយ​អំពី​ការ​ឆ្លើយ​តប​របស់​វៀតណាម​លើ​ជំងឺ​កូវីដ​១៩ប្រកប​ដោយ​និរន្តភាព​បាន​លើកឡើង​ថា​នាយករដ្ឋ​មន្ត្រី​វៀតណាម​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​«ប្រយុទ្ធប្រឆាំង»នឹង​ជំងឺ​នេះ។​

ការ​សិក្សានោះ​បាន​លើកឡើង​ថា៖«ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​នេះ យើង​អាច​មើល​ឃើញ​រូប​ភាព​ជា​ច្រើន​អំពី​ការ​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​គណបក្ស​រណសិរ្ស​មាតុភូមិ​វៀតណាម នៅ​លើ​បណ្តាញ​សង្គម​របស់​ប្រជាពលរដ្ឋ​វៀតណាម​ដើម្បីគាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធប្រឆាំង។ ជាង​នេះទៅ​ទៀត សហគ្រាសជាច្រើនមិនថា​តូចឬធំក៏​បាន​ជួយ​ជ្រោមជ្រែង​ជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ជាតិ​ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ ដោយ​បាន​ផ្តល់​នូវផលិតផល​របស់​ពួកគេ​ដូចជា​ម៉ាស់ អង្ករ ឬ​ទឹកដោះគោ។ ពួកគេ​ក៏បាន​បរិច្ចាគ​បន្ទប់​សណ្ឋាគារ​របស់​ពួកគេ​ដើម្បី​ធ្វើជាទី​ដាក់​ដោយឡែក ឬ​ការ​បរិច្ចាគ​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​នោះ​គឺ​ការបរិច្ចាគ​ជា​ថវិកា​ជាដើម»។​

អ្នក​តស៊ូ​មតិ​ប្រឆាំង​នឹង​ភាពក្រីក្រ​កំពុង​ប្រឹងប្រែង​សុំ​ថវិកា​ជំនួយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​សម្រាប់​សហគមន៍​ប្រជាជន​ងាយរងគ្រោះ។ អង្គការ Oxfam នៅ​វៀតណាម​បាន​និយាយ​ថា ខ្លួន​ផ្តោត​លើ​ជន​ដែល​គ្មាន​ការងារ​ធ្វើ​និង​ជនក្រីក្រ ដូចជា​អ្នក​ដែល​ធ្វើការ​ដោយគ្មាន​កិច្ច​សន្យា​ឬ​ត្រូវ​បាន​ព្យួរការងារ​ដោយ​គ្មាន​ប្រាក់​ខែ​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត។ អង្គការ​នោះ​ក៏ជួយ​ដល់​កម្មករ​ចំណាក​ស្រុក​ដូចជា​អ្នកស្រី Hien ជាដើម ដែល​បាន​ផ្លាស់​មក​រស់​នៅទីក្រុង​ហាណូយ​ពី​ខេត្ត​Nam Dinh​ដែល​នៅ​ជាប់នោះ។ អ្នក​រស់នៅ​ជនបទ​ជាច្រើន​បាន​ប្តូរ​មក​រស់នៅ​ទីក្រុង​ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ល្អ​ប្រសើរ​ប៉ុន្តែ​មិន​អាច​ទទួល​បាន​សេវាកម្ម​សង្គម​ដោយសារ​ពួកគេ​មិន​បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន។​

អង្គការ Oxfam នៅ​វៀតណាម​បាន​និយាយ​ថា ខ្លួន​បាន​រៀប​ចំ​បណ្តាញ​ទូរសព្ទ​ទាន់​ហេតុការណ៍​មួយ​សម្រាប់​មូលនិធិ​សង្គ្រោះ​ដូច្នេះ​ទើប«មិនមាន​អ្នកណា​ត្រូវ​បានទុក​ចោល»។​

លោក​Babeth Ngoc Han Lefur នាយក​អង្គការ Oxfam នៅ​វៀតណាម​បាន​និយាយ​ថា៖«គំនិត​ផ្តួចផ្តើម​នេះ​នឹង​បង្កើត​ឱកាស​សម្រាប់​ប្រជាជន​អាច​ផ្តល់​ជាមតិ​រិះគន់​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​និងភាព​ជឿជាក់ ដែល​រដ្ឋាភិបាល​មូលដ្ឋាន​នឹង​មាន​ព័ត៌មាន​ពិត​ប្រាកដ​ទាន់​ពេល​វេលា ​និង​មាន​គុណភាពដើម្បី​ផ្តល់សេវាកម្ម​ឲ្យ​បាន​ប្រសើរ​ជាងមុន»៕

ប្រែសម្រួល​ដោយ​ទុំ​ម្លិះ​


XS
SM
MD
LG