ការទទួលទានបែបខ្ជះខ្ជាយរបស់ពលរដ្ឋចិន ជាពិសេសពួកមន្ត្រីគណបក្សកុម្មុយនិស្តចិនបានធ្វើឱ្យមានការព្រមានពីលោកស៊ី ជីនពីង ប្រធានាធិបតីចិន។ តាមការិយាល័យស្ថិតិជាតិរបស់ចិនបានឱ្យដឹងថា តម្លៃម្ហូបអាហារក្នុងប្រទេសចិនបានឡើងថ្លៃប្រហែល១០ភាគរយក្នុងខែកក្កដា បើប្រៀបធៀបទៅនឹងកាលពីមួយឆ្នាំមុន តម្លៃពោតបានឡើងថ្លៃ២០ភាគរយ។
ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានជំរុញឱ្យប្រទេសរបស់លោកចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់អ្វីដែលលោកបានហៅថា បញ្ហាខ្ជះខ្ជាយម្ហូបអាហារដ៏គួរឱ្យរន្ធត់និងគ្រោះថ្នាក់នៅពេលមានទឹកជំនន់អាក្រក់បំផុតនៅតាមបណ្តោយទន្លេយ៉ាង សេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែលគំរាមកំហែងដំណាំស្រូវដ៏មានសារៈសំខាន់របស់ប្រទេសចិន។
ក្នុងសេចក្តីណែនាំដែលបានចេញផ្សាយកាលពីសប្តាហ៍មុនលោកប្រធានាធិបតីស៊ីបានជំរុញឱ្យប្រទេសនេះយកចិត្តទុកដាក់ដល់គ្រោះថ្នាក់នៃសន្តិសុខម្ហូបអាហារហើយបាននិយាយសង្កត់ពីបញ្ហាដ៏ធ្ងន់ធ្ងរដែលប្រទេសនេះប្រឈមនៅពេលមានការរាតត្បាតនៃមេរោគកូរ៉ូណាដែលជំរុញឱ្យមានការព្រួយកង្វល់អំពីការរឹតបន្តឹងការផ្គត់ផ្គង់និងធ្វើឱ្យតម្លៃម្ហូបអាហារឡើងថ្លៃ។
ពួកអ្នកវិភាគ បានប្រាប់ VOA ថា សម្ពាធកាលពីពេលថ្មីៗនេះលើសន្តិសុខម្ហូបអាហាររបស់ប្រទេសចិនបណ្តាលមកពីមហន្តរាយធម្មជាតិនៅក្នុងប្រទេស និងទំនាក់ទំនងកាន់តែអាក្រក់ឡើងជាមួយដៃគូពាណិជ្ជជាច្រើនរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ការខ្ជះខ្ជាយម្ហូបអាហាររបស់ចិន
របាយការណ៍ឆ្នាំ២០១៨ដោយបណ្ឌិតវិទ្យាសាស្រ្តចិនបានរកឃើញថា ចិនបានខ្ជះខ្ជាយម្ហូបអាហាររហូតដល់ចំនួន១៨លានតោននៅក្នុងទីក្រុងធំៗចំនួន៤ គិតត្រឹមតែក្នុងឆ្នាំ២០១៥ ដែលល្មមគ្រប់គ្រាន់ចិញ្ចឹមមនុស្សពី៣០ទៅ៥០លាននាក់ក្នុងមួយឆ្នាំៗ។
របាយការណ៍នោះបានប្រាប់ឱ្យដឹងទៀតថា ទីក្រុងរបស់ចិន បានមានកាកសម្រាមចំនួន២៥ភាគរយនៃសំរាមពិភពលោកហើយកាកសម្រាមភាគច្រើនជាម្ហូបអាហារ។ ពួកអតិថិជនរបស់ឧស្សាហកម្មម្ហូបចំណីរបស់ចិន បានខ្ជះខ្ជាយម្ហូបអាហាររបស់ពួក គេជាមធ្យមចំនួន១១,៧ភាគរយ។
តាមការវាយតម្លៃឆ្នាំ២០១៥របស់អង្គការម្ហូបអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ ឬ (FAO) បានឱ្យដឹងថា ប្រទេសចិនបានខ្ជះខ្ជាយម្ហូបអាហាររហូតដល់៣៥ លានតោនក្នុងមួយឆ្នាំ។ ចំនួននេះគឺជិត៦ភាគរយនៃផលិតផលម្ហូបអាហារប្រចាំឆ្នាំរបស់ប្រទេសនេះ។
អង្គការ FAO បានប៉ាន់ស្មានទៀតថា ប្រហែល១ភាគ៣នៃម្ហូបអាហារទាំងអស់ដែលត្រូវបានផលិតបានបាត់បង់ ឬខ្ជះខ្ជាយក្នុងអំឡុងនៃការផលិត ដឹកជញ្ជូននិងប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះមានលក្ខណៈខុសគ្នានៅក្នុងប្រទេសនីមួយៗ។
តើនរណាខ្ជះខ្ជាយម្ហូបអាហារនៅក្នុងប្រទេសចិន?
នៅក្នុងសង្គមចិន មនុស្សជាធម្មតាពួកគេរាប់អានគ្នាទៅវិញទៅមកតាមរយៈម្ហូបអាហារដើម្បីបង្កើតមិត្តភក្តិ ឬបង្កើនចំណងទាក់ទង ហើយចំនូនម្ហូបអាហារថ្លៃៗនិងកម្រត្រូវបានគេចាត់ទុកថា ជាការគោរពភ្ញៀវ។ ការសិក្សានៅឆ្នាំ២០១៥ ឱ្យដឹងថា ការទទួលទានអាហារពេលល្ងាច រួមមានម្ហូបត្រជាក់ពី៤ទៅ៦មុខ និងម្ហូបក្តៅពី៨ទៅ១០មុខ ដោយមានស៊ុបនិងផ្លែឈើ។ ការរៀបចំឬកុម្មង់ម្ហូបអាហារច្រើនត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃការទទួលស្វាគមន៍រាក់ទាក់ក្នុងប្រទេសចិន។ លោក Zhu Qizhen ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យកសិកម្ម បានប្រាប់កាសែត South China Morning Post ថា ពីព្រោះតែ ប្រពៃណីនេះ «ចំនួនម្ហូបអាហារដែលនៅសល់បានក្លាយជាបទដ្ឋានសម្រាប់ការជប់លៀងយ៉ាងខ្ជះខ្ជាយ»។
លោក Heng Hei អ្នកធ្វើអត្ថាធិប្បាយនយោបាយបាននិយាយថា បញ្ហាដ៏សំខាន់មួយដែលទាក់ទិននឹងបញ្ហាខ្ជះខ្ជាយម្ហូបអាហាររបស់ប្រទេសចិនគឺជាប់ទាក់ទិននឹងភាពហូរហៀរហ៊ឺហារដ៏លើសលប់របស់គណបក្សកុម្មុយនិស្តចិន។.
លោកបាននិយាយទៀតថា៖ «កម្រិតនៃការខ្ជះខ្ជាយម្ហូបអាហារនេះមានជាប់ទាក់ទងនឹងវប្បធម៌ហ៊ឺហារហួសហេតុរបស់គណបក្សកុម្មុយនិស្តចិន»។
ការស្ទង់មតិនៅឆ្នាំ២០១៣ ដោយកាសែត Beijing Youth Daily ដែលជាកាសែតរដ្ឋចិនបានប្រាប់ឱ្យដឹងថា ពួកអ្នកឆ្លើយតបដ៏គួរឱ្យតក់ស្លុតចំនួន ៩៨,៨ ភាគរយ និយាយថា ពួកមន្រ្តីចិនបានខ្ជះខ្ជាយថវិកាសាធារណៈ។ ថវិកាចំនួន៣៣,៨ ភាគរយត្រូវបានគេប្រើសម្រាប់ពិធីជប់លៀងផ្លូវការ រួមមានអាហារពេលល្ងាចដ៏ខ្ជះខ្ជាយ។
លោកប្រធានាធិបតីស៊ី ជីនពីងបានចាប់ផ្តើមយុទ្ធនាការប្រឆាំងអំពើពុករលួយជាមធ្យោបាយដើម្បីទប់ស្កាត់អំពើពុករលួយយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកវិភាគបានចង្អុលបង្ហាញថា យុទ្ធនាការនេះ ក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីកំចាត់សត្រូវនយោបាយរបស់លោកដែរ។ កាសែត Global Times របស់រដ្ឋចិនបានប្រាប់ឱ្យដឹងថា ចិនក៏បានចាប់ផ្តើម «យុទ្ធនាការបរិភោគឱ្យអស់ពីចាន» នៅឆ្នាំ២០១៣ដែលមានគោលបំណងបញ្ចប់អំពើដ៏ខ្ជះខ្ជាយរបស់ពួកមន្រ្តីក្នុងពិធីជប់លៀងធំៗ។
សន្តិសុខម្ហូបអាហារ
លោកស៊ីដែលជាមេដឹកនាំចិន បានភ្ជាប់សន្តិសុខម្ហូបអាហារទៅនឹងសន្តិសុខជាតិរបស់ចិនជាយូរយារណាស់មកហើយ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្ត Heilongjiang ដែលជាទីកន្លែងផលិតសណ្តែកសៀងដ៏ធំបង្អស់នៅក្នុងប្រទេសចិនកាលពីឆ្នាំ២០១៨ លោកស៊ីបាននិយាយថា ចានបាយរបស់ពលរដ្ឋចិនក្នុងស្ថានភាពណាក៏ដោយត្រូវតែស្ថិតនៅក្នុងដៃរបស់ពួកគេយ៉ាងណែន។
ឆ្នាំ២០២០មានបញ្ហា២កើតមានឡើងដល់ប្រទេសចិនដែលមានសេដ្ឋកិច្ចធំបង្អស់ទី២ក្នុងពិភពលោក។ ចិនកំពុងជួបប្រទះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាង២ទសវត្សរ៍ ដោយបានបំផ្លាញដីស្រែចំការរាប់សែនហិកតានៅតាមបណ្តោយដងទន្លេយ៉ាងសេ។ ដោយមានរហ័សនាមថា «ទឹកដីស្រូវអង្ករ និងត្រី» តំបន់អាងទន្លេយ៉ាងសេផ្តល់ផលិតផលស្រូវ៧០ភាគរយនៃផលិតផលស្រូវទាំងអស់របស់ចិន។
តាមការិយាល័យស្ថិតិជាតិរបស់ចិនបានប្រាប់ឱ្យដឹងថា តម្លៃម្ហូបអាហារក្នុងប្រទេសចិនបានឡើងថ្លៃប្រហែល១០ភាគរយក្នុងខែកក្កដា បើប្រៀបធៀបទៅនឹងកាលពីមួយឆ្នាំមុន ដែលតម្លៃពោតបានឡើងថ្លៃ២០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ តម្លៃសណ្តែកសៀងបានឡើងថ្លៃ៣០ភាគរយ បើប្រៀបធៀបទៅនឹងតម្លៃកាលពីចុងឆ្នាំទៅ។
រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើការឆ្លើយតបទៅនឹងវិបត្តិនេះដោយការបញ្ចេញគ្រាប់ធញ្ញជាតិបម្រុងទុករបស់ខ្លួនដើម្បីធ្វើឱ្យមានស្ថិរភាពដល់ការផ្គត់ផ្គង់។ ក្រុមរក្សាគ្រាប់ធញ្ញជាតិចិន បានប្រាប់ឱ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចេញអង្ករចំនួន ៦២,៥លានតោន ពោតចំនួន៥០លានតោន និងសណ្តែកសៀងជាង៧សែន៦ម៉ឺនតោនកាលពីចុងខែកក្កដា ជាចំនួនដែលជិតស្មើ២ដងនៃចំនួនដែលបានបញ្ចេញក្នុងអំឡុងឆ្នាំ២០១៩ទាំងមូល។
ក្នុងពេលជាមួយគ្នានេះដែរ ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗខ្លះអាចធ្វើឱ្យមានភាពមិនប្រាកដប្រជាសម្រាប់សង្វាក់ផ្គត់ផ្គង់ម្ហូបអាហាររបស់ចិន។ ឧទាហរណ៍ ចិនបានពឹងផ្អែកលើការនាំចូលមកពីសហរដ្ឋអាមេរិកដើម្បីព្យាយាមធ្វើឱ្យតម្លៃម្ហូបអាហារមានស្ថិរភាពនិងបំពេញតាមការសន្យារបស់ខ្លួនដើម្បីទិញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក។
តាមទិន្នន័យមកក្រសួងគយរបស់ចិន បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ចិនបាននាំចូលគ្រាប់ធញ្ញជាតិជិត៦១លានតោនដែលកើនឡើងចំនួន២១ភាគរយ បើប្រៀបធៀបកាលពីឆ្នាំទៅ។ ការនាំចូលពោត សណ្តែកសៀងនិងស្រូវសាលី ក៏បានកើនឡើងដែរ៕
ប្រែសម្រួលដោយជឹង ប៉ូជីន