នៅថ្ងៃទី១៦ ខែឧសភាខាងមុខនេះ អ្នកស្រី ខេមរី ឃឿន (Khemarey Kheoun) នឹងស្បថចូលកាន់តំណែងជាសមាជិកម្នាក់នៃក្រុមអភិបាលគ្រប់គ្រងសួនឧទ្យានប្រចាំសង្កាត់ Skokie ឬ Skokie Park District Commissioner ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាលក្នុងតំបន់ ដែលផ្តល់សេវាសាធារណៈខាងសួនឧទ្យាន និងការថែរក្សាតំបន់សួនសាធារណៈ ក្រោយពេលដែលអ្នកស្រីបានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមេសាកន្លងទៅនេះ។
អ្នកស្រី ខេមរី ឃឿន បានប្រាប់ VOA ថា នេះគឺជាមោទនភាពមួយសម្រាប់រូបអ្នកស្រី និងក្រុមគ្រួសារ ក៏ដូចជាសហគមន៍ខ្មែរនៅក្នុងតំបន់ទីក្រុង Chicago ទាំងមូល ដែលអ្នកស្រីបានក្លាយជាស្ត្រីខ្មែរអាមេរិកាំងដំបូងគេ ដែលបានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតក្នុងសង្កាត់ ហើយបានឈ្នះការបោះឆ្នោតនេះ។
អ្នកស្រី ខេមរី បានលើកឡើងថា៖ «ខ្ញុំពិតជាមានកិត្តិយស និងត្រេកអរដែលបានសម្រេចក្នុងការបោះឆ្នោតនេះ។ ខ្ញុំបានប្រាប់សហគមន៍ថា យុទ្ធនាការឈរឈ្មោះជាបេក្ខជននេះមិនមែនដើម្បីរូបខ្ញុំនោះទេ គឺដើម្បីបង្កើតឱកាសដល់សមាជិកផ្សេងទៀតនៅក្នុងសហគមន៍»។
ក្នុងវ័យជាង៣០ឆ្នាំ អ្នកស្រី ខេមរី មិនធ្លាប់មានបទពិសោធន៍ក្នុងការធ្វើយុទ្ធនាការដើម្បីស្វែងរកសំឡេងគាំទ្របេក្ខភាពរបស់អ្នកស្រីឡើយ។ ក៏ប៉ុន្តែ អ្នកស្រីបានបញ្ជាក់ថា ការលើកទឹកចិត្ត និងការទទួលបានការណែនាំពីសហគមន៍អាស៊ីអាមេរិកាំងផ្សេងៗទៀត បានជំរុញឲ្យអ្នកស្រីហ៊ានជម្នះកត្តាប្រឈមនានា ដើម្បីឈ្នះការបោះឆ្នោតនេះ ហើយបានធ្វើជាតំណាងឲ្យសហគមន៍ខ្មែរអាមេរិកាំងនៅក្នុងវិស័យសាធារណៈ។
អ្នកស្រី ខេមរី ឃឿន បានរៀបរាប់ថា៖ «នេះគឺជាលើកដំបូងហើយ ដែលការបោះឆ្នោតជ្រើសតាំងសមាជិកនៃក្រុមអភិបាលអណត្តិថ្មីមានការប្រកួតប្រជែង ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ។ ការជាប់ឆ្នោតនេះមិនងាយស្រួលទេសម្រាប់ខ្ញុំ។ ខ្ញុំត្រូវតែជម្នះដើម្បីឈ្នះ។ ហើយខ្ញុំត្រូវការការណែនាំពីអ្នកមានបទពិសោធន៍ ដើម្បីជួយឲ្យគេស្គាល់ឈ្មោះខ្ញុំ»។
សំឡេងថ្មី
លោក Jerry Clarito អតីតប្រធានក្រុមអភិបាលគ្រប់គ្រងសួនឧទ្យានប្រចាំសង្កាត់ Skokie (Skokie Park District Board Commissioner) និងជាពលរដ្ឋអាមេរិកាំងដើមកំណើតហ្វីលីពីនដំបូងគេដែលបានឈ្នះឆ្នោតចូលបម្រើវិស័យសាធារណៈ គឺជាអ្នកដែលបានជំរុញលើកទឹកចិត្តឲ្យអ្នកស្រី ខេមរី ឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសសមាជិកថ្មី នៃក្រុមអភិបាលគ្រប់គ្រងសួនឧទ្យានប្រចាំសង្កាត់ Skokie។
លោក Clarito បានបញ្ជាក់ប្រាប់ VOA ថា អ្នកស្រី ខេមរី ឃឿន បានក្លាយជាសមាជិកវ័យក្មេងបង្អស់ នៅក្នុងចំណោមសមាជិក នៃក្រុមអភិបាលគ្រប់គ្រងសួនឧទ្យាន Skokie Park District នេះ ក្រោយពីអ្នកស្រីបានឈ្នះឆ្នោត។ ហើយនេះគឺជាឱកាសដ៏កម្រមួយ ដែលអនុញ្ញាតឲ្យអ្នកស្រី នាំយកគំនិតថ្មីៗមកចូលរួមចែករំលែក និងអភិវឌ្ឍកិច្ចការរបស់ក្រុមអភិបាលគ្រប់គ្រងសួនឧទ្យានប្រចាំសង្កាត់។
លោកបានលើកឡើងថា៖ «អ្នកស្រី ខេមរី អាចចូលរួមធ្វើកិច្ចការនេះដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនក្នុងគ្រួសារ។ អ្នកស្រីនឹងក្លាយជាអ្នកគាំទ្រកម្មវិធីសួនឧទ្យាន និងកម្មវិធីកម្សាន្ត ដែលបម្រើដល់អ្នកគ្រប់គ្នាក្នុងសហគមន៍ ជាពិសេសក្មេងៗ»។
កិច្ចការរបស់សមាជិកនៃក្រុមអភិបាលគ្រប់គ្រងសួនឧទ្យានប្រចាំសង្កាត់ Skokie Park District Board of Commissioner គឺផ្តោតលើការតាក់តែងគោលនយោបាយ និងដំណើរការនីតិវិធីនៃការគ្រប់គ្រងសួនឧទ្យានក្នុងសង្កាត់។ សមាជិកទាំង៥នាក់ ដែលមានប្រធាន និងអនុប្រធាន ក៏មានតួនាទីជ្រើសរើស និងត្រួតពិនិត្យការងាររបស់នាយកប្រតិបត្តិ និងគម្រោងថវិកាផងដែរ។ ការងារនេះគឺជាការងារស្ម័គ្រចិត្ត ហើយមិនទទួលបានប្រាក់កម្រៃអ្វីនោះទេ។
លោកស្រី Josina Morita ជាសមាជិកម្នាក់នៃក្រុមអភិបាលគ្រប់គ្រងធនធានទឹកប្រចាំតំបន់ Chicago (Metropolitan Water Reclamation District of Greater Chicago) ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាលសហព័ន្ធ បានប្រាប់ VOA តាមសារអេឡិចត្រូនិកអ៊ីមែលថា អ្នកស្រី ខេមរី គឺជាមេដឹកនាំម្នាក់ក្នុងសហគមន៍ជនភៀសខ្លួន និងជនអន្តោប្រវេសន៍នៅតំបន់ Chicago នេះអស់ជាងមួយទសវត្សរ៍មកហើយ ជាពិសេសគឺសហគមន៍ខ្មែរអាមេរិកាំង ដោយធ្វើជាអ្នកដឹកនាំយុវជនក្នុងសហគមន៍ជនអន្តោប្រវេសន៍។
លោកស្រីបានសរសេរក្នុងខ្លឹមសារដើមជាភាសាអង់គ្លេស និងបកប្រែជាខេមរភាសាថា៖ «ឥឡូវនេះ ក្នុងនាមជាសមាជិកនៃមន្ត្រីសាធារណៈដែលជាប់ឆ្នោត អ្នកស្រី ខេមរី ឃឿន នឹងតំណាងឲ្យសំឡេងមួយរបស់សហគមន៍ខ្មែរអាមេរិកាំងក្នុងរដ្ឋអ៊ីលីណយ និងទូទាំងសហរដ្ឋអាមេរិក»។
មកទល់ពេលនេះ អ្នកស្រី ខេមរី ឃឿន និងក្រុមគ្រួសារ រួមមានកូនពីរនាក់ បានរស់នៅក្នុងសង្កាត់ Skokie ជាង១២ឆ្នាំមកហើយ។ ស្របពេលជាមួយគ្នានេះ អ្នកស្រី ខេមរី ក៏កំពុងបម្រើការងារពេញម៉ោងជាអ្នកជំនាញខាងសុខភាពម្នាក់ ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខាងសុខភាពឈ្មោះ HealthJoy ដែលនាំមុខគេនៅតំបន់ Chicago។
ផ្សារភ្ជាប់ជំនាន់ពីរនៃជនភៀសខ្លួនខ្មែរ
អ្នកស្រី ខេមរី ឃឿន មានអាយុប្រមាណ៦ខែប៉ុណ្ណោះ នៅពេលដែលក្រុមគ្រួសាររបស់អ្នកស្រី ត្រូវបានរដ្ឋាភិបាលអាមេរិកទទួលយកជាជនភៀសខ្លួនមករស់នៅតំបន់ជាយទីក្រុង Chicago នៅពាក់កណ្តាលទសវត្សរ៏១៩៨០។ អ្នកស្រី ខេមរី បានកើតនៅជំរុំខាវអ៊ីដាង ប្រទេសថៃ នៅពេលដែលឪពុកម្តាយរបស់អ្នកស្រីបានរត់ភៀសខ្លួនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ពីស្រុកកំណើតនៅស្រុកកំពង់ក្តី ខេត្តសៀមរាប ទៅកាន់ជំរុំជនភៀសខ្លួននៅក្នុងប្រទេសថៃ។
អ្នកស្រី ខេមរី ឃឿន បានរៀនចប់ថ្នាក់មហាវិទ្យាល័យខាងផ្នែកកិច្ចការសង្គមពីសាកលវិទ្យាល័យ Loyola University Chicago។ ក្រោយពីបញ្ចប់ការសិក្សា អ្នកស្រី ខេមរី បានប្រឡូកក្នុងសហគមន៍ខ្មែរ និងសហគមន៍ជនអន្តោប្រវេសន៍ជាច្រើននៅក្នុងតំបន់ ដោយបានចូលបម្រើការងារជាអ្នកដឹកនាំយុវជននៃសមាគមខ្មែរប្រចាំរដ្ឋអ៊ីលីណយ និងជាអ្នករៀបចំឲ្យសហគមន៍អាស៊ីអាមេរិកាំងប្រចាំរដ្ឋអ៊ីលីណយ បានមួយរយៈពេលផងដែរ។
ដោយសារឆ្លងកាត់បទពិសោធន៍ជាកុមារជនភៀសខ្លួន អ្នកស្រី ខេមរី ឃឿន បានយកចិត្តទុកដាក់ច្រើនក្នុងការផ្សារភ្ជាប់ជំនាន់ទី១នៃជនភៀសខ្លួនខ្មែរ និងក្មេងៗជំនាន់ក្រោយនៅតំបន់ Chicago នេះ ដែលជាកូនចៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ឲ្យស្វែងយល់ពីគ្នាទៅវិញទៅមក។ នេះបើយោងតាមអ្នកនាង អ៊ីលីហ្សាប៊ែត កែវ (Elizabeth Keo) ដែលជាពលរដ្ឋខ្មែរអាមេរិកាំងជំនាន់ទី២ដែលកើតនៅសហរដ្ឋអាមេរិក និងជាសកម្មជនក្នុងសហគមន៍ម្នាក់បម្រើការងារនៅសារមន្ទីរខ្មែរប្រចាំទីក្រុង Chicago។
អ្នកនាង អ៊ីលីហ្សាប៊ែត កែវ បានលើកឡើងថា៖ «ខេមរី យកចិត្តទុកដាក់អំពីបញ្ហាពាក់ព័ន្ធនឹងគ្រប់ជំនាន់នៃសហគមន៍ខ្មែរ។ នាងបានពិភាក្សាច្រើនអំពីកិច្ចការដែលយើង ក្នុងនាមជាអ្នកជំនាន់ថ្មី អាចចូលរួមធ្វើក្នុងសហគមន៍ និងដោះស្រាយបញ្ហាដែលយើងកំពុងមាន»។
លោកស្រី វ៉ានី វ៉ែល (Vany Wells) ប្រធានក្រុមប្រឹក្សានៃសារមន្ទីរខ្មែរប្រចាំទីក្រុង Chicago រដ្ឋអ៊ីលីណយ (National Cambodian Heritage Museum and Killing Field Memoral) ក៏បានប្រាប់ VOA ផងដែរថា អ្នកស្រី ខេមរី គឺជាស្ត្រីដែលមានសមត្ថភាព និងមានការតស៊ូខ្ពស់។ បើទោះបីជាមានកូនពីរនាក់ក្រោមបន្ទុកក្តី ក៏អ្នកស្រី ខេមរី មានការងារពេញម៉ោង ហើយចូលស្ម័គ្រចិត្តបម្រើការងារសាធារណៈដោយមិនទទួលបានប្រាក់កម្រៃអ្វីឡើយ។
លោកស្រី វ៉ានី បានប្រាប់ VOA ថា៖ «ខ្ញុំបានកត់សម្គាល់ថា ខេមរី គឺជាមនុស្សដែលយកចិត្តទុកដាក់នឹងអ្នកដទៃ ហើយមានសមត្ថភាពខ្ពស់។ ជាមួយគ្នានោះ នាងមានទឹកចិត្តខ្លាំងក្នុងការរួបរួមសហគមន៍»។
អ្នកស្រី ខេមរី ឃឿន បានចូលរួមសកម្មក្នុងសហគមន៍ខ្មែរនៅតំបន់ទីក្រុង Chicago បានមួយរយៈពេលកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដោយបានក្លាយជាសមាជិកម្នាក់នៃក្រុមប្រឹក្សាសមាគមខ្មែរ (Cambodian Association of Illinois)។ ក៏ប៉ុន្តែ ក្នុងរយៈពេលជាងមួយឆ្នាំថ្មីៗនេះ អ្នកស្រី ខេមរី ឃឿន ក៏ត្រូវបានជ្រើសតាំងជាអនុប្រធានក្រុមប្រឹក្សាសារមន្ទីរខ្មែរប្រចាំទីក្រុង Chicago។
តំណាងឲ្យសំឡេងសហគមន៍ខ្មែរក្នុងតំបន់
ការចូលបម្រើជាមន្ត្រីក្នុងវិស័យសាធារណៈនៅសហរដ្ឋអាមេរិក មិនមែនជាជម្រើសដែលពលរដ្ឋខ្មែរអាមេរិកាំងជាច្រើននាក់នឹងពិចារណានោះទេ។ នេះបើយោងតាមការលើកឡើងរបស់ពលរដ្ឋខ្មែរអាមេរិកាំងក្នុងសហគមន៍រដ្ឋអ៊ីលីណយ។ ក៏ប៉ុន្តែ ការជាប់ឆ្នោតរបស់អ្នកស្រី ខេមរី ឃឿន ក្លាយជាសមាជិកក្រុមអភិបាលគ្រប់គ្រងសួនឧទ្យានប្រចាំសង្កាត់ Skokie បានទាក់ទាញការយកចិត្តទុកដាក់របស់ពលរដ្ឋអាមេរិកាំងផ្សេងទៀតមកលើវិស័យសាធារណៈ។
លោកស្រី វ៉ានី វ៉ែល បានប្រាប់ VOA ថា៖ «នៅពេលដែលខ្ញុំបានប្រាប់បងប្អូនក្នុងសហគមន៍ថា ខេមរី គឺជាខ្មែរអាមេរិកំាងដំបូងគេដែលបានជ្រើសតាំងជាមន្ត្រីបម្រើក្នុងវិស័យសាធារណៈ ពួកគេក៏ចាប់ផ្តើមយកចិត្តទុកដាក់។ ខ្ញុំគ្រាន់តែសង្ឃឹមថា អ៊ំ លោកយាយ និងលោកតា នឹងស្វែងយល់បន្ថែមអំពីវិស័យនយោបាយ»។
សមាជិកក្នុងសហគមន៍ខ្មែរមួយចំនួន រួមទាំងលោកស្រី វ៉ានី បានជួយជ្រោមជ្រែង និងចូលរួមធ្វើយុទ្ធនាការឈរឈ្មោះបោះឆ្នោតរបស់អ្នកស្រី ខេមរី ឃឿន រហូតដល់បានជោគជ័យ ដើម្បីជួយឲ្យសហគមន៍ខ្មែរមានតំណាង និងមានសំឡេងកាន់តែខ្លាំងឡើងក្នុងរដ្ឋ។
លោក លឿង សុភ័ណ្ឌ ដែលជាប្រធានសមាគមខ្មែរប្រចាំរដ្ឋអ៊ីលីណយ (Cambodian Association of Illinois) បានប្រាប់ VOA ថា លោកពិតជារីករាយដែលបានឃើញស្ត្រីខ្មែរអាមេរិកាំងម្នាក់ ជាប់ឆ្នោតចូលបម្រើវិស័យសាធារណៈ បើទោះបីជាការងារនេះមិនទទួលបានប្រាក់កម្រៃក៏ដោយ។ ហើយលោកក៏យល់ថា ការណ៍នេះនឹងជួយលើកកម្ពស់សំឡេង និងតម្រូវការរបស់សហគមន៍។
លោកបានរៀបរាប់ថា៖ «ខ្ញុំសង្ឃឹមថា ការងារស្ម័គ្រចិត្តថ្មីរបស់ខេមរី នឹងអាចស្វែងរកការឧបត្ថម្ភមកដល់សហគមន៍»។
លោកស្រី វ៉ានី វ៉ែល ក៏បានបន្ថែមដែរថា៖ «ឥឡូវនេះ យើងមានសំឡេងតំណាងហើយ។ បើទោះបីជាវាមិនទាន់ជាសំឡេងដ៏ធំមួយក្តី ក៏នេះជាសំឡេងតូចមួយ ដែលយើងមាន»។
រីឯអ្នកនាង អ៊ីលីហ្សាប៊ែត កែវ យល់ថា ការណ៍ដែលមានស្ត្រីខ្មែរអាមេរិកាំងម្នាក់ ហ៊ានឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតក្នុងសហគមន៍ ហើយបានទទួលជ័យជម្នះនេះ បានបើកផ្លូវ និងលើកទឹកចិត្តឲ្យស្ត្រីខ្មែរអាមេរិកាំងផ្សេងទៀត យកគំរូតាម។
អ្នកនាង អ៊ីលីហ្សាប៊ែត បាននិយាយថា៖ «ការណ៍នេះគឺបានបើកផ្លូវដល់ស្ត្រីក្មេងៗដទៃទៀត ហើយជាមួយគ្នានោះ ខេមរី ពិតជាគំរូដល់សហគមន៍យើង ឲ្យយើងដឹងថា យើងអាចធ្វើបាន ហើយយើងនឹងធ្វើបាន»។
រីឯអ្នកស្រី ខេមរី ឃឿន បានប្រាប់ VOA ថា នេះគឺជាឱកាសដ៏ពិសេសមួយសម្រាប់អ្នកស្រី ក្នុងការឈរជាតំណាងឲ្យសំឡេងឲ្យសហគមន៍ខ្មែរ ក៏ដូចជាសហគមន៍ជនជាតិភាគតិចមកពីជាតិសាសន៍ផ្សេងទៀតក្នុងតំបន់ទីក្រុង Chicago។
អ្នកស្រី ខេមរី បានលើកឡើងថា៖ «ខ្ញុំគឺជាស្ត្រីខ្មែរអាមេរិកាំងដំបូងគេបង្អស់ដែលបានជាប់ឆ្នោត ក៏ប៉ុន្តែ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមែនជាស្ត្រីខ្មែរចុងក្រោយគេ[ដែលចូលបម្រើការងារវិស័យសាធារណៈ]ដែរ។ ដូច្នេះ គោលបំណងរបស់ខ្ញុំ គឺលើកកម្ពស់តំណាងរបស់សហគមន៍ខ្មែរយើង ដើម្បីឲ្យលើកទឹកចិត្តឲ្យខ្មែរយើងដទៃទៀតយល់ថា យើងអាចធ្វើបាន ហើយយើងទាំងអស់គ្នាគួរតែព្យាយាមគាំទ្រគ្នាទៅវិញទៅមក»។
តាមរយៈជោគជ័យឈ្នះការបោះឆ្នោត ចូលបម្រើការងារជាមន្ត្រីសាធារណៈក្នុងសង្កាត់ក្នុងវ័យដ៏ក្មេងម្នាក់ អ្នកស្រី ខេមរី ឃឿន ក៏រំពឹងថា ការសម្រេចបាននេះ នឹងបង្ហាញឲ្យកូនស្រីអាយុ៦ឆ្នាំរបស់អ្នកស្រី បានដឹងថា នៅពេលដែលនាងធំដឹងក្តីឡើង នាងនឹងអាចសម្រេចការងារជាអ្នកដឹកនាំបាន ដូចអ្នកស្រីដែរ៕