ឃ្លាំងផ្ទុកទំនិញមួយនៅទីក្រុង Oakland រដ្ឋ California ដែលត្រូវបានគេកែច្នៃឲ្យទៅជាស្ទូឌីយោបែបសិល្បៈ បានឆេះកាលពីល្ងាចថ្ងៃសុក្រ។ អគារនេះមិនមានប័ណ្ណអនុញ្ញាតឲ្យប្រើប្រាស់ជាកន្លែងសម្រាប់រស់នៅ ឬសម្រាប់កម្សាន្តនោះទេ។
តួលេខអ្នកស្លាប់នៅក្នុងអគ្គីភ័យនោះបានកើនដល់២៤នាក់ហើយគិតមកត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ហើយតួលេខនេះអាចកើនដល់៤០នាក់ ខណៈដែលក្រុមអ្នកស៊ើបអង្កេតកំពុងបន្តស្វែងរកជនរងគ្រោះបន្ថែមទៀតនៅក្នុងអគារដែលបានរៀបចំពិធីរាំរែកនោះ។
អាជ្ញាធរបាននិយាយថា មកទល់នឹងពេលនេះ ក្រុមការងារស្វែងរកទើបតែបានចូលប្រតិបត្តិការក្នុងអគារនោះប្រហែល២០ភាគរយប៉ុណ្ណោះ។ មន្ត្រីពន្លត់អគ្គីភ័យម្នាក់ដែលមានឈ្មោះថា Melinda Dayton បាននិយាយសម្តីដើមថា «ដំណើរការស្វែងរកនេះនឹងត្រូវចំណាយពេលយូរនិងមានការលំបាក ប៉ុន្តែយើងចង់ឲ្យប្រាកដថា យើងគោរពជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ ហើយនិងសុវត្ថិភាពរបស់ក្រុមការងារពន្លត់អគ្គីភ័យផងដែរ»។
នៅយប់ថ្ងៃកើតហេតុ មានកម្មវិធីរាំរែកកំពុងប្រព្រឹត្តទៅ។ ក្រុមមន្ត្រីបាននិយាយថា មធ្យោបាយតែមួយគត់គេមនុស្សម្នាអាចចុះពីជាន់ទី២បានគឺតាមរយៈជណ្តើរជើង ដែលធ្វើឡើងពីឈើសុទ្ធ។
ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ជនរងគ្រោះជាច្រើនស្ថិតក្នុងវ័យ២០និង៣០ឆ្នាំ។
លោកស្រី Teresa Deloche-Reed ប្រធានទីភ្នាក់ងារពន្លត់អគ្គីភ័យនៅទីក្រុង Oakland បាននិយាយថា មនុស្សយ៉ាងហោចណាស់ចំនួន២៥នាក់មិនស្ថិតក្នុងចំណោមជនរងគ្រោះនៅក្នុងហេតុការណ៍ដែលអាជ្ញាធរហៅថាជាអគ្គីភ័យឆេះអគារដ៏ប្រល័យបំផុតនៅក្នុងទីក្រុងនេះ នាពេលថ្មីៗនេះទេ។
អាជ្ញាធរនៅមិនទាន់កំណត់បាននៅឡើយទេ អំពីមូលហេតុដែលធ្វើអគ្គីភ័យនេះឆាបឆេះឡើងនៅក្នុងអគាររាយប៉ាយ ដែលមិនមានបំពាក់ឧបករណ៍បាញ់ទឹកនេះ។
មន្ត្រីត្រួតពិនិត្យអគ្គីភ័យត្រូវបានគេទូរស័ព្ទឲ្យទៅពិនិត្យកន្លែងកើតហេតុ។
ប្រធានកងវរសេនាតូច លោកស្រី Lisa Baker បានថ្លែងប្រាប់កាសែត East Bay Times ថា ដើម្បីពន្លត់អគ្គីភ័យនោះ គេត្រូវការក្រុមការងារពន្លត់អគ្គីភ័យចំនួន៥៥នាក់និងចំណាយពេលវេលាអស់ប្រហែល៤ម៉ោង៕