ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយ​ខ្លាច​មនុស្ស​វាយធ្វើបាប ចោរលួច​គាស់​ហាង​ម្នាក់​បាន​ទូរសព្ទ​ហៅ​ប៉ូលិស​ឱ្យ​ជួយ


រូបឯកសារ៖ ផែនទីនៃប្រទេស​បង់ក្លាដែស។
រូបឯកសារ៖ ផែនទីនៃប្រទេស​បង់ក្លាដែស។

ចោរជំនាញ​ខាង​គាស់ទ្វារ​ផ្ទះម្នាក់​នៅក្នុង​ប្រទេស​បង់ក្លាដែស បាន​បញ្ចប់​អាជីព​របស់​ខ្លួន​ នៅ​ពេល​ដែល​ចោរ​នេះ​ បានទូរសព្ទហៅ​ប៉ូលិស ហើយរាយកាណ៍​ប្រាប់​ពី​បទ​ល្មើសរបស់​ខ្លួន​ នៅ​ពេល​ដែលក្រុមមនុស្ស​ដែល​ខឹង​សម្បា​បាន​ចាប់​ចោរ​រូប​នោះ​ ​ក្នុង​ពេល​កំពុង​ធ្វើ​សកម្មភាពចូលគាស់​ហាង​មួយ។​ នេះបើតាម​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ជន​ល្មើស​ឈ្មោះ Yasin Khan អាយុ​៤០​ឆ្នាំ​ បាន​គាស់​ហាង​លក់​គ្រឿង​ទេស​មួយ​កន្លែងនៅ​ក្នុង​ទីក្រុង Barisal ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​បង់ក្លាដែស​កាល​ពី​ព្រឹក​ថ្ងៃ​ពុធដើម្បី​លួច​ទំនិញ។ នេះបើតាម​ការ​ឱ្យ​ដឹង​របស់​ប្រធាន​ប៉ូលិស​លោក Asad uz Zaman។

លោក Zaman បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​សុក្រ​នេះថា​ «នៅ​ពេល​ដែល​ចោររូប​នេះ​លួច​យកទំនិញ​ក្នុង​ហាង​រួចហើយ ហើយ​បម្រុង​ចេញ​ទៅ​ក្រៅ​វិញ​ ក៏ដល់​ពេល​ភ្លឺ​ល្មម ដែល​មនុស្សម្នា​ងើប​ពី​ដំណេក​ ហើយ​មក​ផ្សារ​ទិញ​ទំនិញ​»។

ដោយ​ភ័យខ្លាច​ក្រុមមនុស្សដែល​មាន​ការ​ខឹងសម្បា​នៅ​ខាង​ក្រៅ​ និង​បារម្ភពី​អំពើហិង្សា​ដែល​អាច​កើត​មាន​ទៅ​លើ​ខ្លួន​នោះ​ ចោររូប​នេះ​ក៏​បាន​ហៅទូរសព្ទតាម​ខ្សែ​សង្គ្រោះ​បន្ទាន់​មួយ​ទៅ​កាន់​ប៉ូលិស​ ដើម្បីអង្វរប៉ូលិស​ឱ្យមក​ជួយខ្លួន។​

​លោក Zaman បាន​និយាយ​ថា​ «យើង​បាន​ទៅ​ដល់​ហាង​ទំនិញ​នោះហើយ​នាំគាត់​មក​កាន់​ប៉ុស្តិ៍ប៉ូលិស​ មុន​ពេល​ដែល​ហ្វូងមនុស្ស​អាចប៉ះពាល់គាត់បាន»។

មេប៉ូលិស​រូប​នេះ​និយាយ​ថា​ «ខ្ញុំមិន​ដែល​ឃើញ​ករណី​បែបនេះ​កើត​ឡើង​ទេ​ នៅ​ក្នុង​អាជីពការងារ​របស់ខ្ញុំ»៕

XS
SM
MD
LG