ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានសម្រេចកាត់ទោសមន្រ្តី និងអតីតមន្រ្តីការពារសិទ្ធិមនុស្ស៥រូបរបស់សមាគមអាដហុក ម្នាក់ៗមានទោសជាប់ពន្ធនាគារចំនួន៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហារបស់មេបក្សប្រឆាំង ជាមួយនាងខុម ចាន់តារ៉ាទី។ ប៉ុន្តែទោសនេះត្រូវព្យួរ។
មន្ត្រីទាំង៥រូបរួមមាន លោកនី សុខា លោកយី សុខសាន្ត លោកណៃ វ៉ង់ដានិងអ្នកស្រីលឹម មុនី ជាមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក និងលោកនី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)និងជាអតីតមន្រ្តីការពារសិទ្ធិមនុស្សអាដហុក។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨ បានបើកសវនាការលើអ្នកទាំងប្រាំអស់រយៈពេលជិត១០ម៉ោង ដោយមិនមានវត្តមានរបស់នាងខុម ចាន់តារ៉ាទីហៅស្រីមុំ។
ក្នុងការប្រកាសសាលក្រមនារសៀលថ្ងៃពុធនេះ គេឃើញមានវត្តមានរបស់អ្នកស្រីលឹម មុនី លោកនី សុខានិងលោកនី ចរិយាព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ជាច្រើននាក់ និងតំណាងស្ថានទូតមួយចំនួនផង។
ក្នុងសវនាការដែលមានមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយថតវីដេអូដោយសេរីនោះ លោកចៅក្រមឌុច សារិនបានអានកំណត់ហេតុនៃការសួរចម្លើយអ្នកពាក់ព័ន្ធអស់រយៈពេល៣០នាទី ទើបប្រកាសថា កាត់ទោសមន្រ្តីអាដហុកចំនួន៤រូបគឺលោកនី សុខា លោកយី សុខសាន្ត លោកណៃ វ៉ង់ដានិងអ្នកស្រីលឹម មុនី ដាក់ពន្ធនាគារម្នាក់ៗចំនួន៥ឆ្នាំពីបទសូកប៉ាន់សាក្សីនិងកាត់ទោសលោកនី ចរិយា អតីតមន្រ្តីអាដហុក ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំដូចគ្នា ពីបទសមគំនិតសូកប៉ាន់សាក្សី។ យ៉ាងណាក្តី លោកចៅក្រមបានប្រកាសព្យួរទោសពួកគេដែលនៅសល់រយៈពេលជាង៣ឆ្នាំ ដោយមូលហេតុថា ពួកគេបានធ្វើការងារសង្គមដោយជួយការពារផ្នែកសិទ្ធិមនុស្សជាច្រើនឆ្នាំ។
លោកឌុច សារិនប្រកាសតាមន័យដើមថា៖
«ទោសនេះត្រូវកំណត់ពីការដាក់ពន្ធនាគារពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦រហូតដល់ថ្ងៃដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៧ ក្រៅពីនេះត្រូវព្យួរ»។
លោកចៅក្រមបានអះអាងថា មន្រ្តីអាដហុកទាំងបួនរូបបានបង្គាប់ឲ្យនាងខុម ចាន់តារ៉ាទីឆ្លើយកុហកសមត្ថកិច្ច និងថា លោកនី ចរិយា អតីតមន្រ្តីអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជាអ្នកសមគំនិតសូកប៉ាន់សាក្សីតាមរយៈការជួយរៀបចំគម្រោងឲ្យនាងខុម ចាន់តារ៉ាទីចេញទៅក្រៅប្រទេស។ ចំណែកការចោទលោកនី ចរិយាត្រូវបានចៅក្រមបញ្ជាក់ថា ធ្វើឡើងតាមរយៈអង្គភាពប្រឆាំងអំពើពុករលួយដែលថតសំឡេងនៃការសន្ទនាឯកជនតាមទូរស័ព្ទរវាងលោកនី ចរិយានិងមន្រ្តីអង្គការសហប្រជាជាតិជជែកពីគម្រោងនោះ។ យ៉ាងណាក្តី លោកចៅក្រមលើកឡើងថា មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយមានបុព្វសិទ្ធិក្នុងការថតសំឡេងនៃការសន្ទនាឯកជននោះ។
មន្រ្តីអាដហុកទាំង៥រូប ដែលជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហាគួរឲ្យមន្ទិលរបស់អ្នកនយោបាយគណបក្សប្រឆាំងនេះ ត្រូវបានចាប់ខ្លួនយកទៅឃុំក្នុងពន្ធនាគារកាលពីខែមេសា ឆ្នាំ២០១៦។ ពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីឆ្នាំចុងខែមិថុនាឆ្នាំ២០១៧កន្លងទៅ បន្ទាប់ពីតុលាការឃុំខ្លួនពួកគេក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ។
នៅខាងក្រៅតុលាការ ក្រោយចេញពីស្តាប់ការប្រកាសសាលក្រម អ្នកស្រី លឹម មុនី មន្រ្តីអាដហុក ប្រាប់អ្នកសារព័ត៌មានថា ការសម្រេចរបស់តុលាការមានភាពអយុត្តិធម៌សម្រាប់មន្រ្តី និងអតីតមន្រ្តីអាដហុកទាំង៥នាក់។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីមិនបានបង្គាប់នាងខុម ចាន់តារ៉ាទីឲ្យនិយាយកុហកសមត្ថកិច្ចដូចការចោទប្រកាន់របស់តុលាការនោះទេ។
អ្នកស្រីបញ្ជាក់ថា៖
«មានការបំផ្លើសខ្ញុំ និងពួកខ្ញុំទាំង៥នាក់នេះជាច្រើនចំណុច ដែលពួកខ្ញុំបានឆ្លើយបំភ្លឺនៅតុលាការ ដោះបន្ទុកអស់ហើយ។ ចំពោះខ្ញុំគឺអត់ទាល់តែសោះ»។
ចំណែកលោក នី សុខា មន្រ្តីអាដហុកមួយរូបទៀតដែលធ្លាប់ដួលសន្លប់ក្នុងពន្ធនាគារកាលពីអំឡុងការឃុំខ្លួនបណ្តោះអាសន្ន ប្រាប់អ្នកសារព័ត៌មានដែរថា ការសម្រេចរបស់តុលាការ ធ្វើឡើងដោយមិនសមហេតុផល និងថា លោកមិនបានធ្វើដូចការចោទប្រកាន់នោះទេ។
លោកបញ្ជាក់ថា៖ «យើងបានឆ្លើយតបរួចហើយកាលពីពេលសវនាការសួរដេញដោល គឺថាពួកយើងបានបដិសេធហើយថាយើងមិនបានទៅបញ្ចេះបង្គាប់បញ្ជាឲ្យ ខុម ចាន់តារ៉ាទី ទៅឆ្លើយបង្វៀង ឬក៏ឆ្លើយមិនពិតនៅក្នុងប្រការណាមួយទេ គឺយើងបានបញ្ជាក់ហើយបញ្ជាក់ទៀតថាយើងធ្វើការក្នុងនាមជួយសង្គមដើម្បីធ្វើម៉េចឲ្យមានភាពយុត្តិធម៌តែប៉ុណ្ណឹងទេ យើងមិនបានបង្គាប់បញ្ជានរណាទេ»។
មូលហេតុនៃការចាប់ខ្លួនមន្រ្តីអាដហុកទាំង៥យកទៅឃុំខ្លួនកាលពីខែមេសាឆ្នាំ២០១៦គឺផ្តើមចេញពីការផ្តល់សេវាផ្លូវច្បាប់ដល់នាងខុម ចាន់តារ៉ាទីហៅស្រីមុំដែលពេលនោះនាងបានរងការវាយប្រហារតាមរយៈការបង្ហោះផ្សព្វផ្សាយខ្សែអាត់សំឡេងមួយចំនួនដែលត្រូវបានជនមិនស្គាល់មុខព្យាយាមបង្ហាញថា នាងមានទំនាក់ទំនងស្នេហាជាមួយលោកកឹម សុខា។
ក្រោយទទួលបានជំនួយពីមេធាវីគឺអ្នកស្រី ទ្រី ឈួន ជាអ្នកការពារក្តីចាត់តាំងដោយអង្គការអាដហុក នាពេលនោះ រួមនិងទឹកប្រាក់ប្រមាណជា២០០ដុល្លារពីមន្រ្តីអាដហុកទាំង៥ ដូចដែលតែងជួយជនរងគ្រោះផ្សេងៗនាពេលកន្លងទៅនោះ នាងខុម ចាន់តារ៉ាទីហៅស្រីមុំបានធ្វើឲ្យមេដឹកនាំអង្គការសង្គមស៊ីវិលជាស្រ្តី និងមន្ត្រីការពារសិទ្ធិមនុស្សមានការភ្ញាក់ផ្អើល និងសោកស្តាយ បន្ទាប់ពីនាងបានចោទក្រុមមន្រ្តីអាដហុកទាំងនោះថា បានធ្វើសកម្មភាពបង្គាប់មិនឲ្យនាងទទួលស្គាល់ខ្សែអាត់សំឡេង ដែលគេសង្ស័យថា ជាសំឡេងរបស់នាងនិងសំឡេងរបស់លោកកឹម សុខានោះ។
ក្រោយពីនាងខុម ចាន់តារ៉ាទីបានផ្តល់ចម្លើយនៅអគ្គនាយកដ្ឋានប្រឆាំងភេរវកម្ម និងបទល្មើសឆ្លងដែននៃក្រសួងមហាផ្ទៃ និងនៅតុលាការខុសពីចម្លើយនៅសមាគមអាដហុក នាងមិនដែលបានផ្តល់បទសម្ភាសន៍ផ្ទាល់ជាមួយអ្នកយកព័ត៌មានទេ។ ហើយរហូតមកដល់ពេលនេះ ក៏បាត់មុខស្ងាត់ឈឹង ដោយមិនមានដំណឹងណាមួយត្រូវបានផ្សព្វផ្សាយអំពីនាងនោះឡើយ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិបានរិះគន់ការសម្រេចរបស់តុលាការ ដោយថា ជាការកាត់ទោសដែលមានចរិតនយោបាយ និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការការពារសិទ្ធិមនុស្សនៅកម្ពុជា។
លោកអំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានចូលរួមឃ្លាំមើលដំណើរការសវនាការ និងការប្រកាសសាលក្រមនោះ បានថ្លែងថា លោកមានការសោកស្តាយចំពោះការសម្រេចរបស់តុលាការនារសៀលនេះ។ លោកបន្ថែមថា ការសម្រេចកាត់ទោសមន្រ្តីនិងអតីតមន្រ្តីអាដហុកទាំង៥រូបនេះនឹងធ្វើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារងផលប៉ះពាល់កាន់តែខ្លាំង។
លោកមានប្រសាសន៍ថា៖
«វាជះឥទ្ធិពលដែលធ្វើឲ្យប៉ះពាល់ទៅដល់ស្មារតី និងអារម្មណ៍របស់បុគ្គលិក ឬក៏អ្នកការពារសិទ្ធិមនុស្សដទៃទៀត ដែលមានការភិតភ័យនៅក្នុងការបំពេញការងារជាអ្នកការពារសិទ្ធិមនុស្ស បានន័យថា ជាការជួយទៅលើសកម្មជនផ្សេងៗនៃការរំលោភសិទ្ធិមនុស្ស ឬក៏ប្រជាពលរដ្ឋដែលរងការរំលោភសិទ្ធិមនុស្ស»។
ចំណែកលោក Brad Adams ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅតំបន់អាស៊ីបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗមួយ ក្រោយការប្រកាសសាលក្រមនោះ ដោយបានហៅការកាត់ទោសនោះថា មានចរិតនយោបាយ និងបានអំពាវនាវឲ្យមានការទម្លាក់ចោលបទចោទលើមន្រ្តី និងអតីតមន្រ្តីអាដហុកទាំង៥ជាបន្ទាន់។
លោកសរសេរក្នុងសេចក្តីថ្លែងការណ៍នោះតាមន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ការផ្តន្ទាទោសគ្មានមូលដ្ឋានទាំងនេះបង្ហាញថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនមានបំណងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស បើទោះបីគាត់បានពង្រឹងអំណាចរបស់គាត់តាមរយៈការបោះឆ្នោតក្លែងក្លាយកាលពីខែកក្កដាហើយក៏ដោយ»។
ជាមួយគ្នានោះ លោក Charles Santiago ប្រធានសមាគមសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏បានចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យមានការទម្លាក់ចោលបទចោទ និងបាននិយាយថា ការប្រកាសសាលក្រមនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមស៊ីវិលនៅទូទាំងប្រទេសកម្ពុជា។
លោកបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះតាមន័យដើមថា៖
«នេះក៏បង្ហាញយ៉ាងច្បាស់ផងដែរថា បើទោះបីជាសម្បទានតូចៗជាច្រើនដែលលោកហ៊ុន សែនផ្តល់ឲ្យក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក្តី ក៏វាជារឿងសាមញ្ញមួយ នៅពេលនិយាយអំពីសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ សហគមន៍អន្តរជាតិត្រូវតែបន្តជំរុញឲ្យមានការផ្លាស់ប្តូរជាមូលដ្ឋាន រួមទាំងការទម្លាក់រាល់ការចោទប្រកាន់ប្រឆាំងសកម្មជនសន្តិភាព និងក្រុមប្រឆាំងរដ្ឋាភិបាល»។
រដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ កំពុងព្យាយាមបន្ធូរបន្ថយកំដៅនយោបាយ តាមរយៈការធ្វើអន្តរាគមន៍ជាបន្តបន្ទាប់ឲ្យមានការដោះលែង និងលើកលែងទោសដល់សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងអ្នកសារព័ត៌មាន ដែលជាប់ទោសក្នុងពន្ធនាគារនាពេលកន្លងមក។
ក្រោយការទទួលបានសេរីភាពវិញនៅឆ្នាំ២០១៧ អតីតអ្នកការពារសិទ្ធិ និងអ្នកការពារសិទ្ធិមនុស្សបច្ចុប្បន្ននៃសមាគមសិទ្ធិមនុស្សអាដហុក ទាំងប្រាំនាក់ ទទួលបានរង្វាន់អ្នកការពារសិទ្ធិមនុស្ស Martin Ennals Prize។
រង្វាន់ Martin Ennals គឺសម្រាប់អ្នកការពារសិទ្ធិមនុស្សគឺជារង្វាន់ដែលសហការផ្តល់ដោយអង្គការសិទ្ធិមនុស្សដ៏ធំលើពិភពលោកចំនួន១០ ដែលមានដូចជាអង្គការ Amnesty International និង Human Rights Watch ដើម្បីផ្តល់ជាកិត្តិយសដល់អ្នកការពារសិទ្ធិមនុស្សនៅទូទាំងពិភពលោក។
ការចាប់ខ្លួនមន្ត្រីទាំង៥ឃុំខ្លួននាពេលកន្លងទៅត្រូវបានសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិចាត់ទុកថា វាគ្រាន់តែជាលេសដើម្បីគាបសង្កត់ និងរារាំងការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការសម្ដែងមតិ និងដើម្បីបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្ស។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនតែងច្រានចោលការលើកឡើងទាំងនេះ ដោយអះអាងថា វាជាការអនុវត្តច្បាប់របស់តុលាការ៕