ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ ៥ នៅ​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក


មន្ត្រី​សុខាភិបាល​កំពុង​តែ​ត្រៀម​​រៀបចំ​ធ្វើ​តេស្ត​​រក​ជំងឺ​កូវីដ១៩​ដល់​អ្នក​​ចូល​ពិនិត្យ​ នៅ​តំបន់​ឆ្នេរ​ក្នុង​ក្រុង Miami រដ្ឋ Florida ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០។
មន្ត្រី​សុខាភិបាល​កំពុង​តែ​ត្រៀម​​រៀបចំ​ធ្វើ​តេស្ត​​រក​ជំងឺ​កូវីដ១៩​ដល់​អ្នក​​ចូល​ពិនិត្យ​ នៅ​តំបន់​ឆ្នេរ​ក្នុង​ក្រុង Miami រដ្ឋ Florida ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​សៅរ៍ បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ចំនួន ៤៤.៦០៦ ករណី ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​មក ដែល​ធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​កើន​ដល់ ២.៤៥៩.៤៧២ ករណី។

មជ្ឈមណ្ឌល​នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​ស្លាប់​ថ្មី​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន ៦៥១ ករណី ដែល​ធ្វើ​ឲ្យ​ករណី​ស្លាប់​សរុប​កើន​ដល់ ១២៤. ៩៧៦ ករណី។

កាល​ពី​ថ្ងៃ​សៅរ៍ រដ្ឋ​ចំនួន ៥ របស់​សហរដ្ឋអាមេរិក បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ប្រចាំ​ថ្ងៃ​កើនឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។ រដ្ឋ Florida បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៩.៥៨៥ ករណី ចំណែក​ឯ​រដ្ឋ Georgia មាន​ករណី​ឆ្លង​ថ្មី ចំនួន ១.៩៩០ ករណី។ រដ្ឋ South Carolina មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១.៦០៤ ករណី។ រដ្ឋ Arizona មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣.៥៩១ ករណី រី​ឯ​រដ្ឋ Nevada វិញ មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១.០៩៩ ករណី។

តួលេខ​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នៅ​តាម​បណ្ដា​រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង​និង​ប៉ែក​ខាង​លិច​ក្នុង​សហរដ្ឋអាមេរិក។

ជំងឺ​កូវីដ១៩ នេះ​ក៏​កំពុង​តែ​ឆ្លងរាលដាល​នៅ​ក្នុង​រដ្ឋ Texas ផង​ដែរ ដែល​ករណី​ឆ្លង​ថ្មី​ជាង ៥.៧០០ ករណី ត្រូវ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ករណី​ស្លាប់​ថ្មី​មាន​ចំនួន ៤២ ករណី ដែល​ធ្វើ​ឲ្យ​តួលេខ​ស្លាប់​សរុប​ដោយ​សារ​ជំងឺ​នេះ​នៅ​ក្នុង​រដ្ឋ Texas កើនឡើង​ដល់​ជិត ២.៤០០ ករណី។ លោក Greg Abbott អភិបាល​រដ្ឋ Texas បាន​ដាក់​បម្រាម​ជា​ថ្មី​ទៀត​លើ​ការ​ទទួល​ទាន​អាហារ​ក្នុង​ភោជនីយដ្ឋាន និង​បាន​បិទ​កន្លែង​ផឹក​ស្រា​នានា។

សហរដ្ឋអាមេរិក​នៅ​តែ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​មាន​ជិត ២ លាន ៥ សែន ករណី ដែល​ស្មើ​នឹង​ប្រមាណ ១ ភាគ ៤ នៃ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ពិភពលោក។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋអាមេរិក។

ប្រទេស​ប្រេស៊ីល​មាន​ករណី​ឆ្លង​ច្រើន​បំផុត​លំដាប់​ទី​ពីរ​បន្ទាប់​ពី​សហរដ្ឋអាមេរិក ដែល​មាន​ចំនួន​ជិត ១ លាន ៣ សែន ករណី ខណៈ​ដែល​រុស្ស៊ី​ស្ថិត​នៅ​លំដាប់​ទី​បី ដែល​មាន​ចំនួន​ជិត ៦២៧.០០០ ករណី។ ករណី​ស្លាប់​នៅ​ប្រេស៊ីល​កើន​ដល់​ជាង ៥៧.០០០ ករណី៕

XS
SM
MD
LG