ស្ពានសម្រាប់អ្នកថ្មើរជើងដែលទើបតែសង់ថ្មីបានប៉ុន្មានថ្ងៃក្នុងទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក សម្រាប់ដើរកាត់ផ្លូវហាយវ៉េមួយ បានបាក់កាលពីថ្ងៃព្រហស្បតិ៍ និងរលំត្រូវរថយន្តមួយចំនួន។
ប៉ូលិសក្នុងទីក្រុង Miami បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា «មនុស្សមួយចំនួន» បានស្លាប់ក្នុងហេតុការណ៍នោះ។
រូបភាពលើកញ្ចក់ទូរទស្សន៍បង្ហាញពីរថយន្តយ៉ាងហោចណាស់ចំនួនពីរគ្រឿងនៅខាងក្រោមបំណែកស្ពាននោះ ហើយគេភ័យខ្លាចថា មនុស្សមួយចំនួននៅជាប់ខាងក្រោមនោះ។
ស្ពាននោះនៅមិនទាន់បើកឲ្យសាធារណជនប្រើប្រាស់នៅឡើយទេ។ ផ្នែកចុងក្រោយបំផុតនៃស្ពាននោះដែលមានទម្ងន់៩៥០តោនត្រូវបានបំពេញកាលពីថ្ងៃសៅរ៍មុន។
ស្ពាននោះត្រូវបានសាងសង់ឡើងសម្រាប់ឲ្យនិស្សិតនៃសាកលវិទ្យាល័យ Florida International University ដើរឆ្លងកាត់ផ្លូវហាយវ៉េ ដែលមានចំណែកផ្លូវដល់ទៅ៧ ក្នុងទីក្រុង Sweetwater ដែលស្ថិតនៅប៉ែកខាងកើតទីក្រុង Miami៕