ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ព្យុះសង្ឃរា Idalia បានបក់បោកមកដល់មាត់សមុទ្រភាគខាងលិចនៃរដ្ឋ Florida ជាព្យុះកម្រិតទី ៣ ដ៏គ្រោះថ្នាក់នៅថ្ងៃពុធនេះ និងគំរាមបង្កឱ្យមានការកើនឡើងនូវនីវ៉ូទឹកសមុទ្រដែលប៉ះពាល់ដល់អាយុជីវិតនិងការធ្លាក់ភ្លៀងខ្លាំងក្លា។
ព្យុះសង្ឃរា Idalia នេះបានបក់បោកមកឡើងគោកនៅច្រាំងសមុទ្រតំបន់ Big Bend ដែលមានប្រជាជនតិចតួចរស់នៅ។ ព្យុះសង្ឃរានេះអាចបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់រដ្ឋ Florida ដែលនៅកំពុងដោះស្រាយជាមួយនឹងការខូចខាតដោយសារព្យុះសង្ឃរា Ian កាលពីឆ្នាំមុននៅឡើយ។
ព្យុះសង្ឃរា Idalia នេះបានបង្កជាភ្លៀងធ្លាក់ខ្លាំងក្លានៅរដ្ឋ Florida នៅពេលដែលចំណុចកណ្ដាលនៃព្យុះនេះបក់បោកឆ្ពោះទៅរកមាត់ឈូងសមុទ្ររបស់រដ្ឋនេះដោយមានល្បឿនថេរជាអតិបរមាចំនួន ២១៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
មុនពេលព្យុះ Idalia នេះបក់បោកមកដល់ដីគោក មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិរបស់សហរដ្ឋអាមេរិកធ្លាប់បានប្រកាសថាព្យុះនេះបានបង្កើនកម្លាំងដល់កម្រិតទី ៤ ដែលជាកម្រិតខ្លាំងបំផុតទីពីរ ក្នុងការចាត់ថ្នាក់៥កម្រិត។
តំបន់ដែលប៉ះពាល់ដោយផ្ទាល់ខ្លាំងបំផុតដោយសារនីវ៉ូទឹកសមុទ្រកើនឡើងដែលបណ្ដាលមកពីព្យុះនេះអាចនឹងមានទឹកជន់លិចកម្ពស់ពី ៣ ទៅ ៥ ម៉ែត្រ។
អាជ្ញាធរបានបញ្ជាឱ្យមានការជម្លៀសជាចាំបាច់នូវប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ៨ ដែលស្ថិតក្នុងគន្លងនៃព្យុះនេះ ហើយប្រជាពលរដ្ឋនៅក្នុងស្រុក ១៤ ផ្សេងទៀតត្រូវបានលើកទឹកចិត្តឱ្យជម្លៀសចេញ។
ទាហានឆ្មាំការពារជាតិចំនួនប្រហែល ៥.៥០០ នាក់និងបុគ្គលិកសេវាកម្មទឹកភ្លើងជាង ៣០.០០០ នាក់ត្រូវបានដាក់ពង្រាយនៅមុនពេលដែលព្យុះនេះបក់បោកមកដល់ ដើម្បីត្រៀមសម្រាប់កិច្ចប្រឹងប្រែងជួយសង្គ្រោះនិងស្ដារឡើងវិញ។
អ្នកព្យាករណ៍ធាតុអាកាសបាននិយាយថា កម្លាំងខ្យល់ដ៏មហន្តរាយអាចប៉ះពាល់តំបន់នានានៅក្នុងរដ្ឋ Florida និងរហូតដល់រដ្ឋ Georgia ដែលនៅក្បែរនោះផងដែរនៅថ្ងៃពុធនេះ ដោយភ្លៀងជន់លិចក៏ប៉ះពាល់ដល់រដ្ឋទាំងពីរនេះរួមទាំងរដ្ឋ South Carolina និងរដ្ឋ North Carolina ផងដែររហូតដល់ថ្ងៃព្រហស្បតិ៍ស្អែក៕