ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្រា្តលី​ពិចារណា​ជំហាន​បន្ទាប់ ក្រោយ​ពី​តុលាការ​ប៉ាពួនូវែលហ្គីណេ​ប្រកាស​ថា ជំរុំ​ជន​ទេសន្តរប្រវេសន៍​គឺ​ខុសច្បាប់


អូស្រា្តលី​ពិចារណា​ជំហាន​បន្ទាប់ ក្រោយ​ពី​តុលាការ​ប៉ាពួនូវែលហ្គីណេ​ប្រកាស​ថា ជំរុំ​ជន​ទេសន្តរប្រវេសន៍​គឺ​ខុសច្បាប់។
អូស្រា្តលី​ពិចារណា​ជំហាន​បន្ទាប់ ក្រោយ​ពី​តុលាការ​ប៉ាពួនូវែលហ្គីណេ​ប្រកាស​ថា ជំរុំ​ជន​ទេសន្តរប្រវេសន៍​គឺ​ខុសច្បាប់។

អនាគត​ជន​ជាប់​ឃុំឃាំង​រាប់​រយ​នាក់​ដែល​ស្ថិត​នៅ​ក្នុង​ជំរុំ​ជន​ទេសន្តរប្រវេសន៍​​គ្រប់គ្រង​ដោយ​ប្រទេស​អូស្រ្តាលី​នៅ​ប្រទេស​ប៉ាពួអាស៊ី​ នូវែលហ្គីណេ​ (Papua New Guinea) ​ស្ថិតនៅក្នុងភាព​មិន​ច្បាស់លាស់​ បន្ទាប់​ពី​តុលាការ​ចេញ​សេចក្តីសម្រេច​ថា ជំរុំ​ជន​ចំណាក​ស្រុក​នោះ​ប្រតិបត្តិការ​ដោយ​ខុសច្បាប់។​ តុលាការ​កំពូល​ប្រទេស​ប៉ាពួអាស៊ី នូវែលហ្គីណេ បាន​និយាយថា មជ្ឈមណ្ឌល​សម្រាប់​ជនស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​លើ​កោះ​ម៉ានូស (Manus) បាន​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ទទួល​បាន​សេរីភាព​របស់​បុគ្គល​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នៅ​តំបន់​ភាគខាង​​ត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ។ លោក Phil Mercer ជូន​សេចក្តីរាយការណ៍​ពី​ក្រុង​ស៊ីដនី។

អង្គចៅក្រម​ចំនួន​ ០៥​នាក់​នៅ​តុលាការ​កំពូល​ប្រទេស​ប៉ាពួអាស៊ី នូវែលហ្គីណេ បាន​បញ្ជាអោយមាន​ជំហាន​ជា​បន្ទាន់​ដើម្បី​ចាត់​វិធាន​ការ​បញ្ចប់​ការ​ឃុំ​ខ្លួន​ជនស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ជំរុំ​ជន​ចំណាក​ស្រុក​ ដែល​ជ្រោមជ្រែង​ដោយ​ប្រទេស​អូស្រ្តាលី​នៅ​លើ​កោះ​ Manus។

តុលាការ​បាន​និយាយ​ថា ​ជន​ជាប់​ឃុំឃាំង​ចំនួន ៨៥០​នាក់​ជា​បុរស​ ត្រូវ​បានឃុំ​ខ្លួន​ដោយ​ខុសច្បាប់​ ដោយ​សារ​ផ្អែក​លើ​មូលដ្ឋាន​ថា សេរីភាព​នៃ​ការ​ធ្វើដំណើរ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​របស់​ពួកគេ​ត្រូវ​បាន​រិតត្បិត។

ចៅក្រម​ទទូច​ថា ​ការ​ឃុំឃាំង​នោះ​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ ដែល​ត្រូវ​បាន​ធានា​ដោយ​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ចំនួន​ និង​រដ្ឋធម្មនុញ្ញ​ប្រទេស​ប៉ាពួអាស៊ី ណូវែលហ្គីណេ។​

ជា​ការ​ឆ្លើយ​តប​ នាយករដ្ឋមន្រ្តី​ប្រទេស​ប៉ាពួ​ណូវែលហ្គីណេ​លោក Peter O'Neil បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា ជំរុំ​នោះ​នឹង​ត្រូវ​បិទ ហើយ​ប្រទេស​អូស្រ្តាលី​នឹង​ត្រូវ «បង្កើត​ការ​រៀបចំ​ផ្សេង​ទៀត» សម្រាប់​ជន​ជាប់​ឃុំឃាំង​នៅ​លើ​កោះ Manus។

សេចក្តី​សម្រេច​នេះ​ជា​ការ​វាយ​ប្រហារ​ចំពោះ​រដ្ឋាភិបាល​ប្រទេស​ប៉ាពួណូវែលហ្គីណេ ដែល​បាន​គាំទ្រ​ជំរុំ​ឃុំឃាំង និង​ចំពោះ​ប្រទេស​អូស្រ្តាលី។

ដំណើរការ​រត់​ឯកសារ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ជំរុំ​លើ​កោះ Manus និង​សាធារណរដ្ឋNauru​ដ៏​តូច​នៅ​តំបន់​ភាគ​ខាងត្បូង​មហាសមុទ្រ​ ប៉ាស៊ីហ្វីកដើរ​តួ​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​យុទ្ធសាស្រ្ត​ទប់ទល់នឹង​ជន​ចំណាក​ស្រុកដែល​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្រ្តាលី​តាម​ទូក។ អូស្ត្រាលី​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បញ្ជូន​ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ទៅ​កាន់​ប្រទេស​កម្ពុជា។

​ជនស្ថិតក្រោម​ការ​ឃុំឃាំង​នៅ​ប្រទេស​ប៉ាពួអាស៊ី ណូវែលហ្គីណេ ត្រូវ​បាន​រាយការណ៍​ថា មាន​អារម្មណ៍​សប្បាយ​រីករាយ ​បន្ទាប់​ពី​សេចក្តី​សម្រេច​របស់​តុលាការ​ ប៉ុន្តែ​ក៏​មាន​ការ​ចាប់អារម្មណ៍​ផង​ដែរ​ទៅ​លើ​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​ទៀត។​

រដ្ឋមន្រ្តី​អន្តោប្រវេសន៍​អូស្រ្តាលី​លោក Peter Dutton បាន​និយាយ​ថា​ ប្រទេស​របស់​លោក​នឹង​ផ្តល់​ការ​តាំង​ទី​លំនៅ​ថ្មី​សម្រាប់​ជន​ដែល​ស្ថិត​នៅ​ក្រោម​ជំរុំ​ជនភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ពីព្រោះ​ការ​ធ្វើ​ដូចនេះ​នឹង​ជំរុញ​ឲ្យជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​កាន់​តែ​ច្រើន​ ធ្វើ​ដំណើរ​ឆ្លង​សមុទ្រ​ដោយ​គ្រោះថ្នាក់​ដើម្បី​មក​កាន់​ប្រទេស​អូស្រ្តាលី។​

«រដ្ឋាភិបាល​ [អូស្រ្តាលី]​ មាន​ភាពច្បាស់លាស់ និង​មិន​ប្រែ​ក្រឡាស​នៅ​ក្នុង​បញ្ហា​នេះ ដោយសារ​តែ​យើង​ដឹង​ថា ពួក​អ្នក​រត់ពន្ធ​មនុស្ស​នា​ពេល​នេះ​កំពុង​តែ​ព្យាយាម​ធ្វើ​ប្រតិបត្តិការ​រួមគ្នា។ ហើយ​ប្រសិន​បើ​ពួកគេ​គិត​ថា​ ទ្វារ​ទៅ​កាន់​ប្រទេស​អូស្រ្តាលី​បាន​បើក​ឡើង​សារជាថ្មី ​នោះ​ប្រទេស​អូស្រ្តាលី​នឹង​ទទួលរង​ការ​លំបាក​សារ​ជា​ថ្មី​ហើយ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ការ​លំបាក​នេះ​កើត​ឡើង​សារ​ជា​ថ្មី​ទៀត​ឡើយ។ យើង​នឹង​ធ្វើ​ការ​ជាមួយនឹង​ប្រទេស​ប៉ាពួ ណូវែលហ្គីណេ​ និង​ផ្តល់​ជំនួយ​ដែល​ចាំបាច់​ទៅ​ឲ្យពួកគេ​ដើម្បី​ជួយ​ពួកគេ​វិល​ត្រលប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ ឬ​ទៅ​កាន់​ប្រទេស​តតិយលោក​។ ប៉ុន្តែ​យើង​ប្រាកដ​ណាស់​នៅ​ក្នុង​បញ្ហា​នេះ ​ហើយ​ខ្ញុំ​និយាយ​សារ​ជា​ថ្មី​ថា​ថ្ងៃ​នេះ​ជនទាំង​នោះ​នឹង​មិន​មក​ប្រទេស​អូស្រ្តាលី​ទេ»។​

ជំរុំ​ឃុំឃាំង​នៅ​លើ​កោះ Manusត្រូវ​បាន​បើក​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០១​ ដោយ​នាយករដ្ឋមន្រ្តី​មក​ពី​គណបក្ស​អភិរក្ស​របស់ប្រទេស​អូស្រ្តាលី​លោក John Haward នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​លើ​បញ្ហា​លំហូរ​នៃ​ការ​មក​ដល់​នៃ​ជនចំណាកស្រុក​ដែល​មក​ប្រទេស​អូស្ត្រាលី​តាម​ទូក។ ជំរុំ​ជន​ចំណាកស្រុក​ត្រូវ​បានទុក​ចោល​ជា​បណ្តោះ​អាសន្ន​អស់រយៈពេល​បីឆ្នាំ​ ប៉ុន្តែ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ ២០១២ ដោយ​រដ្ឋាភិបាល​គណបក្ស​ពលកម្ម​ ដែល​មាន​គោលបំណង​នៅ​ក្នុង​ការ​លើកកម្ពស់​ការ​ចាត់​វិធានការ​គ្រប់គ្រង​លើ​ព្រំដែន​ជា​ដាច់ខាត​នៅ​មុន​ការ​បោះឆ្នោត​សហព័ន្ធ​មួយ​ឆ្នាំ​បន្ទាប់​មក។​

ការ​កំណត់​អត្តសញ្ញាណ​ទៅ​លើ​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស​មួយ​នៅ​ក្នុង​នយោបាយ​របស់​អូស្រ្តាលី។​ នៅ​ស្រប​ពេល​ដែល​គណបក្ស​ធំៗ​ទាំង​ពីរ​គាំទ្រ​ការ​ប្រើប្រាស់​ជំរុំ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ក្រុម​អ្នក​រិះគន់ ស្ថានភាព​នោះ​គឺ​មិនមាន​លក្ខណៈ​មនុស្សធម៌។

នៅ​ថ្ងៃ​ទី២៧ ខែ​មេសា ក្រុម​អាជ្ញាធរ​នៅ​លើ​កោះ​ Nauru បាន​និយាយ​ថា ជនភៀសខ្លួន​អ៊ីរ៉ង់​មួយ​រូប​កំពុង​តែ​ស្ថិត​នៅ​ក្នុង​អការៈ​ធ្ងន់ធ្ងរ​ បន្ទាប់​ពី​ដុតខ្លួន​ឯង​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​ហៅ​ថា «ការ​តវ៉ា​ផ្នែក​នយោបាយ»៕

ប្រែសម្រួល​ដោយ៖ ស៊ូ រ៉ូហ្សានិច

XS
SM
MD
LG