សៀវភៅថ្មីមួយក្បាលបង្ហាញពីរឿងរ៉ាវផ្ទាល់ជុំវិញសំណាង និងឧបសគ្គដែលបញ្ញវ័ន្តអាមេរិកាំងមួយរូបបានប្រឈម នៅពេលលោកទៅធ្វើការនៅប្រទេសកូរ៉េខាងជើង ដែលជាប្រទេសមានការរឹតត្បិតជាងគេបង្អស់មួយនៅលើពិភពលោក។
នៅក្នុងសៀវភៅ Being In North Korea ដែលប្រែជាភាសាខ្មែរថា «ការស្ថិតនៅកូរ៉េខាងជើង» អ្នកនិពន្ធលោក Andray Abrahamian បានបង្ហាញពីដំណើររយៈពេលជិតមួយទសវត្សរ៍ ដែលលោកបានចំណាយពេលធ្វើការឲ្យអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបង្រៀនជំនាញអាជីវកម្ម និងគោលនយោបាយសេដ្ឋកិច្ចទីផ្សារ ដល់ពលរដ្ឋកូរ៉េខាងជើងណាដែលមានបំណងចង់ក្លាយជាសហគ្រិន និងដែលធ្លាប់តែរស់នៅក្រោមប្រព័ន្ធគ្រប់គ្រងតឹងរ៉ឹងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
លោក Abrahamian ដែលជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Chosun Exchange បានថ្លែងប្រាប់ VOA នៅក្នុងបទសម្ភាសន៍មួយថា៖ «គំនិតនៃការប្រើប្រាស់ទីផ្សារ និងបុគ្គលដែលធ្វើការសម្រេចចិត្តអំពីទីផ្សារ និងចូលរួមក្នុងទីផ្សារតាមបែបផែនដែលផ្តល់ប្រយោជន៍ដល់ពួកគេ គឺជាគំនិតដ៏ខ្លាំងក្លាមួយដែលបានចាក់ស្រេះនៅកូរ៉េខាងជើង»។
ប៉ុន្តែលោក Abrahamian បានបញ្ជាក់ថា ទោះបីជាសហការីជនជាតិកូរ៉េខាងជើងរបស់លោកមួយចំនួនសង្ឃឹមថា នឹងមានកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ពួកគេក៏ដោយ ក៏លោកនៅតែត្រូវជៀសវាងពីការប្រើប្រាស់ពាក្យថា «កំណែទម្រង់» ក្នុងអំឡុងពេលសិក្ខាសាលា ឬពេលពិភាក្សាជាមួយនឹងមន្រ្តីកូរ៉េខាងជើង។
លោកបាននិយាយថា៖ «ពាក្យកំណែទម្រង់បង្ហាញដោយប្រយោលថា មានបញ្ហាដែលត្រូវដោះស្រាយ។ វាបង្ហាញពីអ្វីដែលចិនបានធ្វើ ហើយ [កូរ៉េខាងជើង] ចង់បង្ហាញឲ្យច្បាស់ថា ពួកគេមិនចម្លងពីប្រទេសចិននោះទេ»។
ការជ្រើសរើសពាក្យពេចន៍ដោយមិនឲ្យមានភាពចម្រូងចម្រាសគឺគ្រាន់តែជាបញ្ហាប្រឈមមួយ ដែលលោក Abrahamian ជួបប្រទះតែប៉ុណ្ណោះ។
លោក Abrahamian ស្ថិតក្នុងចំណោមជនបរទេសមួយចំនួនតូច ដែលធ្វើការឲ្យអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ដែលទទួលបានការជឿទុកចិត្តពីរដ្ឋាភិបាលកូរ៉េខាងជើង។ អង្គការក្រៅរដ្ឋាភិបាលទាំងនេះជាទូទៅមានការទទួលខុសត្រូវនៅក្នុងការផ្តល់ជំនួយមនុស្សធម៌នៅកូរ៉េខាងជើង ហើយក្នុងករណីខ្លះ ជួយផ្តល់ប្រឹក្សាដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ស្របពេលដែលរដ្ឋាភិបាលនេះកំពុងចាត់វិធានការនានាដើម្បីបើកចំហសេដ្ឋកិច្ចជាបណ្ដើរៗ។
បើយោងតាមលោក Abrahamian ប្រទេសកូរ៉េខាងជើងជាកន្លែងទាក់ទាញអ្នកដែលឈឺឆ្អាលរឿងអ្នកដទៃ អ្នកចូលចិត្តផ្សងព្រេង អ្នកធ្វើការផ្នែកជំនួយមនុស្សធម៌ និងអ្នកផ្សព្វផ្សាយសាសនាគ្រិស្ត ដែលមានអារម្មណ៍ថា «ត្រូវបានកោះហៅ» ឲ្យមកជួយលើកកម្ពស់ស្មារតី។
លោកបាននិយាយថា៖ «មានមនុស្សច្រើនណាស់ដែលត្រូវបានជំរុញទឹកចិត្តយ៉ាងពិតប្រាកដដោយសេចក្តីមេត្តា និងបំណងនៅក្នុងការជួយប្រជាជនដែលជាទូទៅមានជីវភាពលំបាក។ ខ្ញុំគិតថា នេះក៏ជាកត្តាជំរុញចិត្តសម្រាប់ខ្ញុំផងដែរ»។
មានបុគ្គល និងអង្គការដូចខាងលើនេះតិចតួចតែប៉ុណ្ណោះ ដែលបានពិភាក្សា និងសរសេរសៀវភៅដោយបើកចំហអំពីកិច្ចប្រឹងប្រែងរបស់ពួកគេ ហើយអ្នកដែលនិយាយជាមួយនឹងសារព័ត៌មានតែងតែមានការប្រយ័ត្នប្រយែង ដោយមិននិយាយហួសពីព្រំដែនដែលកំណត់ដោយគណបក្សកុម្មុយនីស្ត បើមិនដូច្នេះទេ ពួកគេអាចប្រឈមនឹងការបាត់បង់សិទ្ធិចូលបំពេញភារកិច្ចនៅកូរ៉េខាងជើង។
លោក Abrahamian បានចាកចេញពីការធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលក្នុងឆ្នាំ ២០១៨ ហើយឥឡូវនេះ លោកជាអ្នកជំនួយការស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Pacific Forum ក្នុងទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋអាមេរិក និងជាអ្នកស្រាវជ្រាវផ្នែកកម្មវិធី Koret នៅមជ្ឈមណ្ឌលស្រាវជ្រាវតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសាកលវិទ្យាល័យ Stanford នៅពេលដែលលោកសរសេរសៀវភៅនេះ។ លោក Abrahamian បានទទួលសញ្ញាប័ត្រថា្នក់បណ្ឌិតពីសាកលវិទ្យាល័យមួយនៅប្រទេសកូរ៉េខាងត្បូង ដែលនៅទីនោះ លោកក៏បានរៀនភាសាកូរ៉េផងដែរ។
នៅក្នុងសៀវភៅរបស់លោក លោក Abrahamian ព្យាយាមបង្ហាញអំពីទិដ្ឋភាពជាទូទៅនៅប្រទេសកូរ៉េខាងជើង ហើយស្របពេលនោះដែរ លោកមិនរារែកនៅក្នុងការរិះគន់លើរបបដឹកនាំ និងគោលនយោបាយរបស់ប្រទេសនេះ ដែលលោកអះអាងថាបាន «កាត់ផ្តាច់ប្រជាជនរបស់ខ្លួនចេញពីពិភពលោក» នោះទេ។
លោកបានលើកឡើងថា តាមរយៈតួនាទីរបស់លោកពីមុន លោកចង់ជួយកែប្រែការយល់ឃើញរបស់ពិភពលោកអំពីប្រទេសកូរ៉េខាងជើង ដែលកន្លងមកតែងផ្តោតជាចម្បងទៅលើគ្រោះទុរភិក្សនៅក្នុងប្រទេសនេះនៅទសវត្សរ៍ ១៩៩០ កម្មវិធីអាវុធនុយក្លេអ៊ែរ និងរឿងរ៉ាវប្លែកៗផ្សេងទៀតដូចជា ការតម្រូវឲ្យបុរសទាំងអស់កាត់ម៉ូដសក់ដូចមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ជាដើម។
លោក Abrahamian បានបន្តថា លោកបានប្រាប់មនុស្សទូទៅថា នៅពេលនិយាយពីជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋកូរ៉េខាងជើង ប្រទេសកូរ៉េខាងជើងមិនសូវខុសពីប្រទេសដទៃទៀតប៉ុន្មានទេ ហើយការព្រួយបារម្ភរបស់ពលរដ្ឋកូរ៉េខាងជើងគឺស្រដៀងគ្នាទៅនឹងការព្រួយបារម្ភរបស់ពលរដ្ឋអាមេរិកាំង ឬពលរដ្ឋដទៃទៀតនៅលើពិភពលោកផងដែរ។
លោកបាននិយាយថា ដូចឪពុកម្តាយដទៃទៀតដែរ «ម្តាយតែងខ្វាយខ្វល់អំពីចំណាត់ថ្នាក់នៃការសិក្សារបស់កូន ហើយឪពុកតែងផឹកគ្រឿងស្រវឹងច្រើនបន្ទាប់ពីចេញពីធ្វើការ ដោយសារតែការងាររបស់ពួកគេធ្វើឲ្យតប់ប្រមល់ខ្លាំង» ហើយបុរស និងស្រ្តីវ័យកេ្មងព្រួយបារម្ភអំពីការស្វែងរកដៃគូត្រឹមត្រូវដើម្បីរៀបការ។
ប៉ុន្តែលោក Abrahamian មិនបានបដិសេធថា ជីវិតនយោបាយនៅកូរ៉េខាងជើង «មានភាពចម្លែកខ្លាំង»នោះទេ។ អ្នកធ្វើការនៅក្នុងប្រទេសនេះតែងចូលរួមក្នុងកម្មវិធីវាយតម្លៃរិះគន់លើខ្លួនឯង ហើយគ្រួសារនីមួយៗត្រូវព្យួររូបថតមេដឹកនាំប្រទេសនៅក្នុងផ្ទះរបស់ពួកគេ ដែលទាំងនេះជាឧទាហរណ៍មួយចំនួនដែលលោក Abrahamian បានពណ៌នានៅក្នុងសៀវភៅរបស់លោក។
លោកបានសរសេរថា៖ វាមាន «ភាពធម្មតា ៨០% ភាពចម្លែកខ្លាំង ២០%»។
លោក Abrahamian និយាយថា ដោយសារតែការរឹតត្បិតរបស់រដ្ឋកូរ៉េខាងជើងលើសកម្មភាពនយោបាយ សង្គម និងសេដ្ឋកិច្ច មានការដាក់កំហិតជាច្រើនមកលើសហគ្រិនភាពរបស់ពលរដ្ឋកូរ៉េខាងជើង។ ប៉ុន្តែតាមរយៈកម្មវិធីរបស់លោក និងលំហាត់បែបដើរតួ លោក និងកូនសិស្សរបស់លោកបានរកឃើញមធ្យោបាយបែបច្នៃប្រឌិតនានាដើម្បីអាចគេចពី «ការដាក់កំហិតនេះបាន»។
លោក Abrahamian លើកឡើងថា កិច្ចប្រឹងប្រែងអន្តរជាតិដើម្បីឲ្យមានការចូលរួមពីសំណាក់ប្រទេសកូរ៉េខាងជើងគឺនៅតែចាំបាច់។
លោកបញ្ជាក់ដូច្នេះថា៖ «ការចូលរួមមិនអាចដោះស្រាយគ្រប់បញ្ហានោះទេ» ប៉ុន្តែនៅពេលពិចារណាអំពីកិច្ចប្រឹងប្រែងដែលទទួលបរាជ័យកាលពី ១០ ទៅ ២០ ឆ្នាំមុន នៅក្នុងការជំរុញឲ្យរបបដឹកនាំកូរ៉េខាងជើងធ្វើកំណែទម្រង់ គេឃើញថា «ការចូលរួមផ្តល់ឱកាសច្រើនជាងមុនសម្រាប់បុគ្គលនីមួយៗនៅក្នុងការគ្រប់គ្រងលើជីវិតរបស់ពួកគេបានមួយផ្នែក»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា