ក្រុមគ្រួសាររបស់អតីតប្រធានាធិបតីអាមេរិកលោក George Herbert Walker Bush នឹងរៀបចំពិធីបុណ្យសពជាលក្ខណៈឯកជនជូនលោកនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទីក្រុង Houston រដ្ឋ Texas ដែលជាទីក្រុង ដែលលោកចាត់ទុកថាជា ស្រុកកំណើត។
យន្តហោះដែលដឹកសពរបស់លោក George H. W. Bush ពីរដ្ឋធានីវ៉ាស៊ីនតោន បានធ្វើដំណើរទៅដល់ទីក្រុង Houston កាលពីយប់ថ្ងៃពុធម្សិលមិញ ហើយសពរបស់លោកត្រូវបានបញ្ជូនទៅកាន់ព្រះវិហារគ្រិស្តសាសនា St. Martin's Episcopal។ នៅទីនោះ សពរបស់លោកត្រូវតម្កល់មួយយប់ ដូច្នេះសាធារណជនអាចមកមើលសពរបស់លោក។
បន្ទាប់ពីពិធីបុណ្យសពជាលក្ខណៈឯកជននៅថ្ងៃព្រហស្បតិ៍នេះបញ្ចប់ទៅ សពរបស់លោក George H. W. Bush នឹងត្រូវបញ្ជូនតាមរថភ្លើងពិសេសចម្ងាយ ១២០ គីឡូម៉ែត្រទៅកាន់ទីក្រុង College Station នៅភាគខាងជើង ដើម្បីបញ្ចុះសពរបស់លោកនៅឯបណ្ណាល័យប្រធានាធិបតីក្នុងបរិវេណសាកលវិទ្យាល័យ Texas A&M។
សពរបស់លោកនឹងត្រូវបញ្ចុះជិតសពរបស់ភរិយាលោកគឺលោកស្រី Barbara ដែលបានស្លាប់កាលពីដើមឆ្នាំនេះ និងសពកូនស្រីរបស់លោកឈ្មោះ Robin ដែលបានស្លាប់ដោយសារជំងឺមហារីកឈាមកាលពីនៅក្មេង។ លោក Goerge H. W. Bush និងភរិយារបស់លោកបានរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធបាន ៧៣ ឆ្នាំ។
កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីអាមេរិក ៥ រូប បានមកចូលរួមពិធីបុណ្យសពរបស់លោកអតីតប្រធានាធិបតី George H. W. Bush នៅមហាព្រះវិហារគ្រិស្តសាសនាជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក George H. W. Bush បានទទួលមរណភាពកាលពីថ្ងៃសុក្រសប្ដាហ៍មុនក្នុងជន្មាយុ ៩៤ ឆ្នាំ នៅក្នុងរដ្ឋ Texas៕