ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវជ្រាវ​ឃើញ​ថា​ស្ត្រី​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​រង​គ្រោះ​ហិង្សា​ផ្លូវ​ភេទ​និង​រាង​កាយ


រូប​ឯកសារ៖ ជន​រងគ្រោះ​ពី​អំពើ​សេព​សន្ថវៈ​​ដែល​មិន​ដែល​ទទួល​បាន​​ការ​ជំនុំ​ជំរះ​តាម​ផ្លូវ​ច្បាប់​រក​យុត្តិធម៌ បួងសួង​នៅ​មុខ​ព្រះបរមរាជវាំង​នៅ​រាជធានី​ភ្នំពេញ។
រូប​ឯកសារ៖ ជន​រងគ្រោះ​ពី​អំពើ​សេព​សន្ថវៈ​​ដែល​មិន​ដែល​ទទួល​បាន​​ការ​ជំនុំ​ជំរះ​តាម​ផ្លូវ​ច្បាប់​រក​យុត្តិធម៌ បួងសួង​នៅ​មុខ​ព្រះបរមរាជវាំង​នៅ​រាជធានី​ភ្នំពេញ។

បុរស​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ដែល​មាន​អាយុ​ពី ​១៨​ ទៅ ​៤៩​ បាន​សារភាព​ថា​​បាន​រំលោភ​សេព​សន្ថវៈ​ស្ត្រី។ នេះ​បើ​តាម​របាយការណ៍​មួយ​ចេញផ្សាយ​នៅ​ក្នុង​ឆ្នាំ​​២០១៣​ដោយ​អង្គការ​សហប្រជាជាតិ។​

អំពើ​ហិង្សា​លើ​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​អត្រា​ខ្ពស់​ដោយ​យ៉ាង​ហោច​ណាស់មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​កម្ពុជា​ប្រាំ​នាក់​បាន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវ​ភេទ​និង​ ឬ​អំពើ​ហិង្សា​ រាងកាយ​ ដែល​ប្រព្រឹត្ត​ដោយ​បុគ្គល​ជា​ដៃគូ​ជិតស្និទ្ធ​របស់​ពួកគេ។ ទង្វើ​នេះ​ជា​ការ​បន្ថែមឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​ដោយ​ក្រសួង​កិច្ចការ​នារី​ក្រោម​ការ​សហការ​របស់​ UN Women។

បុរស​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ដែល​មាន​អាយុ​ពី ​១៨​ ទៅ ​៤៩​ បាន​សារភាព​ថាបាន​រំលោភ​សេព​សន្ថវៈ​ស្ត្រី។ នេះ​បើ​តាម​របាយការណ៍​មួយ​ចេញផ្សាយ​នៅ​ក្នុង​ឆ្នាំ២០១៣​ដោយ​អង្គការ​សហប្រជាជាតិ។​

អំពើ​ហិង្សា​ពី​ដៃគូ​ ទង្វើ​ឈ្លានពាន​រាង​កាយ​ ការ​បង្ខិតបង្ខំ​ផ្លូវ​ភេទ​គឺ​ជា​ឥរិយាបទ​ផ្សេងៗ​នៅ​ក្នុង​ទំនាក់​ទំនង​ជិតស្និទ្ធ​ដែល​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ពាល់​រាងកាយ​ ការ​ប៉ះពាល់​ផ្លូវ​ភេទ​ឬ​ផ្លូវចិត្ត។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​កិច្ចការ​នារី​ដែល​ចេញផ្សាយ​កាល​ពី​ខែ​មុន។

របាយ​ការណ៍​ដែល​ត្រូវ​បាន​ដាក់​ជា​សាធារណៈនេះ​ត្រូវ​បាន​គេ​រៀបរៀង​ពី​ឆ្នាំ​២០១៤​ ដល់​ឆ្នាំ​២០១៥​ដោយ​ក្រសួង​កិច្ចការ​នារី។

មាន​ស្ត្រី​ចំនួន​ស្ត្រី​៣.៥៧៤​ នាក់​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ដល់​៦៤​ឆ្នាំ​ត្រូវ​បាន​សម្ភាសន៍​នៅ​ទូទាំង​ប្រទេស​សម្រាប់​ការ​សិក្សា​នេះ។ ហើយ​របាយការណ៍​នេះ​បាន​អនុវត្ត​តាម​វិធីសាស្ត្រ​របស់ ​អង្គការ​សុខភាព​ពិភពលោក​ WHO។

របាយ​ការណ៍​នេះ​បាន​បង្ហាញ​ថា​ ៩០​ ភាគរយ​នៃ​ស្ត្រីបាន​រាយការណ៍​ថា​បាន​រង​របួស​ដោយ​ដៃគូ​ស្និទ្ធស្នាល​របស់​ពួកគេ​បាន​រង​ការ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​ទាមទារ​ឱ្យ​មាន​ការ​ថែ​ទាំ​សុខភាព​។ ៤៧​ភាគរយ​នៃ​ស្ត្រី​មិន​បាន​ស្វែង​រក​ការ​ថែ​ទាំ​សុខភាព។

ការ​ស្ទង់​មតិ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ស្ត្រី​ UN Women ​នេះ​បាន​រក​ឃើញ​ផង​ដែរ​ថា​ស្ត្រី​ត្រូវ​បាន​រំលោភ​សេព​សន្ថវៈ​ដោយ​អ្នក​ផ្សេង​ទៀត​មុន​ពេល​ពួក​គេ​មាន​អាយុ ​១៥ ឆ្នាំ​ហើយ​ដោយ​សារ​តែ​ភាព​អាម៉ាស់​និង​ការ​រើសអើង​សង្គម​ជន​រងគ្រោះ​មិន​ដែល​រាយការណ៍​ពី​អំពើ​ហិង្សា​ទាំងនេះ​ទេ។

លោក​ស្រី ​Wenny Kusuma​ អ្នក​តំណាង​របស់​ UN Women ​ប្រចាំ​នៅ​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ថា​ការ​ស្រាវជ្រាវ​នេះ​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេង​មួយ​ទៀត។

«លទ្ធផល​នៃ​ការ​សិក្សា​នេះ​បញ្ជាក់​ថា​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ ជាផ្នែក​មួយ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បញ្ជាក់​ពី​ភាព​បន្ទាន់​នៃ​ការ​ធានា​ថា​សេវាកម្ម​ផ្សេង​ទាំង​អស់​អាច​រក​បាន​ហើយ​ជន​រងគ្រោះ​ទាំងអស់​ដឹង​ពី​សិទ្ធិ​របស់​ពួក​គេ​ដើម្បី​ទទួល​សេវា​ទាំង​នេះ»។

អ្នក​តំណាង​ឱ្យ​អង្គការ​សុខភាព​ពិភពលោក លោក ​Dong-il Ahn​បាន​និយាយ​ថា​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បញ្ហា​ដែល​ត្រូវ​តែ​ដោះ​ស្រាយ៖

«អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​និង​ក្មេង​ស្រី​គឺ​ជា​បញ្ហា​សុខភាព​សាធារណៈ​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា។ វា​ជះ ​លទ្ធផល​អាក្រក់​ខ្លាំង​ទៅ​លើ​អ្នក​រងគ្រោះ។ ការ​សិក្សា​នេះ​បាន ​បញ្ជាក់​ថា​ទំនាក់ទំនង​នៃ​វិសមភាព​យេនឌ័រ​និង​អំពើ​ហិង្សា​នៅ​ជាប់​នឹង​ជីវិត​របស់​ស្ត្រី។ វិស័យ​សុខាភិបាល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​រងគ្រោះ»។

លោក​ស្រី ​អ៊ឹង ​កន្ថាផាវី​ រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​បាន​មាន​ប្រសាសន៍​ថា​មាន​មូលហេតុ​ជា​ច្រើន​ដូច​ជា​ការ​ខឹង​សំបារ​ សង្គ្រាម​ គ្រឿង​ស្រវឹង​ គ្រឿងញៀន ​ការ​ខ្វះ​ការ​អប់រំ​និង​មូល​ហេតុ​ផ្សេង​ៗ​ទៀត​ដែល​ជា​កត្តា​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី។

«យើង​ឃើញ​ថា​ស្ថិតិ​ដែល​យើង​បាន​ទទួល​ពេល​នេះ​យើង​ឃើញ​ថា​ស្ថិតិ​នៅ​មាន​កម្រិត​នៅ​ខ្ពស់​នៅ​ឡើយ»។

លោក​ស្រី​បាន​បន្ថែម​ថា​ការស្រាវជ្រាវ​នេះ​នឹង​រួមចំណែក​ដល់​សកម្មភាព​ផ្សេង​របស់​ក្រសួងដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី។

«លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នឹង​ជា​ធាតុ​ចូល​មួយ​សំខាន់​ណាស់​នៅ​ក្នុង​ការងារ​ដែល​យើង​កំពុង​តែ​ធ្វើ។ ពេល​ដែល​យើង​ដឹង​លទ្ធផល​ហើយ។ យើង​ដឹង​មូលហេតុ​ហើយ។ យើង​អាច​វ៉ៃ​ចំៗ​តែ​ម្តង‍»៕

XS
SM
MD
LG