ចិនបានបញ្ជូននាវាស្រាវជ្រាវមួយគ្រឿងកាត់តាមផ្ទៃទឹកដែលបានទាមទារដោយវៀតណាមដែលជាគូប្រជែងអធិបតេយ្យភាពដែនសមុទ្ររបស់ខ្លួននៅខែនេះដើម្បីព្រមានរដ្ឋាភិបាលក្រុងហាណូយកុំឱ្យចាប់ផ្តើមគម្រោងរុករកថាមពលថ្មី និងដាក់ញត្តិណាមួយទៅតុលាការអន្តរជាតិ។ នេះតាមសម្តីរបស់ពួកអ្នកសង្កេតការណ៍។
វិទ្យុអាស៊ីសេរីបានរាយការណ៍ថា ឧបករណ៍តាមដានបានបង្ហាញថា នាវាស្រាវជ្រាវ Haiyang Dizhi 4 របស់ចិនដែលមានប្រវែង១០៥ម៉ែត្រនិងមានផ្ទុកមនុស្ស៥៨នាក់ បានបើកឆ្ពោះទៅកាន់ផ្ទៃទឹកវៀតណាមកាលពីថ្ងៃទី១៤ ខែមិថុនា។
សេចក្តីរាយការណ៍នោះបានប្រាប់ឱ្យដឹងថា នាវានោះបានទៅដល់ចម្ងាយ៣៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រវៀតណាមដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខធម្មតាមួយរបស់ប្រទេសជាតិមួយក្នុងច្បាប់នាវាចរណ៍អន្តរជាតិ។
ការបើកបរនាវានេះកើតមានឡើងបន្ទាប់ពីការឆ្លងកាត់របស់នាវាចិនមួយគ្រឿងទៀតនៅជិតវៀតណាមកាលពីខែមេសា និងភាពតទល់គ្នាមួយកាលពីឆ្នាំទៅ។
ពួកអ្នកវិភាគជឿថា រដ្ឋាភិបាលចិនដែលជាភាគីមានកម្លាំងខ្លាំងបំផុតមួយនៅក្នុងជម្លោះអធិបតេយ្យភាពសមុទ្រចិនខាងត្បូងដែលមានការទាមទារដោយភាគីចំនួន៦ដែលរួមមានវៀតណាមផងដែរនោះសង្ឃឹមថា នាវារបស់ខ្លួនធ្វើឱ្យពួកមេដឹកនាំវៀតណាមរែកចិត្តកុំដាក់ពាក្យប្តឹងនៅតុលាការអន្តរជាតិដូចដែលហ្វីលីពីនបានធ្វើនៅឆ្នាំ២០១៣។
ពួកអ្នកវិភាគជឿថា នៅពេលជាមួយគ្នានោះដែរ ចិនកំពុងព្រមានវៀតណាមពីគម្រោងរុករកប្រេង ឬឧស្ម័នថ្មីនៅក្រោមបាតសមុទ្រនៅជិតខ្សែបន្ទាត់៩ចំណុចដែលរដ្ឋាភិបាលក្រុងប៉េកាំងប្រើដើម្បីកំណត់ព្រំដែនសមុទ្ររបស់ខ្លួន។
លោក Collin Koh ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ខាងសន្តិសុខផ្លូវនាវាចរណ៍នៅឯសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរីនិយាយថា «អ្វីដែលខ្ញុំមើលឃើញគឺចំណាត់ការនៅពេលថ្មីៗនេះ រួមមានទាំងចំណាត់ការកាលពីថ្មីៗបំផុតនេះជាការផ្តល់សញ្ញាដល់វៀតណាមឱ្យគិតឡើងវិញមុននឹងរកមធ្យោបាយដើម្បីធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ចិនហើយការណ៍នេះរួមបញ្ចូលទាំងការចាប់ផ្តើមកិច្ចព្រមព្រៀងថ្មីជាមួយដៃគូថាមពលនានា»។
កាលពីខែវិច្ឆិកាឆ្នាំមុន អនុរដ្ឋមន្រ្តីការបរទេសវៀតណាមបានលើកឡើងពីអន្តរាគមន៍តាមរយៈអាជ្ញាកណ្តាល និងការដាក់ពាក្យបណ្តឹងជាវិធានការ២ដែលអាចទៅរួចដើម្បីប្រឆាំងនឹងចិន។
៣ឆ្នាំបន្ទាប់ពីរដ្ឋាភិបាលក្រុងម៉ានីលបានប្តឹងតុលាការអាជ្ញាកណ្តាលអន្តរជាតិក្នុងទីក្រុងឡាអេបានកាត់សេចក្តីប្រឆាំងមូលដ្ឋានផ្លូវច្បាប់សម្រាប់ខ្សែបន្ទាត់ព្រំដែនសមុទ្រដែលដាច់ជា៩ចំណុចរបស់ចិន។ ចិនបានច្រានចោលការសម្រេចរបស់តុលាការនោះ ក៏ប៉ុន្តែបានប្រើជំនួយ និងការវិនិយោគទុនរបស់ខ្លួនដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសទាមទារដែនទឹកនោះ។ ប្រទេសប៊្រុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ក៏បានទាមទារផ្នែកទាំងអស់ ឬផ្នែកខ្លះនៃសមុទ្រដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េដែរ។
វៀតណាម និងចិនបានប៉ះទង្គិចគ្នានៅសមុទ្រក្នុងឆ្នាំ១៩៧៤ ឆ្នាំ១៩៨៨ និងឆ្នាំ២០១៤ ដែលធ្វើឱ្យរដ្ឋាភិបាលទីក្រុងហាណូយខុសពីប្រទេសទាមទារសមុទ្រផ្សេងទៀតដែលកម្រធ្វើឱ្យមានជម្លោះណាស់។ ឧបទ្ទវហេតុ២លើកដំបូងមានមនុស្សស្លាប់។ នៅឆ្នាំ២០១៤ វៀតណាមបានចោទប្រកាន់ចិនពីការបើកបុកកប៉ាល់នេសាទវៀតណាម។ ឧបទ្ទវហេតុនេះរួមជាមួយការរកាំចិត្តអំពីការដំឡើងការដ្ឋានបូមប្រេងរបស់ចិនបានបណ្តាលឱ្យមានកុបកម្មប្រឆាំងចិននៅក្នុងប្រទេសវៀតណាម។
ចិនដែលមានកម្លាំងយោធាខ្លាំងទី៣របស់ពិភពលោកទាមទារសមុទ្រចិនខាងត្បូងប្រហែល៩០ភាគរយដែលសម្បូរត្រី មានប្រេងឥន្ទនៈ និងជាផ្លូវដឹកជញ្ជូន។
ចិនបានយោងដល់កំណត់ត្រាប្រវត្តិសាស្រ្តដើម្បីគាំទ្រការខួងប្រេងការស៊ើបយកការណ៍ និងការស្ថាបនាកោះនៅក្នុងចំណុចខ្សែបន្ទាត់ព្រំដែនសមុទ្រ៩ចំណុច។
វៀតណាម និងចិនកំពុងស្វែងរកអណ្តូងប្រេងកាតនៅក្រោមបាតសមុទ្រ។ ចិនបានដកនាវារបស់ខ្លួនកាលពីខែតុលាឆ្នាំទៅបន្ទាប់ពីការយាមល្បាតអស់រយៈពេល៤ខែនៅជិតតំបន់ដែលមានឧស័្មន និងប្រេងនៅចម្ងាយ៣៥២គីឡូម៉ែត្រភាគអាគ្នេយ៍ប្រទេសវៀតណាម។
លោក Euan Graham ជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្រ្តដែលមានទីតាំងក្នុងប្រទេសសិង្ហបុរីបាននិយាយថា កប៉ាល់រុករកប្រេងផ្សេងទៀតគួរចាប់អារម្មណ៍ពីចលនានាវារុករករបស់ចិន។ ប្រទេសប៊្រុយណេ ម៉ាឡេស៊ី និងហ្វីលីពីនកំពុងស្វះស្វែងរកប្រេងនៅក្រោមបាតសមុទ្រជួនកាលធ្វើកិច្ចសន្យាគម្រោងជាមួយក្រុមហ៊ុនខួងប្រេងបរទេស។
លោក Graham និយាយបន្តទៀតថា «ខ្ញុំគិតថា វាជាផ្នែកមួយនៃយុទ្ធសាស្រ្តបំភិតបំភ័យ និងរំខានយាយីមិនស្រាកស្រានចំពោះសកម្មភាពរុករកទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងចំណុចខ្សែបន្ទាត់ព្រំដែនសមុទ្រ៩ចំណុច រហូតដល់ក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុកមិនអាចរុករកប្រេងបានដោយដឹងថា ចិននឹងធ្វើឱ្យមានការលំបាកដល់ពួកគេ»។
លោកបាននិយាយថា ចិនអាចធ្វើឱ្យប្រទេសទាមទារផ្សេងទៀតចូលរួមការរុករក ថាមពលរួមគ្នា។
លោក Koh និយាយថា ក្រុមហ៊ុនធ្វើកិច្ចសន្យាខួងប្រេងរំពឹងថា វៀតណាមនឹងផ្តល់សន្តិសុខក្នុងអំឡុងធ្វើគម្រោងណាមួយ។ លោក Nguyen Thanh Trung នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនៅឯសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងមនុស្សសាស្ត្រក្នុងទីក្រុងហូជីមិញនិយាយថា ក្រុមហ៊ុនទាំងនោះអាចសុំឱ្យវៀតណាមនូវតម្លៃកិច្ចសន្យាខ្ពស់ ប្រសិនបើពួកគេភ័យខ្លាចការរំខានយាយី។
លោក Nguyen បាននិយាយទៀតថា វៀតណាមមិនមានការដ្ឋានខួងប្រេងនៅឯកន្លែងរុករកនៅតាមបណ្តោយផ្លូវនាវាចរណ៍ដែលបានរាយការណ៍កាលពីពាក់កណ្តាលខែមិថុនាដោយនាវាចិនទេ។
លោក Nguyen បានថ្លែងបន្តទៀតថា «វៀតណាមកំពុងធ្វើការសម្របសម្រួលដោយមិនចង់ប្រឈមមុខជាមួយចិននៅពេលឥឡូវនេះ។ នៅឆ្នាំក្រោយ សមាជគណបក្សកុម្មុយនិស្តវៀតណាមនឹងត្រូវធ្វើឡើង ដូច្នេះអ្វីៗដែលកំពុងកើតមានឡើងក្នុងសមុទ្រចិនខាងត្បូងអាចមានឥទ្ធិពលយ៉ាងខ្លាំង ដូច្នេះនេះជាហេតុផលមួយថាតើហេតុអ្វីបានជារដ្ឋាភិបាលវៀតណាមចង់ពន្លត់ការតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងនោះ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន