ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស៥នាក់គេចខ្លួនរួចពីខ្មាន់កាំភ្លើងនៅ​អូស្រ្តាលី


ចំណាប់​ខ្មាំង​ម្នាក់​បាន​រត់​ទៅ​កាន់​មន្រ្តី​ប៉ូលីស​ដើម្បី​សុវត្ថិភាព​បន្ទាប់​ពី​នាង​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ហាង​កាហ្វេ​មួយ​ស្ថិត​នៅ​ក្រោម​ការ​ឡោម​ព័ទ្ធ​នៅ​ឯ​ផ្សារ​ទំនើប​ Martin Placeនៅ​ចំ​កណ្តាល​តំបន់​ពាណិជ្ជកម្ម​នៃ​ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្រ្តាលី​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៥ ខែ​ធ្នូ​ ឆ្នាំ២០១៤។
ចំណាប់​ខ្មាំង​ម្នាក់​បាន​រត់​ទៅ​កាន់​មន្រ្តី​ប៉ូលីស​ដើម្បី​សុវត្ថិភាព​បន្ទាប់​ពី​នាង​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ហាង​កាហ្វេ​មួយ​ស្ថិត​នៅ​ក្រោម​ការ​ឡោម​ព័ទ្ធ​នៅ​ឯ​ផ្សារ​ទំនើប​ Martin Placeនៅ​ចំ​កណ្តាល​តំបន់​ពាណិជ្ជកម្ម​នៃ​ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្រ្តាលី​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៥ ខែ​ធ្នូ​ ឆ្នាំ២០១៤។

វិបត្តិ​ចំណាប់​ខ្មាំង​មួយ​នៅ​ក្នុង​ទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្រ្តាលី ​នៅ​តែ​បន្ត​អស់​ពេល​ជា​ច្រើនម៉ោង ​ក្រោយ​ពី​បាន​ចាប់ផ្តើម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

​មនុស្ស​៥​នាក់​បាន​គេច​ខ្លួន​រួច​ពីហាង​កាហ្វេនៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ទី​ក្រុង​ស៊ីដនី​ ដែល​នៅ​ទី​នោះ​ខ្មាន់​កាំភ្លើងម្នាក់​កំពុង​បង្ខាំង​ទុក​ចំណាប់​ខ្មាំង​ដែល​គេ​មិន​បាន​ដឹង​ចំនួន​ពិត​ប្រាកដ។​មាន​ការ​ស្ទង់​ប្រមាណ​ថា​មាន​មនុស្ស​ពី​១០​នាក់​ទៅ​២៥​នាក់​បាន​ត្រូវ​ចាប់​ជា​ចំណាប់​ខ្មាំង​។​

ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ពី​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​និយោជិត​ម្នាក់​នៃ​ហាង​កាហ្វេ​ Lindt Chocolate និងអតិថិជន​ពីរ​នាក់​បាន​រត់​កាត់​ក្រុម​ប៉ូលីស​ដែល​បាន​ទ្បោម​ព័ទ្ធភោជនីយដ្ឋាន​និង​ហ៊ុំព័ទ្ធ​តំបន់​នោះ​មិន​ឱ្យ​មនុស្ស​ចេញ​ចូល។

​បន្ទាប់​មក​មាន​មនុស្ស​ពីរ​នាក់​ទៀត​បាន​រត់​ចេញ​ពី​អគារ​នោះ។ ​គេ​ដឹង​មិន​ច្បាស់​ទេ​ថា​ តើ​ជន​ទាំង​៥​នាក់​នេះ​បាន​រត់​គេច​ខ្លួន​រូច​ដោយ​ខ្លួន​ឯង​ឬ​មួយ​ត្រូវ​បាន​ដោះ​លែង​ដោយ​ខ្មាន់​កាំភ្លើង​នោះ​ទេ។​

មនុស្ស​ដែល​នៅ​ការិយាល័​យ​ជិត​នោះ ​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​ការ​ប្រុង​ប្រយ័ត្ន។ អាគារ​ល្ខោ​ន​អូប៉េរ៉ា​ (Opera House) ដ៏​ល្បីឈ្មោះ​នៃ​ក្រុង​ស៊ីដនី​ ដែល​ស្ថិត​នៅ​រំលង​បី​បួន​ផ្លូវ​ពី​ទី​នោះ​ក៏​ត្រូវ​បានជម្លៀស​មនុស្ស​ចេញ​ដែរ ​ក្រោយ​ក្រុម​មន្ត្រី​បាន​និយាយ​ថា​គេ​បាន​រក​ឃើញ​កញ្ចប់​មាន​ការ​សង្ស័យ​មួយ​នៅទី​នោះ។​

គេ​បាន​ទប់​ផ្លូវ​ទាំង​អស់​នៅ​ក្នុង​តំបន់​នោះ​ ហើយ​ផ្លូវ​រទេះភ្លើង​មួយ​នៅ​ក្រោម​ភោជនីយដ្ឋាន​នោះ​ក៏​ត្រូវ​បាន​បិទ​ដែរ។​

ក្រុម​ចំណាប់​ខ្មាំង​ត្រូវ​បាន​ឃើញ​ឈរ​លើក​ដៃ​ច្រត់​ទៅ​លើ​បង្អួច។ មាន​ទង់​ខ្មៅ​មួយ​ដែល​មាន​សរសេរ​អក្សរ​អារ៉ាប់​នៅ​លើ​នោះ​ ក៏​ត្រូវ​បាន​ឃើញ​តាម​កញ្ចក់​បង្អួច​ដែរ។​គេ​មិន​ទាន់​ដឹង​អំពី​ចំនួន​មនុស្ស​ត្រូវ​របួស​ក្នុង​ឧប្បត្តិហេតុ​ចំណាប់​ខ្មាំង​នេះ​ទេ។ឧប្បត្តិហេតុ​នេះ​កើត​មាន​ទ្បើង​ចាប់​តាំង​ពី​ម៉ោង​៩និង​៤៥នាទី​ព្រឹក ម៉ោង​ក្នុង​ក្រុង​ស៊ីដនី​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

​អ្នក​ចាប់​ចំណាប់​ខ្មាំង​ត្រូវ​បាន​មើល​ឃើញ​តាម​បង្អួច​នោះ​ដែរ​។​បុរស​នេះ​ពាក់​អាវ​ស​និង​អាវ​កាក់​ខ្មៅ​មួយ​ហើយ​មាន​កាន់​អាវុធ។​

ស្ត្រី​អ្នក​នាំ​ពាក្យ​ក្រុម​ប៉ូលីស​បាន​និយាយ​ថា​អ្នក​ចាប់​ចំណាប់​ខ្មាំង​បាន​ធ្វើការ​ទាក់ទង​ហើយ​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ធ្វើ​ការ​ចរចា​មិន​ទាន់​អាច​ដឹង​អំពី​មូល​ហេតុ​ដែល​ជំរុញ​ឱ្យ​មាន​វិបត្តិ​នេះ​នៅ​ទ្បើយទេ៕

XS
SM
MD
LG